• 2016-01-05 16:52:11
  • ប្រវត្តិ​​

ដល់​ឆ្នាំ​ប្រកួត​ហើយ តោះ​ទៅ​មើល​ប្រវត្តិ Euro ទាំង​អស់​គ្នា

  • 2016-01-05 16:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់ UEFA European Championship ឬ​មាន​ឈ្មោះ​ខ្លី​ថា Euro គឺ​ជាកម្មវិធី​ប្រកួត​បាល់ទាត់​ផ្នែក​បុរស​​នៃ​បណ្ដា​ប្រទេស​ជា​សមាជិកសហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ UEFA ដែល​គេធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ១៩៦០មក។ ពាន​រង្វាន់​ដែល​ធ្វើ​៤ឆ្នាំ​ម្ដង​នេះ នឹង​មក​ដល់ជា​ថ្មី នៅ​ខែ​មិថុនា ឆ្នាំ​នេះ។

 

ប្រវត្តិ

 

Euro មាន​ឈ្មោះ​ដើម​ថា UEFA European Nations Cup តែ​ត្រូវ​ប្តូរ​មក​ជា UEFA European Championship នៅ​ឆ្នាំ១៩៦៨ រហូត​មក​ដល់​សព្វ​ថ្ងៃ។

គំនិត​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដើម​ចេញ​ពី​លោក Henri Delaunay លេខាធិការ​ទូទៅ​នៃ​សហព័ន្ធបាល់​ទាត់​បារាំង​ក្នុង​ឆ្នាំ ១៩២៧ ប៉ុន្តែ​រហូត​ទាល់​តែ​ឆ្នាំ១៩៥៨ ទើប​កិច្ច​ពិភាក្សា​ត្រូវ​ចេញ​ជា​រូបរាង​ឡើង ពោល​គឺ ៣​ឆ្នាំ​ក្រោយ​មរណភាព​របស់​លោក Delaunay។

 

 

ការចាប់ផ្តើម៖

 

ឆ្នាំ១៩៦០ គឺជា​លើក​ដំបូង​នៃ​ការ​ប្រកួត Euro Cup ដែល​បារាំង​ទទួល​សិទ្ធ​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ការ​ប្រកួត​កាលណោះ​មាន​ការ​ជម្រុះ​ពី​បណ្ដា​​ប្រទេស​ចំនួន​១៧ នៅ​អឺរ៉ុប ប្រកួត​ប្រជែង​ដើម្បី​យក​ត្រឹម​៤​ក្រុម​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ។ ជា​លទ្ធផល​ជើងឯក​បាន​ទៅ​លើ​សហភាពសូវៀត ឬ​រុស្ស៊ី​បច្ចុប្បន្ន​ ក្រោយ​យក​ឈ្នះ យូហ្គោស្លាវី ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

 

ការកើនដល់៨ក្រុម៖

 

នៅឆ្នាំ១៩៨០ ដែល​អ៊ីតាលី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ការ​ប្រកួត​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​លេង ដោយ​ក្រុម​ជម្រើសជាតិមក​ពី​៨​ប្រទេស ត្រូវ​បាន​ឡើង​ទៅ​លេង​នៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ខុស​ពី​ការ​ប្រកួត​លើក​មុន​ៗ​ដែល​យក​ត្រឹម​៤ក្រុម។ នៅ​ក្នុង​ឆ្នាំ​នោះ​ជើងឯក​បាន​ទៅ​លើ​ប្រទេស​អាល្លឺម៉ង់​ខាងលិច ​ក្រោយ​យក​ឈ្នះ បែលហ្សិក ២-១។

 

ការកើនដល់១៦ក្រុម៖

 

នៅ​ឆ្នាំ ១៩៩៦ សិទ្ធ​ធ្វើ​ជា​ម្ចាស់ផ្ទះEuro Cup បាន​ទៅ​លើ​ប្រទេស​អង់គ្លេស ហើយ​វា​ក៏​ជា​ឆ្នាំដែល​ក្រុមជម្រើស​ជាតិ​ចំនួន១៦ ត្រូវ​បាន​ជ្រើស​ទៅ​លេង​នៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ដែរ។ កាលណោះ​អាល្លឺមង់​ដែលទើប​បង្រួប​បង្រួម​រវាង​អាល្លឺម៉ង់​ខាងលិច និង​ខាងកើត​បាន​ក្លាយ​ជា​ជើងឯក​ក្រោយ​បំបាក់ សាធារណរដ្ឋឆេក ដែល​ជា​ប្រទេស​បង្កើត​ថ្មី​នៅ​អឺរ៉ុប​ក្នុង​លទ្ធផល ២-១។

 

ការកើនដល់២៤ក្រុម៖

 

ការ​ប្រកួត Euro Cup ២០១៦ ដែល​បារាំង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺជា​លើកដំបូង​ហើយ​ដែល​គេ​អនុញ្ញាត​ឲ្យ​មានរហូត​ដល់​២៤ ប្រទេស​​ ឡើង​ទៅ​ប្រកួត​នៅ​ជុំ​ផ្ដាច់​ព្រ័ត្រ។ ការ​សម្រេច​ដូច្នេះ​ធ្វើឡើង​នៅ​ក្នុង ការ​បោះ​ឆ្នោតមួយ កាល​ពី​ឆ្នាំ២០០៨ របស់បណ្តា​ប្រទេស​ទាំងអស់ ដែល​ជា​សមាជិក​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប។

 

ពាន (Trophy)

 

 

ពាន ដែល​ក្រុម​ឈ្នះជើងឯក​​នឹង​ទទួល​បាន គឺ​មាន​ឈ្មោះ​ថា The Henri Delaunay Trophy។ Henri Delaunay គឺជា​ឈ្មោះ​របស់​អតីត​លេខាធិការ​ទូទៅ​សហព័ន្ធបាល់ទាត់​បារាំង​ដែល​គាត់​ផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​កាល​ពី​ជាង ៩០ឆ្នាំ​មុន។ ក្រុម​ជម្រើស​ជាតិណា​ដែល​ឈ្នះ​ពាន​នេះ មាន​សិទ្ធិ​រក្សា​ទុក​រយៈ​ពេល​៤ឆ្នាំ រហូត​ដល់​ឆ្នាំ​ដែល​កម្មវិធី​ថ្មី​ត្រូវ​ចាប់ផ្តើម។

 

នៅឆ្នាំ២០០៨ ពាន The Henri Delaunay Trophy ត្រូវ​បាន​ធ្វើ​ឲ្យ​ធំ​ជាង​ពាន​មុន​ៗ ដែល​វា​ផលិត​ពីលោហធាតុ​ប្រាក់មាន​ទម្ងន់​៨គីឡូ និង​កម្ពស់ ៦០សង់ទីម៉ែត្រ ពោល​គឺ​ខ្ពស់​ជាង​ពាន​ចាស់ ៧អ៊ីញ និង​ធ្ងន់ជាង​១​ផោន។ ក្រុម​ជម្រើសជាតិ ដែល​ឈ្នះ​ជើងឯក​នឹង​បាន​ពាន អម​ដោយ​មេដាយ​មាស ស្រប​ពេល​ដែល ក្រុម​រង​ជើង​ឯក​បាន​មេដាយ​ប្រាក់។ នៅឆ្នាំ២០១២ UEFA បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​លើកដំបូង​ដល់ ​អាល្លឺម៉ង់ និង ព័រទុយហ្គាល់ ជា​ក្រុម​ដែល​ចាញ់ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

 

ទម្រង់នៃការប្រកួតប្រជែង៖

 

 

សម្រាប់ Euro ២០១៦នេះ ក្រុម​ជម្រើសជាតិ​ចំនួន​៥៣​ប្រទេស​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្ដើម​កៅអីចំនួន ២៣ មក​ជុំ​ផ្ដាច់​ព្រ័ត្រ ជាមួយ​បារាំង​ជា​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​រង់ចាំ​ស្រាប់។ ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​ជាង១​ឆ្នាំ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ២០១៤ ដល់​ខែ​វិច្ឆិកា ឆ្នាំ២០១៥ ក្រុម​ទាំង​២៣​ដែល​ឈាន​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ម្ចាស់​ផ្ទះ​បារាំង​ រួម​មាន៖ អាល្លឺម៉ង់, អេស្ប៉ាញ, អង់គ្លេស, បែលហ្សិក, អ៊ីតាលី, រ៉ូម៉ានី, អាល់បានី, ស្វីស, រុស្ស៊ី, វែល, ស្លូវ៉ាគី, អ៊ុយក្រែន, ប៉ូឡូញ, អៀរឡង់ខាងជើង, សាធារណរដ្ឋអៀរឡង់, អ៊ីស្លង់, សាធារណរដ្ឋឆេក, ទួរគី, ក្រូអាស៊ី, ស៊ុយអែត, ព័រទុយហ្គាល់,  អូទ្រីស និងហុងគ្រី។

 

ក្រុមទាំង២៤ នឹង​ចែក​ជា​៦​ពូល (ពី A-F) មាន​ន័យ​ថា ១ពូលមាន៤ក្រុម។ ក្រុមលេខ១ និងលេខ២ នៃ​ពូល​និមួយៗ (១២ក្រុម) នឹង​ឈាន​ទៅវគ្គ១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ ស្រប​ពេល​ដែល​ក្រុម​លេខ​៣ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​៤ក្រុម (ក្នុងចំណោមក្រុមលេខ៣ទាំង៨ពូល) នឹង​ឡើង​ទៅ​បង្គ្រប់​ជាមួយ​ក្រុម​ទាំង​១២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

 

ប្រទេស​ដែល​ធ្លាប់​ឈ្នះ​ពាន

 

 

រំលឹក​ Euro លើក​ចុង​ក្រោយ (២០១២)

 

កាល​ពី​ឆ្នាំ​២០១២ អេស្ប៉ាញ បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ក្រោយ​បំបាក់​អ៊ីតាលី ៤-០ នា​វគ្គ​ផ្ដាច់ព្រ័ត្រ ក្លាយ​ជា​ក្រុម​តែ​មួយ​គត់ ដែល​អាច​ឈ្នះ​ពាន​នេះ​បាន​២ដង​ជាប់​គ្នា (២០០៨ ក៏​អេស្ប៉ាញ​ជា​ម្ចាស់​ពាន) ហើយ​ក៏​ជា​ក្រុម​តែ​មួយ​គត់​ដែល​អាច​ឈ្នះ​ពាន​ធំៗ​៣ជាប់ៗគ្នា (Euro 2008, World Cup 2010, Euro 2012)។

 

 

ចាំ​មើល​ឆ្នាំ​២០១៦ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃទី១០ មិថុនា ដល់​១០ កក្កដា នៅ​បារាំងវិញ តើ​ក្រុម​ណា​នឹង​ក្លាយជា​ជើងឯក? ផ្ដល់យោបល់​របស់​អ្នក នៅ​ក្នុង​ Comment ខាងក្រោម៕

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ UEFA

មតិយោបល់