• 2017-08-29 04:03:35
  • ប្រដាល់

តេក្វាន់ដូ​ គ្រោង​តវ៉ា​គណៈកម្មការ​ស៊ីហ្គេម​​ពាក់ព័ន្ធ​​ការ​ចាញ់​របស់​ ប៉ាន់​ ខេមរា​

  • 2017-08-29 04:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ គង់ សក្ខិដា អគ្គ​លេខាធិការ​ខេមរ​​សហព័ន្ធ​តេក្វាន់ដូ​បង្ហើប​ថា ​សហព័ន្ធ​គ្រោង​​ត​វ៉ា​ទៅ ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​ តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​ ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​កាត់​​​​ឲ្យ​កីឡាករ​កម្ពុជា​ ប៉ាន់ ខេមរា​ ចាញ់​កីឡាករ​​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ីកាល​ពី​ព្រឹក​មិញ​នេះ។

លោក គង់ សក្ខិដា និង កីឡាករ ប៉ាន់ ខេមរា

«ក្រោយ​ប្រកួត​ចប់​ យើង​មាន​គម្រោង​ដាក់​ពាក្យ​តាម​រយៈ​ NOCC យើង​ ដើម្បី​ធ្វើ​ការ​តវ៉ា​ ដោយសារ​យើង​យល់​ថា​ ការ​កាត់​សេចក្ដី​នេះ​មិន​ត្រឹមត្រូវ។​ បើ​តាម​ខ្ញុំ​ដឹង​ក្រៅ​ផ្លូវ​ការ​ គណៈកម្មការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ ក៏​បាន​កត់​ត្រា​ទុក​ដែរ​ថា​ គូ​យើង​ និង​គូ​ទីម័រ​ចាញ់​ម្ចាស់​ផ្ទះ​ ហាក់​ដូច​ជា​មាន​ការ​កាត់​ក្ដី​មិន​ប្រក្រតី»។ នេះ​ជា​សម្ដី​របស់​លោក​ គង់ សក្ខិដា​​

អគ្គលេខាធិការ​ដដែល​បាន​ពន្យល់​ពី​សកម្មភាព​ ដែល​លោក​យល់​ថា ​មាន​ភាព​ពុំ​ប្រក្រតី​ និង​អយុត្តិធម៌​សម្រាប់​កម្ពុជា​បែប​នេះ៖​ «កីឡាករ​ខ្ញុំ​ឈ្មោះ​ ប៉ាន់​ ខេមរា​ បាន​ប៉ះ​ម្ចាស់​ផ្ទះ។​ ពិន្ទុ​កីឡាករ​ខ្ញុំ​វ៉ៃ​ឡើង​​​រហូត​ ប៉ុន្តែ​ទទួល​អយុត្តិធម៌​ច្រើន​ ពាក់ព័ន្ធ​ការ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល​។​ ខាង​កីឡាករ​ម៉ាឡេ​ដួល​សោះ​ បែរ​មក​ពិន័យ​ខាង​យើង​ ហើយ​ខាង​គេ​ទាត់​ឡើង​ពិន្ទុ​រហូត​ ពេល​ខ្លះ​វ៉ៃ​ដៃ​មិន​ទាន់​ដល់​ខ្លួន​ផង​ ឡើង​ពិន្ទុ​មុន​។​ ចឹង​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ​ សម្រាប់​លទ្ធផល​នេះ​»។

ក្នុង​ការ​ប្រកួត​ប្រភេទ​ទម្ងន់​ក្រោម​៥៨​គីឡូក្រាម​ ត​ទល់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ ប៉ាន់​ ខេមរា​ បាន​នាំ​មុខ​ពិន្ទុ​ក្នុង​ទឹក​ទី​២​ មុន​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​ជា​លើក​ទី​១០​ ត្រឹម​ពាក់​កណ្ដាល​ទឹក​ទី៣​ ដែល​តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ​ ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ។ ​ គួរ​ដឹង​ដែរ​ថា​ មក​ទល់​ពេល​នេះ​តេក្វាន់ដូ​កម្ពុជា​រក​បាន​មេដាយ​សំរឹទ្ធ​២​គ្រឿង​​ និង​នៅ​សល់​កីឡា​ការិនី​ ស៊ន សៀវម៉ី​ ម្នាក់​ទៀត​ ត្រូវ​ជួប​តទល់​កីឡា​ការិនី​ម្ចាស់​ផ្ទះ​​ នា​ម៉ោង​១​រសៀល​នៅ​កម្ពុជា៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់