• 2015-09-23 15:53:11
  • ប្រវត្តិ​​

សម័យ​កាល​ដ៏​អស្ចារ្យ កម្ពុជា​​ជាប់​លេខ៤ពាន​ទ្វីប​អាស៊ី​​​ Asian Cup​ ឆ្នាំ​១៩៧២​

  • 2015-09-23 15:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែល​ជា​​៤៣​​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ​តែ​​រឿងរ៉ាវ​ដែល​​មិន​អាច​បំភ្លេច​បាន​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា​​នោះ​គឺ​​អតីត​កាល​ពោរពេញ​ដោយ​ មោទនភាព​ជាតិ​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ ​ឆ្នាំ​១៩៧២​ ​ជា​សម័យ​កាល​ដែល​​គួរ​ចង់​ចាំ​​សម្រាប់​ប្រជា​ជន​ខ្មែរ​ ក៏​ដូច​ជា​​កូន​ខ្មែរ​ជំនាន់​ក្រោយ​​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ៤​​​សម្រាប់​ពាន​រង្វាន់​​បាល់ទាត់​ទ្វី​ប​អាស៊ី​​ (Asian Cup)​ក្នុង​ឆ្នាំ​១៩៧២​​ ​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នោះ។

 

ក្រុម​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​នេះ​ ក្រោយ​​ពី​ចាញ់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​​​ថៃ​ដោយ​បាល់​បេណាំង​ទី​ក្នុង​លទ្ធផល​៥-៣ ​បន្ទាប់​ពី​បញ្ចប់​ទាំង​ពីរ​តង់​និង​ម៉ោង​បន្ថែម​​១៥​នាទី​ពីរ​ដង​ដោយ​លទ្ធផល​ស្មើ​គ្នា​២-២។ ​សរុប​គ្រាប់​បាល់​ក្រុម​កម្ពុជា​ចាញ់​ថៃ​​​ដោយ​លទ្ធផល​ ៧-៥​ ។ ក្រុម​ចំណាត់​ថ្នាក់​លេខ១​​ដែល​ជា​​ជើង​ឯក​​កាល​ឆ្នាំ​១៩៧២ ​គឺ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់​​ដែល​បាន​យក​ឈ្នះ​លើ​ក្រុម​កូរ៉េ​ខាង​ត្បូង​២-១​​​ក្រោយ​​ម៉ោង​បន្ថែម​រហូត​ដល់​​​​១២០​នាទី​។

 

មុន​នឹង​បាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ប្រទេស​ថៃ​​ ក្រុម​កម្ពុជា​បាន​ប្រកួត​ជម្រុះ​ក្នុង​ចំណោម​១៣​ប្រទេស​​នៅ​​អាស៊ី​​​​ដែល​បែង​ចែក​ជា​​៤​ពូល។ ក្នុង​នោះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល​1B ​មាន​​ម៉ាឡេស៊ី​ និង​ហុងកុង​​ ពូល​​1A មាន​​​ឥណ្ឌូណេស៊ី​ ថៃ និង​ ប្រ៊ុយណេ​ ពូល​ 2A មាន​​អ៊ីរ៉ាក់​ ហ្សកដានី​​ បារ៉ែន​ និង​ Ceylon​ ពូល​ 2B មាន​​គុយវ៉ែត​ Lebanon​ និង ស៊ីរី​។

 

គ្រាន់​តែ​បើក​ឆាក​ជម្រុះ​​ក្នុង​ពូល​ 1B នៅ​ថ្ងៃ​ទី​​២៤​ ខែ​​ឧសភា ឆ្នាំ​១៩៧១​​​ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​​ហុងកុង​ ២-១​​ តែ​ចាញ់​ម៉ាឡេស៊ី ២-១​ វិញ ​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ឧសភា​ ឆ្នាំ​ដដែល​។ ​នៅ​ថ្ងៃ​ទី​២៨ ខែ​​ឧសភា​ ឆ្នាំ​១៩៧១​ ក្រុម​​ម៉ាឡេស៊ី​​​បាន​យក​ឈ្នះ​​ក្រុម​​ហុងកុង​​២-១។ ​​ជា​លទ្ធផល​ក្រុម​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ២​ក្នុង​ពូល​ 1B ខណៈ​ក្រុម​​ម៉ាឡេស៊ី​​​​ចំណាត់​ថ្នាក់​លេខ១​។ ​

​​

ចំណែក​ឯ​ពូល​ 1A វិញ​ ក្រុម​​ឥណ្ឌូណេស៊ី​ចំណាត់​ថ្នាក់​លេខ១​​ ហើយ​ថៃ​ជាប់​លេខ២​។ ​កាល​នោះ​ការ​ប្រកួត​ជម្រុះ​​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​​ដោយ​តម្រូវ​ឲ្យ​ ប្រកួត​ខ្វែង​​បន្ត​ទៀត​​ពោល​លេខ១​ក្នុង​ពូល​ 1A ជួប​លេខ២​ ពូល​1B  ស្រប​ពេល​ដែល​លេខ២ ពូល 1B ជួប​លេខ១​ពូល1A។ ដោយ​សំណាង​ល្អ​រួម​ផ្សំ​នឹង​បច្ចេកទេស​លេង​បាន​យ៉ាង​ល្អ​​នៅ​អាស៊ី​ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​ឥណ្ឌូណេស៊ី​​ក្នុង​លទ្ធផល​២-០​ ហើយ​ថៃ​ម៉ាឡេស៊ី​១-០​នៅ​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ​ឆ្នាំ​១៩៧១​។​ ដូច្នេះ​ប្រទេស​ថៃ​និង​ខ្មែរ​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ ពានរង្វាន់​បាល់ទាត់​ទ្វីប​អាស៊ី​ ឬហៅ​ថា​ Asian Cup ១៩៧២ ​​រួម​ជា​មួយ​ពីរ​ក្រុម​​ផ្សេង​ទៀត​ក្រោយ​ពី​បញ្ចប់​ការ​​ជម្រុះ ​​​​​​​នោះ​គឺ​​ក្រុម​អ៊ីរ៉ាក់​និង​គុយវ៉ែត។

 

ការ​ធ្វើ​​ដំណើរ​ទៅ​ ប្រកួត​វគ្គ​​ផ្ដាច់​ព្រ័ត្រ​នៅ​​ប្រទេស​ថៃ​មាន​​៦​ប្រទេស​បែងចែក​ជា​ពីរ​ ពូល ​​A និង​ B ។​ ​ពូល​​A មាន​ក្រុម​អ៊ីរ៉ាក់ អ៊ីរ៉ង់ និង​ ថៃ​។ ពូល​ B មាន​កូរ៉េខាងត្បូង ​កម្ពុជា​ និង​ គុយវ៉ែត​។

 

នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​កម្ពុជា​​ប៉ះ​ជា​មួយ​ក្រុម​ខ្លាំង​​កូរ៉េខាងត្បូង​។ ​ក្រុម​កូរ៉េ​បាន​បំបាក់​កម្ពុជា​យ៉ាង​​ចាស់​ដៃ​​៤-១​នៅ​ថ្ងៃ​ទី​១០​ ខែ​​ឧសភា​ ឆ្នាំ​១៩៧២​​។​ ​​តែ​កម្ពុជា​មិន​ទាន់​អស់​សង្ឃឹម​ដែរ​ដោយ​នៅ​មួយ​ប្រកួត​ទៀត​។​ ​លុះ​ការ​ប្រកួត​ចូល​មក​​ដល់​ ក្រុម​កម្ពុជា​​បាន​បំបាក់​ក្រុម​គុយវ៉ែត​​ ៤-០​នៅ​ថ្ងៃ​ទី​​១៤​ ខែ​ឧសភា​ ឆ្នាំ​១៩៧២​ ​តែ​ក្រុម​​​គុយវ៉ែត​បាន​យក​ឈ្នះ​កូរ៉េខាងត្បូង​២-១ ​​ថ្ងៃ​ទី​​១២​ ខែ​ឧសភា​ ឆ្នាំ​១៩៧២។ ​ដោយសារ​តែ​គ្រាប់​បាល់​ច្រើន​​ជាង​គុយវ៉ែត​ ​ដូច្នេះ​កម្ពុជា​និង​កូរ៉េខាងត្បូង​​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​​​ ខណៈ​គុយវ៉ែត​និង​អ៊ីរ៉ាក់​​ត្រូវ​ហាល​អាវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​​។

 

ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ក្រុម​កម្ពុជា​ត្រូវ​ប្រឈម​នឹង ​ក្រុម​​ការពារ​តំណែង​ជើងឯក​​ឆ្នាំ​១៩៦៨​ អ៊ីរ៉ង់​។ ​​ថ្វី​បើ​ក្រុម​កម្ពុជា​មាន​​មាឌ​ចាញ់​ក្រុម​អ៊ីរ៉ង់​ក៏​ដោយ ​តែ​ក្រុម​ខ្លាំង​ក្នុង​ទ្វីប​អាស៊ី​មួយ​នេះ​​យក​ឈ្នះ​កម្ពុជា​ត្រឹម​តែ​​ ២-១​ប៉ុណ្ណោះ​។ ​ជា​មួយ​គ្នា​នោះ​ក្រុម​កូរ៉េខាងត្បូង​បាន​យក​ឈ្នះ​លើ​ថៃ​ ២-១។ ​​លទ្ធផល​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ក្រុម​កូរ៉េខាងត្បូង​និង​​អ៊ីរ៉ង់​ជួប​​ គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​និង​​រុញ​ច្រាន​ឲ្យ​ក្រុម​​កម្ពុជា​និង​ថៃ​​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ៣​ និង​លេខ៤​។​ ​លទ្ធផល​ចុង​ក្រោយ​កម្ពុជា​​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៤​ ​ហើយ​ថៃ​លេខ៣​។

 

កាល​ឆ្នាំ​១៩៧០ ដល់​១៩៧៥​ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ក្រុម​បាល់ទាត់​សាធារណរដ្ឋ​ខ្មែរ។ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​១៩៣៣​ និង​ចូល​ជា​សមាជិក​របស់​សមាគម​បាល់ទាត់​ពិភព​លោក​ក្នុង​ឆ្នាំ​១៩៥៣។

 

តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​ក្រោយ​ពី​បាន​ដឹង​ប្រវត្តិ​ដ៏​អស្ចារ្យ​​របស់​បាល់ទាត់​ខ្មែរ​ក្នុង​អតីតកាល?

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់