• 2020-03-27 04:49:16
  • បាល់ទាត់

សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ សន្យា​ផ្ដល់​ប្រាក់​៥០០លាន​អឺរ៉ូ​ ដើម្បី​ជួយ​ក្លឹបក្នុង​គ្រាលំបាក

  • 2020-03-27 04:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់​ទាត់ប្រទេស​​អេស្ប៉ាញ ហៅ​កាត់ថា RFEF បាន​សន្យា​ផ្ដល់​ប្រាក់ ៥០០លាន​អឺរ៉ូ​ ដើម្បី​ជួយ​ដល់បណ្ដា​ក្លឹប​​ក្នុង​ប្រទេស​ខ្លួន ដែល​កំពុង​ជួប​​បញ្ហា​​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត Covid-19។

ប្រធាន RFEF លោក Luis Rubiales

តាមការឱ្យដឹងរបស់ BBC ប្រាក់​​របស់ RFEF ទាំង​នេះ នឹង​អាច​ជួយ​សម្រួល​បន្ទុក​បណ្ដា​ក្លឹប​បាន​​ខ្លះ អំឡុងពេល​​ពួកគេ ពុំ​មាន​សកម្មភាព​បាល់ទាត់​ ជា​ហេតុ​ធ្វើ​ឱ្យ​ក្លឹប​​បាត់ចំណូល​​ ហើយក្លឹបអាចសងត្រឡប់វិញនៅ ៥ ឆ្នាំក្រោយ។ មិន​តែ​ប៉ុណ្ណោះ RFEF ក៏​បាន​សន្យា​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ៤ លាន​អឺរ៉ូ​ផង​ដែរ ដល់​ក្រុម​បាល់ទាត់​មិន​មែន​អាជីព។

ប្រធាន RFEF លោក Luis Rubiales បាន​និយាយ​យ៉ាង​ខ្លី​​ថា ៖«យើង​​ចង់​អង្គុយ​តុ​ជាមួយ La Liga ដើម្បី​ជជែក​អំពី​បញ្ហា ដែល​ក្លឹប​ទាំង​អស់​អាច​នឹងកើត​​មាន»។

អត្រា​អ្នក​ស្លាប់​ក្នុង​ប្រទេស​អ៉េស្បាញ​ដោយ​ជំងឺ​កូរ៉ូណា មាន​ចំនួន​ ៣,៤៣៤ ច្រើន​ជាង​​​ប្រទេស​ចិន​ទៅ​ទៀត​បើ​គិត​ត្រឹម​ថ្ងៃ​ពុធ ខែមីនា ឆ្នាំ២០២០ និង​ជា​ប្រទេស​មាន​អ្នក​ស្លាប់​​ច្រើន​លំដាប់​ទី​២ បន្ទាប់ពី​អ៊ីតាលី។

ជុំវិញ​​ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ក្លឹប​នេះ​ដែរ ខាង FIFA ថ្មី​ៗ​នេះ ក៏​បាន​កោះ​ប្រជុំ​ ហើយ​បាន​ស្នើ​ដល់​កីឡាករ​បាល់ទាត់​ទាំង​អស់ កាត់​ប្រាក់​ឈ្នួល​ពាក់​កណ្ដាល ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​។ ​

ជាក់ស្ដែង​នៅ​អង់គ្លេស និង​អេស្ប៉ាញ មាន​ក្លឹប​មួយ​ចំនួន​បាន​ប្រើ​វិធី​នេះ ប៉ុន្តែ​មាន​កីឡាករខ្លះ​​យល់​ព្រម និងខ្លះទៀតមិនយល់ព្រមឡើយ។

ជាមួយ​ការ​មិន​ពេញ​ចិត្ត ហើយ​​បដិសេធ​កាត់​ប្រាក់​ឈ្នួល​ខ្លះ FIFA ​ក៏​បាន​ចេញ​លិខិត​ស្នើ​ឱ្យ​ភាគី​កីឡាករ​ យល់​ពី​ស្ថានភាព​លំបាកនេះ ​ដើម្បី​ចូល​រួម​ទាំង​អស់​គ្នា​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ដ៏​កាច​សាហាវ​​កូរ៉ូណា​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់