- 2020-03-11 03:12:00
- បាល់ទាត់
មូលហេតុសំខាន់៣ដែល Liverpool នៅតែអាចទម្លាក់ Atletico
- 2020-03-11 03:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុសំខាន់៣ដែល Liverpool នៅតែអាចទម្លាក់ Atletico
ចន្លោះមិនឃើញ
កម្មវិធី Champions League វគ្គ១៦ក្រុមចុងក្រោយបានចាប់ផ្ដើមការប្រកួតជើងទីពីររបស់ខ្លួនហើយ ក្នុងនោះគូពិសេសដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយគឺការប៉ះគ្នារវាង Liverpool និង Atletico Madrid។
កាលជើងទីមួយនៅទឹកដីអេស្ប៉ាញក្រុមរហស្សនាមថាហង្សក្រហមបានចាញ់ ១ទល់នឹង០ ដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងរនៅជើងទីពីរត្បិតអីពួកគេមិនអាចរកគ្រាប់ក្រៅដីបាន។ យ៉ាងណាមានមូលហេតុសំខាន់៣ដែលគេជឿថា Liverpool នៅតែអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយបាន៖
១. ប្រវត្តិសាស្ត្រអាចកើតឡើងច្រំដែល៖
Atletico Madrid និងអ្នកគាំទ្រពិតជារីករាយជាមួយជ័យជម្នះ ១-០ លើ Liverpool ដែលជាក្រុមជើងឯកចាស់ ប៉ុន្តែការពិតជាក់ស្ដែងពួកគេនៅតែញញើតចំពោះក្រុមនេះដែលធ្លាប់ត្រូវ Barcelona នាំមុខ ៣-០ នៅជើងទីមួយ ហើយបានវាយបកយកឈ្នះវិញរហូត ៤-០ សម្រាប់ជើងទីពីរនៅ Anfield។ មេរៀនជូរចត់មួយទៀតកាលពីរដូវកាលមុន Atletico ខ្លួនឯងក៏បាននាំមុខ Juventus ២-០ ដែរនៅទឹកដី Wanda Metropolitano តែបែរជាចាញ់ ៣-០ វិញនៅជើងទីពីរ។
២. Anfield ជាបន្ទាយយ៉ាងរឹងមាំ៖
មិនថាក្រុមខ្លាំងប៉ុនណាមកពីប្រទេសណា តែងភ័យខ្លាចកីឡដ្ឋាន Anfield ដែលគេចាត់ទុកថាជាបន្ទាយយ៉ាងរឹងមាំរបស់ Liverpool។ Pep Guardiola អ្នកចាត់ការ Manchester City បានសារភាពថាលោកពិបាកនឹងរកវិធីទប់ទល់នឹង Liverpool ណាស់រាល់លើកដែលលេងនៅ Anfield។
"ការលេងនៅ Anfield អ្នកអាចនឹងរបូត៤គ្រាប់ដោយមិនដឹងខ្លួន" Pep និយាយដូច្នេះ។ ក្រុមយក្សអេស្ប៉ាញដូចជា Real Madrid, Barcelona សុទ្ធតែធ្លាប់ចាញ់ ៤-០ នៅ Anfield ក្នុងកម្មវិធី Champions League។ នេះនៅមិនទាន់និយាយការឈ្នះ២២លើកជាប់គ្នាក្នុងទឹកដីនៅពាន Premier League របស់ Liverpool ផង។
៣. ក្រុមប្រយុទ្ធ៣នាក់ដ៏ខ្លាំងក្លា៖
Roberto Firmino, Mane, Salah គឺជាក្រុមប្រយុទ្ធ៣រូបខាងលើដ៏គ្រោះថ្នាក់បំផុតមួយនាពេលបច្ចុប្បន្ន។ ពួកគេទាំង៣ពេញជើងល្អណាស់ក្នុងការត្រៀមលក្ខណៈស្វាគមន៍ Atletico ដោយគ្មាននរណាម្នាក់របួសឡើយ។ រដូវកាល២០១៩-២០ អ្នកទាំង៣រកបាន៩៩គ្រាប់ក្នុង៤៣ប្រកួត ដូច្នេះការរក២គ្រាប់ដាច់ខាតក្នុងទឹកដីសម្រាប់កាលៈទេសៈដ៏ចាំបាច់នេះប្រហែលជាមិនពិបាកទេសម្រាប់ពួកគេ៕