• 2018-06-29 07:33:17
  • ព័ត៌មាន

កីឡា​ការិនី​ឆ្នើម​ ស្រួង​ ភាវី​​ និយាយ​សំដី​គួរ​ឲ្យ​​សរសើរ​ព្រឹក​មិញ​​​

  • 2018-06-29 07:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា​បាន​ប្រកាស​សុពលភាព​អាណត្តិ​ទី​១​​ជា​ផ្លូវ​ការ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​នេះ​នៅ​ទី​ស្នាក់​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​​ក្នុង​នោះ​​កីឡា​ការិនី​ស្នូក​ឃ័រ​ឆ្នើម​កម្ពុជា​ ស្រួង ភាវី​ ក៏​មាន​វត្តមាន​ដែរ។

មហាសន្និបាត

ស្រួង​ ភាវី​​ ជា​នារី​ខ្មែរ​ម្នាក់​គត់​កំពុង​ល្បី​ល្បាញ​នៅ​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​​រំភើប​​រីក​រាយ​​ដែល​បាន​​ក្លាយ​ជា​សមាជិក​នៃ​សហព័ន្ធ​ម្នាក់​។ កីឡា​ការិនី​ខ្មែរ​ល្បី​នៅ​ក្រៅ​ស្រុក​រូប​នេះ​បាន​ប្តេជ្ញា​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ជួយ​ដល់​កីឡា​ប៊ីយ៉ា​ និង​ស្នូក​ឃ័រ​ឲ្យ​រីក​ចម្រើន​ និង​មាន​សិទ្ធិ​ស្មើ​មុខ​មាត់​​លើ​ឆាក​អន្តរជាតិ​ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ផ្សេង​ៗ។

កីឡាការិនី ស្រួង ភាវី

ស្រួង​ ភាវី ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​បាន​​​លើក​ឡើង​សំដី​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នៅ​ចំពោះ​មុខ​​មហាសន្និបាត​ថា​ ៖«យើង​ជា​ស្ត្រី​ខ្មែរ​ត្រូវ​រឹង​មាំ​​ដើម្បី​ជាតិ! ជយោ​កម្ពុជា»។ ការ​លើក​ឡើង​បែប​នេះ​​ហាក់​ដូច​ជា​ត្រូវ​នឹង​ខ្សែ​ជីវិត​របស់​គាត់​ដែល​បាន​រៀប​ការ​ជា​មួយ​បុរស​ជាតិ​កូរ៉េ​ និង​បាន​តស៊ូ​​ពី​ចំណុច​សូន្យ​លើ​ទឹក​ដី​ប្រទេស​ទី​២​រហូត​ក្លាយ​ជា​នារី​ម្នាក់​ដែល​មាន​តម្លៃ​សម្រាប់​ជាតិ។ ខ្សែ​ជីវិត​តស៊ូ​របស់​កីឡា​ការិនី​​​កម្ពុជា​​​រូប​នេះ​​ជា​គំរូ​ និង​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​នារី​ខ្មែរ​ផ្សេង​ៗ​ឲ្យ​ប្រឹង​ប្រែង​តស៊ូ​ក្នុង​ឆាក​ជីវិត។

ឯក​ឧត្តម​ វ៉ាត់​ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​កោត​សរសើរ​ចំពោះ​ការ​ប្រឹង​ប្រែង​របស់​កីឡា​ការិនី​ ស្រួង ភាវី​ ដែល​​បាន​តស៊ូ​​ពី​នារី​សាមញ្ញ​ម្នាក់​​ក្លាយ​ជា​កីឡា​ការិនី​ឆ្នើម​លំដាប់​អន្តរជាតិ​ និង​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​សមត្ថភាព​កូន​ខ្មែរ។ ជា​ពិសេស​ទៀត​នោះ​គឺ​​​បន្ទាប់​ពី​ល្បី​ហើយ​ ភាវី​​​​​​បាន​កំពុង​ប្រែង​ប្រែង​ដើម្បី​ជួយ​កីឡា​ប្រភេទ​នេះ​ឲ្យ​រីក​ចម្រើន​នៅ​ស្រុក​ខ្មែរ​ថែម​ទៀត។

ឯកឧត្តម វ៉ាត់ ចំរើន

តាម​ពិត​ទៅ​ ស្រួង ភាវី​ បាន​រស់​នៅ​ប្រទេស​កូរ៉េ​ជា​ច្រើន​ឆ្នាំ​ដែល​មាន​​លទ្ធភាព​ដើម្បី​ចូល​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ ប៉ុន្តែ​កីឡា​ការិនី​រូប​នេះ​មិន​ចូល​សញ្ជាតិ​កូរ៉េ​ឡើយ​ដោយ​នាង​ចង់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ​និង​លើក​ទង់​ជាតិ​ខ្មែរ​​លើ​ឆាក​អន្តរជាតិ​ក្នុង​នាម​ជា​នារី​ខ្មែរ។

លោក​ ជុំ កុសល​ ប្រធាន​សហព័ន្ធ​កីឡា​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា​អាណត្តិ​ទី​១​នេះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សហព័ន្ធ​ប្រកាស​សុពលភាព​ភ្លាម​ ឯក​ឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត​បាន​​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ទ្រទ្រង់​ និង​ដំណើរ​សហព័ន្ធ​ឲ្យ​កីឡា​នេះ​រីក​ចម្រើន។

លោក ជុំ កសល និងឯកឧត្តម វ៉ាត់ ចំរើន ព្រម​ទាំង​សមាជិក​ប្រតិបត្តិ

សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា​​

  • លោក​ ជុំ កុសល ជា​ប្រធាន
  • លោក​បណ្ឌិត​ ឌួង លាង​ អនុ​ប្រធាន​ទី​១
  • លោក​ឧកញ៉ា​ សៅ វល័ក្ខណ៍ អនុ​ប្រធាន​ទី​២
  • លោក​ មួន​ ម៉ារ៉ា​ អគ្គលេខាធិការ
  • លោក​ យឺន ពន្លក​ អគ្គលេខាធិការ​រង
  • លោក​ សុខ ទី​ អគ្គហេរញ្ញិក
  • លោក​មេធាវី​ ភិន ឈុនទៀង សមាជិក
  • លោក​ស្រី​ ស្រួង​ ភាវី​ ​សមាជិក
  • លោក​ ឆាយ បញ្ញា សមាជិក
  • លោក​ នួន រតនៈ សមាជិក
  • លោក​ ជា វ៉ាន់សាន្ត ​សមាជិក
  • លោក​ សែម សុវ័ន​ សមាជិក
  • លោក ភួង សំអុន ​សមាជិក​
ស្រួង ភាវី ទទួល​បាន​ប័ណ្ណសរសើរ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់