• 2020-02-25 02:44:04
  • ប្រដាល់

រឿម​ វណ្ណៈ​ ឡើង​ទៅ​ជុំ​ទី៣​ ខណៈ​ គង់​ សំបូរ​ ធ្លាក់​នៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​

  • 2020-02-25 02:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជម្រុះ​ជុំ​ទី២ នៃ​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ បាន​រក​ឃើញ​ជើង​ខ្លាំង​២រូប​ទៀត​ហើយ​ឡើង​ទៅ​វគ្គ​បន្ត​គឺ​ រឿម​ វណ្ណៈ​ និង​ សោម​ វិឆ្ឆ័យ ។​

គង់​ សំបូរ​ (ខៀវ)

កីឡាករ​ រឿម​ វណ្ណៈ​ បាន​ឡើង​ទៅ​ជុំ​ទី៣​ ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ​ ដោយ​សារ​តែ​ដៃគូ​ សារឿន ចាន់​ មាន​បញ្ហា​សុខភាព​មិន​អាច​ប្រកួត​បាន​ ដូច្នេះ​អស់​ឱកាស​ត្រឹម​ជុំ​ទី២​នេះ​ហើយ។​ យ៉ាងណា​មិញ​ រឿម​ វណ្ណៈ​ ក៏​ត្រូវ​ប្រកួត​មិត្តភាព​កំដរ​កម្មវិធី​ជា​មួយ​សិស្ស​ប្អូន​មក​ពី​ឆត្រយោង​ ៩១១​ សំ​ អាន​ ផង​ដែរ។​

រឿម​ វណ្ណៈ ​(ក្រហម)

រឿម​ វណ្ណៈ​ ប៉ះ​កីឡាករ​ថ្មី​ថ្មោង​ សំ​ អាន​ មក​ពី​ឆត្រយោង​ ៩១១​ ចង់​ពិបាក​ទម្រាំ​អាច​យក​ឈ្នះ​ពិន្ទុ​នា​ជំនួប​មិត្តភាព​នេះ។​ វណ្ណៈ​ បាន​ឲ្យ​ដឹង​ថា​ ជួប​កីឡាករ​ថ្មីៗ​ទើប​ឡើង​ប្រកួត​បែប​នេះ​គឺ​ពិបាក​វ៉ៃ​ជា​មួយ​តែ​ម្ដង​ ពោល​ចូល​ភ្លាម​វ៉ៃ​បុក​យក​ៗ​ វ៉ៃ​មិន​សំចៃ​កម្លាំង​ឡើយ​តាំង​ពី​ទឹក​ទី១​រហូត​ដល់​ចប់​ទឹក​ទី៣។​ ចំណែក​គូ​ពាន​រង្វាន់​១រូប​ទៀត​នោះ​គឺ​ គង់​ សំបូរ​ ប៉ះ​ សោម​ វិឆ្ឆ័យ​។​ អ្នក​ទាំង​ពីរ​នាក់​នេះ​ គឺ​ចំណាយ​ពេល​ពេញ​៣ទឹក​តែ​ម្ដង​ទម្រាំ​រក​ឃើញ​អ្នក​ឈ្នះ​ចាញ់។​ សោម​ វិឆ្ឆ័យ​ ជា​អ្នក​បាន​ឡើង​ទៅ​ជុំ​ទី៣​ បន្ត​ទៀត​បន្ទាប់​ចៅក្រម​ដាក់​ពិន្ទុ​ឲ្យ​ឈ្នះ​លើ​ គង់​ សំបូរ។

កីឡាករ​ រឿម​ វណ្ណៈ​ នឹង​ត្រូវ​ប៉ះ​ សោម​ វិឆ្ឆ័យ​ នៅ​ជុំ​ទី៣​ វគ្គ​៨នាក់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​របស់​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់