• 2020-03-05 03:22:16
  • បាល់ទាត់

ចាន់ វឌ្ឍនាកា និង កែវ សុខផេង រក​បាន​គ្រាប់​បាល់ទី១ដូចគ្នា ជួយ​ឱ្យ​ក្រុម​ស្មើ​និង​ឈ្នះ

  • 2020-03-05 03:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្នុង​ក្រសែ​ភ្នែក​អ្នកគាំទ្រ​២​រូបគឺ​ ចាន់ វឌ្ឍនាកា រក​បាន១គ្រាប់​​​ជួយ​ឱ្យ​បឹង​តាម​បានត្រឹមស្មើជាមួយណាហ្គា​វើល​ដ៍​ ១-១​ ប៉ុណ្ណោះ ខណៈ កែវ សុខផេង ក៏​រក​បាន​១គ្រាប់​​ដំបូង​ដូច​គ្នា ជួយ​ឱ្យ​វិសាខា​ឈ្នះ​សូទីឡូ​អង្គរ ៧-១ ​គិត​ត្រឹម​សប្ដាហ៍​ទី​៣​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២០។

ចាន់ វឌ្ឍនាកា ពេលប្រកួតជាមួយណាហ្គាវើលដ៍សប្ដាហ៍ទី៣
កែវ សុខផេង ហ្វឹកហាត់មុនប៉ះបឹងកេតសប្ដាហ៍ទី២

កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ​កុម្ភៈកន្លង​ទៅ ក្លឹប​បាល់​ទាត់​បឹង​កេត​ ត្រូវ​ក្រុម​លោក​ មាស ចាន់ណា ទម្លាយ​សំណាញ់​ទី​មុន​ក្នុង​តង់​ទីមួយ ដោយកីឡាករ​ជប៉ុន Naruse Yuta នៅ​នាទី ២១ ក្រោយ​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា ​រក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​ ៤៣ ខណៈ​តង់​ទី​២​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ឡើយ។

ចំណែក​​ កែវ សុខផេង ក៏​​ធ្វើ​បាន​ល្អ​ ដោយ​រូប​គេ​រក​បាន​គ្រាប់​​បាល់​ទី៤​ នៅ​នាទី​ ៧៥ ជួយ​ឱ្យក្លឹប​បាល់​ទាត់វិសាខា ឈ្នះ​​ក្រុម​ភ្ញៀវ​សូទីឡូ​អង្គរ​ ៧-១ នៅ​កីឡដ្ឋាន​ព្រីនស៍។

ចាន់ វឌ្ឍនាការ និង​ កែវ សុខផេង ជា​ខ្សែ​ប្រយុទ្ធ​២​រូប​ ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ល្អៗ​ផ្សេងទៀត ដែល​ទស្សនិកជនចង់​ឃើញ​គ្រាប់​បាល់​របស់​ពួកគេ ហើយ​នេះ​ជា​គ្រាប់​ទី​១​របស់​​អ្នក​ទាំង​ពីរ គិត​ត្រឹម​សប្ដាហ៍​ទី​៣ នៃ​ពាន​លីគ​កំពូល​កម្ពុជា។

ក្រៅ​ពី​ ចាន់​ វឌ្ឍនាកា និង​ កែវ សុខផេង ខ្សែ​ប្រយុទ្ធ​ខ្មែរផ្សេងទៀត ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​គ្រាប់​បាល់​របស់​ពួកគេនោះ​មាន​ដូចជា រឹង ប៊ុនហៀង​ និង ទៀត គឹមហេង របស់​វិសាខា កីឡាករ សៀវ ចាន់ធា និង​ ម៉ាត់ នូរុណ​ របស់​បឹង​កេតជាដើម។

ដូច្នេះ​សូម​ចាំ​មើល​ថា​តើ​ ​កីឡាករ​​សំបូរ​បទពិសោធន៍​ទាំង​ពីរ អាច​រកគ្រាប់​បាល់​បាន​ទៀត​ដែរ​ឬ​ទេ សម្រាប់​ការប្រកួត​នៅ​សប្ដាហ៍​ទី​៤។ ​​បឹងកេត​ត្រូវ​ជួប​នគរ​បាល​ជាតិ​ នៅកីឡដ្ឋាន​ខេម​បូឌា​អ៊ែវេបឹងស្នោរ ថ្ងៃ​ទី​៧ ខែ​មីនា វេលា​ម៉ោង​៣​កន្លះ ចំណែក​​​វិសាខា​ត្រូវ​ប្រកួត​ជាមួយ​គិរីវង់​សុខសែនជ័យ នៅ​កីឡដ្ឋាន​គិរីវង់​សុខសែនជ័យខេត្ត​កាកែវ ថ្ងៃ​ទី៨ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ៣កន្លះ​ដូច​គ្នា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់