- 2018-07-02 11:03:05
- បាល់ទាត់
Costa ត្រូវបានបង្ខំឲ្យធ្វើរឿងពីរ ពេលត្រលប់មក Atletico វិញ ដើម្បីបញ្ចុះគីឡូ
- 2018-07-02 11:03:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Costa ត្រូវបានបង្ខំឲ្យធ្វើរឿងពីរ ពេលត្រលប់មក Atletico វិញ ដើម្បីបញ្ចុះគីឡូ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Diego Costa បានទៅចូលរួមជាមួយ Atletico Madrid វិញកាលពីខែកញ្ញា ឆ្នាំ ២០១៧ និងបានក្លាយជាកីឡាករផ្លូវការរបស់ក្លឹប នៅខែមករា ឆ្នាំ ២០១៨។ យ៉ាងនេះក្ដី ក្នុងអំឡុងពេលនោះ កីឡាករបានជួបបញ្ហាលើសគីឡូ ហើយត្រូវបានគ្រូបង្វឹកផ្នែកកាយសម្បទា រៀបចំឲ្យធ្វើវិធីពីរយ៉ាង ដើម្បីបញ្ចុះគីឡូ។
វិធីទាំងនោះរួមមាន ការកាត់បន្ថយការទទួលទានសាច់ និងការធាក់កង់ហាត់ប្រាណ។ វិធីទីមួយមិនចម្លែកឡើយ ប៉ុន្តែវិធីទីពីរគឺ ធ្វើឡើងចំពោះមុខមិត្តរួមក្រុមរបស់កីឡាករអេស្ប៉ាញតែម្ដង។
បើតាមការរាយការណ៍របស់ The Sun កាលនោះ ខ្សែប្រយុទ្ធ Costa ត្រូវបានរៀបចំឲ្យធាក់កង់ហាត់ប្រាណ នៅ Touchline (ក្រៅទីលានវាលស្មៅ) ខណៈពេលមិត្តរួមក្រុមកំពុងលេងបាល់ ៥ ស្មើ (Five-a-side Games) និងហ្វឹកហាត់លេងស្វាដណ្ដើមបាល់។ លើសពេលនេះ Costa ត្រូវបានណែនាំឲ្យបន្តហាត់ម្នាក់លើកង់ហាត់ប្រាណនោះទៀត នៅក្រោមក្រសែភ្នែកមិត្តរួមក្រុមរបស់ខ្លួន នៅពេលពួកគេសម្រាកពីការហ្វឹកហាត់ហើយនោះ។ បើតាមប្រភពដដែល ការហ្វឹកហាត់បែបនេះ មិនត្រឹមតែជួយឲ្យកីឡាករស្រកទម្ងន់ទេ តែក៏ជួយពង្រឹងផ្នែក "ចិត្តសាស្ត្រ" របស់កីឡាករអេស្ប៉ាញមានដើមកំណើតប្រេស៊ីលរូបនេះផងដែរ។
ខ្សែប្រយុទ្ធ Costa លេងឲ្យ Atletico ពីឆ្នាំ ២០១០-២០១៤ មុនពេលចាកចេញទៅ Chelsea។ នៅក្លឹបឡុងដុង កីឡាករបានឈ្នះ Premier League ចំនួន ២ លើក (រដូវកាល ២០១៤/១៥ និង ២០១៦/១៧)។ យ៉ាងនេះក្ដី ការឈ្លោះគ្នាជាមួយអ្នកចាត់ការ Antonio Conte នាពាក់កណ្ដាលឆ្នាំ ២០១៧ ធ្វើឲ្យទំនាក់ទំនងកីឡាករ និងក្លឹបអង់គ្លេសមួយនេះ ដើរដល់ទៅផ្លូវបំបែក។
តាំងពីត្រលប់ទៅចូលរួម Atletico Madrid វិញ Diego Costa បានស៊ុតចូលសរុប ៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣ លើក៕