• 2020-02-12 03:20:50
  • បាល់ទាត់

មូលហេតុ​សំខាន់​៣​ Man City មិន​អាច​ឈាន​ដល់​កម្រិត​កំពូល​ដូច​រដូវ​កាល​មុន​

  • 2020-02-12 03:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ប៉ាវ​យក​ពាន​ Premier League ២​រដូវ​កាល​ជាប់​គ្នា​​ ក្នុង​នោះ​ពួកគេ​កើប​បាន​​ពិន្ទុ​សរុប​ទាំង​ពីរ​លើក​ចំនួន​ ១៩៨។​

ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​បំបែក​កំណត់ត្រា​រក​បាន​១០០​ពិន្ទុ​លើក​ដំបូង​នៅ​លីគ​កំពូល​អង់គ្លេស​ថែម​ទាំង​លើក​ពាន​ក្នុង​ស្រុក​ទាំង​អស់​នៅ​រដូវ​កាល​តែ​មួយ​រួម​មាន​ Premier League, FA Cup, League Cup គ្មាន​ក្រុម​ណា​ធ្លាប់​ធ្វើ​បាន​ក្នុង​ប្រវត្តិសាស្ត្រ។​​​

យ៉ាង​ណា​ក្រុម​ការពារ​តំណែង​ជើង​ឯក​មក​ពី​ទីក្រុង​ Manchester ត្រូវ​ធ្លាក់​ទម្រង់​លេង​សឹង​មិន​គួរ​ឲ្យ​ជឿ​នៅ​រដូវ​កាល​នេះ​ ត្បិត​ឈរ​លេខ​ពីរ​ប៉ុន្តែ​ពួកគេ​ចាញ់​ប្រៀប​ Liverpool ដែល​ឈរ​កំពូល​តារាង​រហូត​២២​ពិន្ទុ។​ មាន​មូលហេតុ​សំខាន់​៣​ដែល​ធ្វើ​ឲ្យ​ City ថមថយ​ដូច្នេះ៖​

១. បញ្ហា​ខ្សែ​ការពារ

Manchester City មិន​អាច​រក​អ្នក​ជំនួស​ប្រធាន​ក្រុម​ Vincent Kompany បាន​ទេ ក្រោយ​ខ្សែ​ការពារ​រូប​នេះ​ចាកចេញ​ទៅ​លេង​ក្នុង​ប្រទេស​កំណើត។​ Nicolas Otamendi និង​ John Stones លេង​មិន​ស៊ី​ចង្វាក់​គ្នា​សោះ​នៅ​តំបន់​កណ្ដាល​ ខណៈ Laporte បាន​អវត្តមាន​ជា​ច្រើន​ប្រកួត​ដោយ​សារ​របួស​ធ្វើ​ឲ្យ​ Pep ទម្លាក់ Fernandinho ​ពី​ខ្សែ​បម្រើ​ឲ្យ​មក​ចុះ​ការពារ​វិញ​។​ City របូត​២៩​គ្រាប់​នៅ Premier League រដូវ​កាល​នេះ​ បើ​ធៀប​រដូវ​កាល​មុន​​ពួកគេ​របូត​តែ​២៣​គ្រាប់​ប៉ុណ្ណោះ​ពេញ​មួយ​រដូវ​កាល។​​

២. ការ​សម្រេច​ទី​មិន​ល្អ​

ជា​ការ​ពិត​ City មាន​ឱកាស​ច្រើន​ជាង​គូ​ប្រជែង​សឹង​គ្រប់​ប្រកួត​នីមួយ​ៗ។ យ៉ាង​ណា​ការ​សម្រេច​ទី​របស់​ក្រុម​រហស្សនាម​ ពណ៌​ផ្ទៃ​មេឃ​គឺ​មិន​បាន​ល្អ​សោះ​ និយាយ​ស្រួល​ស្ដាប់​គឺ​ល្អ​មើល​ តែ​មិន​ល្អ​ស៊ី។​ គេ​អាច​មើល​ការ​ប្រកួត​ទល់​នឹង​ Tottenham ជា​ឧទាហរណ៍​ស្រាប់។​ City មាន​ឱកាស​ជា​ច្រើន​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ ខណៈ​ Spurs មាន​ឱកាស​តិច​តែ​រក​បាន​២​គ្រាប់​។ នេះ​គេ​នៅ​មិន​ទាន់​រាប់​ការ​ទាត់​ប៉េណាល់​ទី​ផង។​ Raheem Sterling ស៊ុត​មិន​ចូល​២​លើក, Gabriel Jesus ស៊ុត​មិន​ចូល​៤​លើក​ សម្រាប់​ការ​ព្យាយាម​ទាត់​៦​ដង។​

៣. មេរោគ​ឈ្មោះ​ថា "Liverpool”

មូលហេតុ​២​ខាង​លើ​អាច​យក​ជា​ការ​បាន​ ប៉ុន្តែ​បើ​មើល​ឲ្យ​ល្អិត​ទៅ​ Manchester City មិន​អន់​ទេ គ្រាន់​តែ​ Liverpool រដូវ​កាល​នេះ​ល្អ​ខ្លាំង​​ពេក​ទើប​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​តាម។​ ក្រុម​លោក​ Pep ឈ្នះ​១៦ ស្មើ​៣ និង​ចាញ់​៦ ជា​ស្ថិតិ​មួយ​មិន​អន់​ឡើយ​ ប៉ុន្តែ​ Liverpool វិញ​លេង២៥​ ឈ្នះ​២៤ ស្មើ​១​ និង​មិន​ដែល​ចាញ់​សោះ។​ ការ​ខ្លាំង​ហួសហេតុ​បែប​នេះ​ វា​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​ City ក្នុង​ការ​ប្រជែង​ពាន​ Premier League វា​ប្រៀប​បាន​នឹង​មេរោគ​ដែល​ពិបាក​រក​ថ្នាំ​ព្យាបាល​៕

អត្ថបទ៖ សៀនហួរ

មតិយោបល់