• 2017-05-09 01:50:03
  • ព័ត៌មាន

ហេតុ​ផល​មួយ​ចំនួន ​ការ៉ាតេ​ដូកម្ពុជា​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់​និង​សំរឹទ្ធ​នៅ​​ឥណ្ឌូណេស៊ី​

  • 2017-05-09 01:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ជើង​ឯក​កីឡា​ការ៉ាតេ​ដូអាស៊ីអាគ្នេយ៍​លើក​ទី៦​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ដើម​ខែ​ឧសភា​ ឆ្នាំ​២០១៧​ថ្មីៗ​នេះ​ អាច​ចាត់​ទុក​ថា​ជា​ការ​ជោគជ័យ​ធំ​មួយ​សម្រាប់​សហព័ន្ធ​កីឡាការ៉ាតេដូ​កម្ពុជា​ព្រោះ​អាច​រក​មេដាយ​​រហូត​៦គ្រឿង។​ ទោះ​ជា​ឈ្នះ​មេដាយ​បាន​ច្រើន​ដូច​នេះ​ក្ដី​លោក​ សាយ​ ណូរ៉ា​ ក៏​បាន​លើក​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​មិន​អាច​ឈ្នះ​មេដាយ​មាស​ផង​ដែរ។​

លោក សាយ ណូរ៉ា

លោក​ សាយ​ ណូរ៉ា​ ដែល​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ការ៉ាតេដូ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​ទី៤-៥​ ខែ​ឧសភា​នេះ ​កីឡាករ​ កីឡា​ការិនី​ការ៉ាតេដូ​របស់​កម្ពុជា​ធ្វើ​បាន​ល្អ​ ហើយ​នេះ​ជា​ការ​លើក​មុខមាត់​និង​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។​ ទន្ទឹង​នឹង​ការ​ឈ្នះ​មេដាយ​ទាំង​នេះ​លោក​ក៏​លើក​ហេតុផល​មួយ​ចំនួន​ដែល​កីឡាករ​ កីឡា​ការិនី​កម្ពុជា ​មិន​អាច​ឈ្នះ​បាន​មេដាយ​មាស​ មក​ពី​កម្រិត​សមត្ថភាព​កីឡាករ​កម្ពុជា​នៅ​ទាប​ជាង​គេ​។ បរិក្ខារ​ហ្វឹកហាត់​របស់​ពួក​គេ​មាន​គ្រប់គ្រាន់​ មាន​ទីកន្លែង​ហ្វឹកហាត់​ត្រឹម​ត្រូវ​ និង​មាន​គ្រូ​បរទេស​ជួយ​បង្ហាត់​បង្រៀន​ ហើយកីឡាករ​ កីឡា​ការិនី​ របស់​ពួក​គេ​មាន​បទពិសោធ​ប្រកួត​ច្រើនទៀតផង។ ហេតុផល​ទាំង​នេះ​ហើយ​ដែល​កីឡាករ​កម្ពុជា​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់​និងសំរឹទ្ធ។​

កីឡាករ កីឡា​ការិនីក្នុងពិធីទទួលស្វាគមន៍នៅ NOCC

អនុប្រធាន​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ឥលូវ​នេះ​ខាង​សហព័ន្ធ​កំពុង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ក៏​ដូច​ជា​បំពេញ​នូវកង្វះ​ខាត​ផ្សេងៗ​ទៀត​ជា​បណ្ដើរ​ៗ​ហើយ​ ក្រោម​ការ​ដឹកនាំ​ពី​ឯកឧត្ដម​ អូន​ ពាន់មុន្នីរ័ត្ន​ ប្រធាន​សហព័ន្ធ​ ហើយ​នៅ​ពេល​ខាង​មុខ​នេះ​ការ៉ាតេ​កម្ពុជា​នឹង​មាន​គ្រូ​ជនជាតិ​ជប៉ុន​ជួយ​បង្ហាត់​បន្ថែម​។​

ក្នុង​ព្រឹត្តិការ​ជើង​ឯក​កីឡា​ការ៉ាតេដូ​អាស៊ីអាគ្នេយ៍​លើក​ទី៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ សហព័ន្ធ​កីឡា​កីឡា​ការ៉ាតេដូ​កម្ពុជាបញ្ជូន​កីឡាករ​ កីឡា​ការិនី​ ១២រូប​ឲ្យ​ទៅ​ប្រកួត​ប្រជែង​ ហើយ​ក្នុង​នោះ​កម្ពុជា​ឈ្នះ​មេដាយ​ចំនួន​៦គ្រឿង​គឺ​ ប្រាក់​២​ និង​ សំរឹទ្ធ​៤៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់