• 2018-11-25 02:34:36
  • កីឡា​ផ្សេង​ៗ

សម្រេច​ម្សិល​មិញ​ កម្ពុជា​បាន​កីឡា​ខ្លាំង​៦​ប្រភេទ​សម្រាប់ស៊ីហ្គេម២០១៩

  • 2018-11-25 02:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ធំ​ប្រចាំ​តំបន់​អាស៊ាន​ដែល​មាន​​២​ឆ្នាំ​ម្តង​ Sea Games បាន​សម្រេច​ដាក់​កីឡា​​៥៦​ប្រភេទ​​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​ដែល​ប្រទេស​ហ្វីលីពីន​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ។

ឯកឧត្តម វ៉ាត់ ចំរើន (រូបថត៖ វ៉ាត់ ចំរើន)

តាម​ការ​​ឲ្យ​ដឹង​ពី​ឯក​ឧត្តម វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ចុង​ក្រោយ​បំផុត​ដើម្បី​ត្រៀម​ SEA​ Games​ លើក​ទី​៣០​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ពី​ថ្ងៃ​ទី​២៣​-២៤ ខែ​វិច្ឆិកា​ ២០១៨​​នេះ​បាន​សម្រេច​៖

ទី១៖ ម្ចាស់​ផ្ទះ​​ហ្វីលីពីន​សម្រេច​ចុង​ក្រោយ​ជា​ផ្លូវការ​ដាក់​ចំនួន​៥៦​ប្រភេទ​កីឡា​។

ទី​២៖ ចំនួន​វិញ្ញាសា​​វិញ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ គឺ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​នឹង​ប្រកាស​​​​នៅ​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ២០១៨ ដោយ​យក​មូលដ្ឋាន​​នៃ​ការ​ស្នើ​សុំ​ពី​​គណៈកម្មាធិការ​អូឡាំពិក​ជាតិ​(NOC)​​​ពី​ប្រទេស​នីមួយ​ក្នុង​អាស៊ាន។

ទី​៣៖ ព្រឹត្តិការណ៍​កីឡា​ SEA Games 2019 ​នឹង​បើក​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១១​ ខែ​ធ្នូ។

ក្នុង​ចំណោម​៥៦​ប្រភេទ​កីឡា​ឃើញ​ថា​ កីឡា​មួយ​ចំនួន​របស់​កម្ពុជា​សុទ្ធ​តែ​មាន​សក្ដានុពល​​សង្ឃឹម​ទទួល​បាន​មេដាយ​ច្រើន។ ជាក់​ស្តែង​កីឡា​ តេក្វាន់ដូ​ ប៉េតង់​ វ៉ូវីណាម​ ជឺជិតស៊ូ​ ស្នូឃ័រ​ (ប្រភេទ​Billiards) សូហ្វតិន្នីស​។ ប្រភេទ​កីឡា​ទាំង​នេះ​​ កម្ពុជា​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​មេដាយ​កម្រិត​អាស៊ី​ និង​ពិភព​លោក។

ស៊ន សៀវម៉ី ជា​កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា​តែង​ទទួល​បាន​មេដាយ​កម្រិត​តំបន់​ និង​​អាស៊ី​ជូន​កម្ពុជា។ វីរនារី កែវ ឡេង អ៊ុក ស្រីមុំ និង​កីឡាករ សុខ ចាន់មាន ជា​ដើម្បី​សុទ្ធ​តែ​ម្ចាស់​មេដាយ​មាស​ប៉េតង់​កម្រិត​ពិភព​លោក។ បើ​និយាយ​ពី​កីឡាករ​ កីឡាការិនី​វ៉ូវីណាម​វិញ​គឺ​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ និង​អាស៊ី​ជា​ច្រើន​គ្រឿង​រួច​មហើយ​ ខណៈ​កីឡា​​ថ្មី​សម្រាប់​កម្ពុជា​គឺ​ជឺជិតស៊ូ កីឡា​ការិនី​ខ្មែរ​-អាមេរិក ចាន់ ចេសា​ទើប​ឈ្នះ​មេដាយ​មាស​អាស៊ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ កីឡាការិនី​ខ្មែរ​នៅ​កូរ៉េ​ ស្រុង ភាវី​ ក៏​លេច​ធ្លោ​កម្រិត​ពិភព​លោក​ផ្នែក​កីឡា​ស្នូឃ័រ។

ជា​មួយ​គ្នា​ប្រភេទ​កីឡា​បាល់ទាត់​ កិច្ច​ប្រជុំ​ក៏​បាន​សម្រេច​ឯកភាព​គ្នា​ដាក់​កម្រិត​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ។

កិច្ច​ប្រជុំ (រូបថត៖ វ៉ាត់ ចំរើន)

តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​ វ៉ាត់ ចំរើន​ថា សម្រាប់​កីឡា​​ SEA Games 2019 ​នៅ​ប្រទេស​ហ្វីលីពីន​ និង​ SEA Games 2021 នៅ​ប្រទេស​វៀតណាម​គឺ​គោលដៅ​យុទ្ធ​សាស្ត្រ​សម្រាប់​កម្ពុជា​វាយ​តម្លៃ​គុណផល​​ដើម្បី​ឆ្ពោះ​ទៅ​ឆ្នាំ​​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់