• 2020-03-06 10:08:37
  • បាល់ទាត់

ប្រាក់ សុវណ្ណារ៉ា និង Im-Amphai ថា​​ការ​ប្រកួត​ស្អែកនឹង​ធ្វើឱ្យទស្សនិកជនជក់ចិត្ត

  • 2020-03-06 10:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​២​ប្រកួត​កន្លង​ទៅ ក្រុម​នគរបាល​ជាតិ មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​ក្ដី ប៉ុន្តែ​លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ថាការ​បះ​បឹង​កេត​​​ស្អែក​​នេះ ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត។

លោកគ្រូប្រាក់ សុវណ្ណារ៉ា និង​លោក Im-Amphai (ស្ដាំ) ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​នេះ

ជក់ចិត្ត​ត្រង់​ថា កូន​ក្រុម​ទាំង​អស់​របស់​លោក បានត្រៀមខ្លួនរួចជាស្រេច និងមិន​មាន​បញ្ហា​របួស​ឡើយ ហើយ​នគរបាល​ជាតិ ជា​ក្លឹប​​បាល់​ទាត់​មួយ មិន​ងាយ​នឹង​​បំបាក់​បាន​ដែរ ខណៈ​បឹងកេត​ជា​ក្លឹប​ខ្លាំង​សំបូរ​ធនធាន​កីឡាករ​ខ្មែរ-បរទេស​ល្អៗ ដែលនឹងធ្វើឱ្យការប្រកួតលើសមរភូមិវាលស្មៅសប្បាយភ្នែក។ ​

គ្រូ​បង្វឹក Pro License ពន្យល់​ថា ជំនួបដ៏តានតឹង​ស្អែក​នេះ ក្រុម​របស់​លោក​នឹង​ខំ​ប្រឹងប្រែង​ឱ្យ​អស់ពីសមត្ថភាព និង​ធ្វើ​ឱ្យ​បាន​​ល្អ បើ​ទោះ​លទ្ធផល​យ៉ាងណា​ក្ដី។ បច្ចុប្បន្ន​ក្លឹប​នរគរបាលជាតិ ឈរ​នៅ​ចំណាត់​ថ្នាក់លេខ១១ ក្នុង​តារា​ងមាន ០ ពិន្ទុ។

លោក Apisit Im-Amphai គ្រូ​បង្គោល​បឹងកេត ក៏​បាន​ចាត់​ទុក​ជំនួប​ស្អែក ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​ដែរ ព្រោះ​នគរបាល​ជាតិ​ជា​ក្លឹប​ខ្លាំង​មួយ​ ក្នុង​លីគកំពូល​កម្ពុជា។ ម្យ៉ាង​ក្លឹប​នគរបាល​ជាតិ​ មាន​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​បង្វឹក​ល្អ​មួយ​រូប ធ្លាក់​ជួយ​បឹងកេត​លើកពាន​លីគ​កំពូល​កម្ពុជា និង​ធ្លាប់​ជា​គ្រូ​ជម្រើស​ជាតិ។

យ៉ាងណា​លោក Im-Amphai ត្រូវ​ការ​ឈ្នះ​ដាច់ខាត ខណៈ​បច្ចុប្បន្ន​ក្រុម​របស់​លោក​មាន​តែ ៥ ពិន្ទុ​ប៉ុណ្ណោះ​នៅ​ក្នុង​ដៃ​ឈរ​លេខ​រៀង​ទី​៤​ក្នុង​តារាងលីគកំពូល​កម្ពុជា ឆ្នាំ​២០២០។

ចំណែក​កីឡាករ Kader របស់​នគរ​បាល​ជាតិ និង លី មីហ្សាន របស់​បឹងកេត ក៏​បាន​បង្ហាញ​​ការ​ចង់​ឈ្នះការ​ប្រកួត​ដូចគ្នា ដោយរូបគេទាំងពីរ អះអាងនឹងប្រឹងឱ្យអស់ពីសមត្ថភាព។

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លីគកំពូល​កម្ពុជា រវាង​បឹងកេត​​និង​នគរ​បាល​ជាតិ នឹង​ធើ​ឡើង​នា​ម៉ោង​៣ និង​៣០​នាទី នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែវេ៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់