• 2020-03-24 02:19:27
  • បាល់ទាត់

ជួយ​ប្រជាជន​ហ្វីលីពីន​ពី​ជំងឺ​កូរ៉ូណា Pacquiao ​ថា​​មិន​ខ្លាច​ស្លាប់​ទេ

  • 2020-03-24 02:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាមសារព័ត៌មាន The Manila Bulletin កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ Manny Pacquiao បាន​ឱ្យ​ដឹង​រូប​លោក​ មិន​ខ្លាច​ស្លាប់​ឡើយ ក្នុង​ការ​ជួយ​ពលរដ្ឋ​ហ្វីលីពីន អំឡុង​ពេល​វឹកវរដោយ​ជំងឺ​រាតត្បាត​កូរ៉ូណា។

វីរុស​រាតត្បាត​កូរ៉ូណា បាន​រីក​រាលដាល​ដល់​ប្រទេស​ជាច្រើនលើពិភពលោក ខណៈការ​ធ្វើ​ដំណើរ ​​ការ​លេង​កីឡាករ និង​ព្រឹត្តិការធំៗ​ផ្សេងៗ ត្រូវ​បាន​រឹត​បន្តឹង និង​បិទ​ចោល។ កាល​ពី​ថ្ងៃ​ច័ន្ទ មាន​មនុស្ស​ច្រើន​ជាង ៣៤៣ ០០០ នាក់​ទូទាំង​ពិភពលោក​ បាន​កើត​ជំងឺ Covid-19 និង​ច្រើន​ជាង ១៤ ០០០ នាក់​បាន​ស្លាប់។ ចំណែក​ប្រទេស​ហ្វីលីពីន ត្រូវ​បាន​គេរាយការណ៍​ថា មាន​អ្នក​ឆ្លង​ជំងឺ​នេះ ៤៦២ ករណី និង​ស្លាប់ ​៣៣​ នាក់។ ​​

ជុំ​វិញ​បញ្ហា​នេះ Pacquiao បាន​ប្រាប់​សារព័ត៌មាន The Manila Bulletin កាល​ពី​ចុង​សប្ដាហ៍​ថា លោក​ព្រួយ​បារម្ភ​ប្រជាជន​របស់​លោក​ងាក​ទៅ​ធ្វើ​អំពើ​លួច ប្រសិន​បើ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ​ក្នុង​ប្រទេស មាន​សភាព​កាន់​តែ​យ៉ាប់យ៉ឺន​ដោយសារ​ជំងឺ​នេះ។ ​

Pacquiao ពន្យល់​ថា ៖«បើ​អ្នក​ជា​អ្នក​ដឹកនាំ អ្នក​ត្រូវ​តែ​នាំ​មុខ​គេ។ អ្នក​ត្រូវ​តែ​ដឹកនាំ​ពួកគេ ហើយ​ឱ្យ​ពួកគេ​ដឹង​ថា អ្នក​នៅ​ជា​មួយ​ពួកគេ។ ខ្ញុំ​កើត​ក្នុង​គ្រួសារ​ក្រីក្រ ខ្ញុំ​ដឹង​ថា​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា»។

សមាជិក​សព្រឹទ្ធសភាហ្វីលីពីន Pacquiao បាន​បរិច្ចាគ​ ៦០០ ០០០ ម៉ាស់​ឱ្យ​អ្នក​ប្រយុទ្ធប្រឆាំង​កូរ៉ូណា​ជួរ​មុខ​នៅ​ហ្វីលីពីន ហើយ​បង្កើត​ក្រុម​​សហការ​ជាមួយ​មហាសេដ្ឋី Jack Ma បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត VID-19 ចំនួន ៥០ ០០០។

អតីត​អ្នកប្រដាល់​ជើង​ឯក​ទម្ងន់​ធ្ងន់ Pacquiao ក៏​បាន​ធ្វើការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជាច្រើន​លើក​ផង​ដែរ ដើម្បី​បំផុស​គំនិត​​កុំឱ្យ​ប្រជាជន​មាន​​ការភ័យខ្លាច​ខ្លាំង ចំពោះ​ការ​គ្រប​ដណ្ដប់ នៃ​ Covid-19 និង​​ធ្វើ​យ៉ាងណា​​កុំ​ឱ្យ​ជំងឺ​នេះ ​ឆ្លង​រីករាលដាលកាន់​តែ​ច្រើន​​ទៀត​។

Pacquiao បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​នៅ​ឆ្នាំ ២០១០ ពេល​លោក​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​តំណាង​រាស្ត្រ​នៃ​ខេត្ត ​Sarangani។ ឆ្នាំ​២០១៦ លោក​ត្រូវ​បាន​បោះឆ្នោត​ ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភារយៈ​ពេល​៦​ឆ្នាំ៕  

ប្រភព៖ Insider ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់