• 2017-12-09 01:41:02
  • បាល់ទាត់

កីឡាករ​កម្ពុជា​៣​នាក់​នេះ​​អាច​ទៅ​លេង​លីគ​កំពូល​​ម៉ាឡេស៊ី​រដូវ​កាល​ថ្មី​ ​

  • 2017-12-09 01:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ជម្រើស​ជាតិ​កម្ពុជា​​៣​នាក់​អាច​នឹង​ដឹក​ដៃ​គ្នា​ទៅ​លេង​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី​គឺ​ Super League បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​កាន់​តែ​ច្បាស់​អំពី​កីឡាករ​ទាំង​៣​នាក់​​នេះ​ពាក់​ព័ន្ធ​ចេញ​ក្រៅ​ប្រទេស។

ធារី ចន្ថាប៊ីន

អតីត​កីឡាករ​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​ចុះ​កុងត្រា​រួច​រាល់​ហើយ​ជា​មួយ​ក្លឹប​​Terengganu FC ​​នៃ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី។ រូប​គេ​នឹង​ចំណាយ​ពេល​មួយ​រដូវ​កាល​នៅ​ទី​នោះ។

កីឡាករ ធារី ចន្ថាប៊ីន

ចាន់ វឌ្ឍនាកា

កូន​ប្រុស​របស់​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​រូប​នេះ​​ត្រូវ​បាន​ប្រភព​ច្បាស់​ការ​​មួយ​បញ្ជាក់​ថា ១០០​%​ហើយ​គឺ​ទៅ​លេង​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី​នៅ​រដូវ​កាល។ ពិធី​សន្និសីទ​នៃ​ការ​ចុះ​ហត្ថលេខា​របស់​អតីត​សមាជិក​ Fujieda MYFC ​នឹង​ត្រូវ​​ធ្វើ​ប្រហែល​ជា​ចុង​ខែ​ធ្នូ​នេះ​ហើយ។ ទោះ​ជា​យ៉ាង​ណា​​គេ​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ពី​ឈ្មោះ​ក្លឹប​នៅ​ឡើយ​ទេ។ ចាន់ វឌ្ឍនាកា ក៏​បាន​បញ្ជាក់​ថា ក្លឹប​ដែល​គេ​ចុះ​សម្រេច​ទៅ​លេង​រដូវ​កាល​ក្រោយ​នេះ​គឺ​មាន​ប្រជា​ប្រិយភាព​ជាង​​អតីត​ក្លឹប​នៅ​ជប៉ុន ហើយ​រូប​គេ​មាន​ភាគ​រយ​ខ្ពស់​​បំផុត​ក្នុង​ការ​បង្ហាញ​ខ្លួន។

កីឡាករ ចាន់ វឌ្ឍនាកា

ពាក់​ព័ន្ធ​នឹង​​ការ​ចេញ​ប្រកប​អាជីព​ក្រៅ​ប្រទេស​​នេះ​ ឯកឧត្តម ចាន់ ចេស្តា​ ឪពុក​របស់​ ចាន់ វឌ្ឍនាកា​បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ដូច​ជា​នៅ​ជប៉ុន​ ឬ​ប្រទេស​ណា​មួយ​នា​ពេល​ខាង​មុខ​នេះ​គឺ​មាន​ការ​គាំទ្រ​ពី​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ឯកឧត្តម​បាន​​ថ្លែង​អំណរ​គុណ​ដល់​សម្តេច​ ហ៊ុន សែន​ដែល​តែង​តែ​ជួយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​​ដល់​ការ​សម្រេច​ចិត្ត​របស់​​កូន​ប្រុស។

ចាន់ វឌ្ឍនាកា និង​ឪពុក

កែវ សុខផេង

សមាជិក​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​បាន​ប្រាប់​ Sabay ថា រូប​គេ​ប្រហែល​ជា​អាច​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ដាច់​ឆ្នាំ​នេះ​ហើយ​។ លីគ​៣​ប្រទេស​ដែល​រូប​គេ​ទម្លាយ​ឲ្យ​ដឹង​គឺ​ សិង្ហបុរី ម៉ាឡេស៊ី​ និង​ថៃ។ ទោះ​ជា​យ៉ាង​ណា ផេក​ភាសា​អង់គ្លេស​ TheMorning ផ្សាយ​ល្ងាច​មិញ​ថា កែវ សុខផេង ក៏​នឹង​ទៅ​លេង​នៅ​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី​ ​ហើយ​គ្រោង​ចុះ​ហត្ថលេខា​កុងត្រា​នា​ពេល​ខាង​មុខ​ដែរ។ ប៉ុន្តែ​ កែវ សុខផេង និង​ ​ចាន់ វឌ្ឍនាកា​មិន​លេង​ក្លឹប​ជា​មួយ​គ្នា។

កីឡាករ កែវ សុខផេង

ប្រសិន​បើ​ កែវ​ សុខផេង​ពិត​ជា​បាន​ទៅ​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​មែន​នោះ​ ដូច្នេះ​រដូវ​កាល​ក្រោយ​នេះ​កីឡាករ​កម្ពុជា​៣​នាក់​​ហើយ​ដែល​​​អាច​នឹង​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស​ក្នុង​លីគ​តែ​មួយ​ ប៉ុន្តែ​ក្លឹប​ផ្សេង​គ្នា៕ ​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់