• 2020-01-20 02:10:00
  • បាល់ទាត់

នេះ​មូល​ហេតុ Samrong ​មក​ពី​ខេត្ត​ឆ្ងាយ ប៉ុន្តែ​អាច​បំបាក់​ក្រុម​ខ្លាំង​សៀមរាប​បាន

  • 2020-01-20 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា​ទេ ​ក្រុម Samrong ​ដែល​មក​ពី​ខេត្ត​ឧត្តរមាន​ជ័យ ​អាច​លើក​ពាន​រង្វាន់​បាន​នៅ​មណ្ឌល​សៀមរាប ​ដែល​ពោរពេញ​ដោយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន។

​លោក ហួត លាងហឹម ​ដែល​ជា​ប្រធាន​ក្រុម Samrong FC ​បាន​បញ្ជាក់​មូល​ហេតុ​ដែល​ក្រុម​ខ្លួន​ធ្វើ​បាន​ល្អ​ថា​៖ “​យើង​មិន​អាច​ប្រាប់​បច្ចេកទេស​លេង​ច្រើន​ទេ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​យើង​លេង​ជាមួយ​គ្នា​១០​ឆ្នាំ​មក​ហើយ។ ​បើ​ទោះ​ជា​ក្រុម​យើង​មិន​ពី​ឆ្ងាយ​ហើយ​នឿយហត់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ដោយសារ​តែ​ក្នុង​ចិត្ត​ជា​អ្នក​កីឡា ​ចង់​ឈ្នះ ទើប​ធ្វើ​ឱ្យ​ការ​លេង​របស់​ក្រុម​មិន​ហត់​ឡើយ​ទោះ​លេង​ជាប់​ៗ​គ្នា​ក៏​ដោយ”។

លោក ហួត លាងហឹម ​ដែល​ជា​ប្រធាន​ក្រុម Samrong FC

ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ខាង​លើ ​បាន​បញ្ជាក់​ទៀត​ថា ​ក្រុម​កីឡាករ​ក្នុង​ក្រុម​របស់​លោក ​សុទ្ធ​តែ​អ្នក​ធ្វើ​ការ​ទេ ដោយ​លោក​ត្បិត​តែ​ជា​អ្នក​ឧត្តរមានជ័យ​មែន ប៉ុន្តែ​មក​ធ្វើ​ការ​ងារ​នៅ​សៀមរាប​នេះ ​ខណៈ​ដែល​ខ្លះ​ទៀត ​មាន​មុខ​របរ​ជា​កសិករ​ក៏​មាន​ដែរ។ ​តែ​ដោយសារ​ការ​យល់​ចិត្ត​គ្នា ​នឹង​ធ្លាប់​លេង​ជាមួយ​គ្នា​១០​ឆ្នាំ​មក​ហើយ​នោះ ​ទើប​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ ​រហូត​ទទួល​បាន​ជ័យជម្នះ​លើក​ពាន​មណ្ឌល​សៀមរាប​នេះ​តែ​ម្ដង។ Samrong FC ​ទើប​លេង Tiger Street Football ​៣​លើក​ប៉ុណ្ណោះ។

សូម​រំលឹក​ថា​នៅ​មណ្ឌល​សៀមរាប ​ក្រុម​លេខ​១​គឺ​ Samrong FC ​បាន​១ ៥០០​ដុល្លារ ​ក្រុម​លេខ​២ Kiridongrek ​បាន ១ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​The Brother FC ​បាន​៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤ Fratelo FC (B) ​ទទួល​បាន​២០០​ដុល្លារ។ ​ក្រុម​ទាំង​៤​នេះ ​រួម​ជាមួយ​ក្រុម​៨​ផ្សេង​ទៀត​នៅ​មណ្ឌល​សៀមរាប ​នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី​ ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់