• 2020-02-20 02:15:24
  • បាល់ទាត់

កំណត់ត្រា​ Premier League ៨​ដែល​ Liverpool អាច​បំបែក​រដូវ​កាល​នេះ

  • 2020-02-20 02:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កំពុង​ដាច់​២២​ពិន្ទុ​នៅ​កំពូល​តារាង​ និង​រំពឹង​លើក​ពាន​ Premier League លើក​ដំបូង​ក្រោយ​ខកខាន​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ។

ក្រុម​រហស្សនាម​ហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវ​កាល​២០១៩-២០​២០​ បើ​តាម​ការ​ប៉ាន់​ស្មាន​គឺ​អាច​ចំ​ប្រកួត​ប៉ះ Crystal Palace។ ក្រៅ​ពី​រឿង​លើក​ពាន​មាន​កំណត់ត្រា​៨​ផ្សេង​ទៀត​ដែល​ពួកគេ​អាច​បំបែក​បាន៖​

១. ពិន្ទុ​ច្រើន​បំផុត​

Manchester City គឺ​កាន់​កំណត់ត្រា​ពិន្ទុ​ច្រើន​បំផុត​ក្នុង​១​រដូវ​កាល​នៅ​ Premier League ចំនួន​១០០​ពិន្ទុ​។ Liverpool ដែល​ពេល​នេះ​មាន​៧៣​ពិន្ទុ​ក្រោយ​២៥​សប្ដាហ៍​ មាន​លទ្ធភាព​ដណ្ដើម​បាន​១១២​បើ​ពួកគេ​បន្ត​ឈ្នះ​ដល់​ចប់​រដូវ​កាល។​

២. ពាន​មាស Arsenal ជា​អ្នក​កាន់​កំណត់ត្រា​ពាន​មាស​ក្រោយ​លេង​មិន​ចាញ់​៤៩​ប្រកួត​ជាប់​គ្នា​កាល​ពី​រដូវ​កាល​ ២០០៣/២០០៤។ Liverpool ពេល​នេះ​លេង​៤២​ប្រកួត​ហើយ​ ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើង​នៅ Premier League។​

៣. គម្លាត​ក្រុម​លេខ​២​

City លើក​ពាន​ទាំង​ដាច់​១៩​ពិន្ទុ​ពី​ក្រុម​លេខ​២ Manchester United រដូវ​កាល​ ២០១៧/១៨។ Liverpool កំពុង​ដាច់​២២​ពិន្ទុ​ពី​លេខ​២ Man City ហើយ​គម្លាត​នេះ​អាច​កាន់​តែ​ធំ​ថែម​ទៀត​ ដើម​សិន​ពួកគេ​បន្ត​ឈ្នះ។​ ​

៤. ការ​ឈ្នះ​ជាប់​ៗ​គ្នា​

ក្នុង​ឆ្នាំ​២០១៧​ Man City ឈ្នះ​១៨​ប្រកួត​ជាប់​គ្នា​នៅ Premier League ស្រប​ពេល​គិត​ត្រឹម​សប្ដាហ៍​ទី​២៥​ Liverpool បាន​ឈ្នះ​១៦​ប្រកួត​ជាប់​គ្នា​ហើយ ខណៈ​ក្រុម​ដែល​ត្រូវ​ប៉ះ​ពួកគេ​បន្ទាប់​គឺ Norwich, West Ham និង​ Watford សុទ្ធ​សឹង​ជា​គីឡូ​អាច​យក​ឈ្នះ​បាន។

៥. ​ថ្ងៃ​ក្លាយ​ជា​ជើង​ឯក

United ឆ្នាំ​២០០១ និង​ City ឆ្នាំ​២០១៨​ ក្លាយ​ជា​ជើង​ឯក​៥​ប្រកួត​មុន​បិទ​រដូវ​កាល។​ បើ​សិន​ឈ្នះ​៦​ប្រកួត​ទៀត​បាន​ Liverpool និង​ក្លាយ​ជា​ជើង​ឯក​៧​ប្រកួត​មុន​បិទ​រដូវ​កាល​គឺ​លឿន​ជាង​ក្រុម​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ។​

៦. ជ័យ​ជម្នះ​ច្រើន​បំផុត​

២​រដូវ​កាល​ចុង​ក្រោយ​ Manchester City ឈ្នះ​៣២​ប្រកួត​ក្នុង​មួយ​រដូវ​កាល​។ គិត​ត្រឹម​ពេល​នេះ​ Liverpool ឈ្នះ​២៤​ដង​ហើយ​ ខណៈ​ពួកគេ​នៅ​សល់​១៣​​ប្រកួត​ទៀត​ដើម្បី​ស្វែង​រក​ជ័យ​ជម្នះ​បន្ថែម។​

៧. ការ​ស្មើ​តិច​បំផុត​

City និង​ Tottenham ស្មើ​២​ប្រកួត​នៅ​រដូវ​កាល​មុន​ ជា​កំណត់ត្រា​តិច​បំផុត​ ស្រប​ពេល​ Liverpool ពេល​នេះ​ទើប​តែ​ស្មើ​១​ប៉ុណ្ណោះគឺ​ស្មើ Manchester United ១-១ នៅ Old Trafford។ ​

៨. ការ​មិន​ចាញ់​សោះ​

បើ​មិន​ចាញ់​សោះ​ក្នុង​១​រដូវ​កាល​ Liverpool មិន​អាច​បំបែក​កំណត់ត្រា​អ្វី​បាន​ទេ ប៉ុន្តែ​ពួកគេ​នឹង​ស្មើ​កំណត់ត្រា​ Arsenal ដែល​លេង​មិន​ចាញ់​សោះ​កាល​ពី​ឆ្នាំ​២០០៤៕ ​

អត្ថបទ៖ សៀនហួរ

មតិយោបល់