• 2016-06-08 20:27:18
  • វិភាគ

គ្រូ Lee ​និង​គ្រូ​តៃប៉ិ ​ឃើញ​កីឡាករ​ខ្មែរ​២​នាក់​ល្អ​ជាង​គេ​ក្នុង​ទីលាន

  • 2016-06-08 20:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lee Tae Hoon គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ​និង​លោក Toshiaki Imai ​គ្រូ​បង្វឹក​ឆាយ​នីស​តៃប៉ិ ​មើល​ឃើញ​កីឡាករ​កម្ពុជា​២នាក់​ដែល​មាន​សមត្ថភាព​លេង​ល្អ​លេច​ធ្លោ​ជាង​គេ​នៅ​លើ​ទីលាន​គឺ ចាន់ វឌ្ឍនាកា ​និង ​កែវ សុខផេង។

 

 កែវ សុខផេង

 

លោក Toshiaki Imai ​សរសើរ​សមត្ថភាព​និង​ទម្រង់​លេង​កម្ពុជា ដោយ​លោក​មើល​ឃើញ​ថា​មាន​កីឡាករ​២​នាក់ ក្រឡុក​ខ្លាំង​នៅ​លើ​ទីលាន​។ ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​រូប​នេះ បន្ដ​ថា​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា ​ជា​អ្នក​បង្កើត​ឱកាស​ច្រើន ​អប​ជាមួយ​ម្នាក់​ទៀត​ កែវ សុខផេង ​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​មាន​ទម្រង់​ល្អ​ថែម​ទៀត។ កីឡាករ​២​នាក់​នេះ មាន​សមត្ថភាព​គួរ​ឱ្យ​កត់​សម្គាល់។

 

 ចាន់ វឌ្ឍនាកា

 

ដូច​គ្នា​នេះ​ដែរ លោក Lee ​គ្រូ​បង្ហាត់​ក្រុម​កម្ពុជា​ក៏​យល់​ឃើញ​ដូច​លោក​គ្រូ Toshiaki ​ដែរ ​ដោយ​លោក​ជឿ​ជាក់​ថា​ដាក់​២​នាក់​នេះ កម្ពុជា​នឹង​មាន​ឱកាស​ច្រើន ​បើ​ទោះ​បី​ជា​ពួកគេ​មិន​អាច​រក​គ្រាប់​បាល់​បាន​យប់​មិញ តែ​ជា​អ្នក​បង្កើត​ឱកាស​សម្រាប់​មិត្ត​រួម​ក្រុម​ដទៃ​ទៀត។

 

ក្នុង​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់ AFC Asian Cup 2019 ​ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ឆាយ​នីស​តៃប៉ិ​ ៤-២ ​ដោយ​គិត​ទាំង​ពីរ​ជើង ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​រក​បាន​មួយ​គ្រាប់​កាល​ពី​ជើង​ទី​មួយ ។ ចំណែក​ ​វឌ្ឍនាកា ​ជា​អ្នក​បង្កើត​ឱកាស​៣​គ្រាប់ ដោយ​បញ្ជូន​បាល់​ឱ្យ កែវ សុខផេង ​មួយ​គ្រាប់ ​លើក​បាល់​ឱ្យ ហុង ផេង ​មួយ​គ្រាប់ ​និង​បង្កើត​ឱកាស​បាល់​ពិន័យ​១១​ម៉ែត្រ ឱ្យ​ប្រាក់ មុន្នីឧត្តម​មួយ​គ្រាប់ ហើយ​រូបគេ​ផ្ទាល់​ក៏​ជាប់​ជា​កីឡាករ Man Of The Match ​ក្នុង​ការ​ប្រកួត​ជើង​ទី២​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់