• 2020-01-13 08:02:11
  • បាល់ទាត់

​អ្នក​ចាត់ការ​ទូទៅ​ SRU Stadium បញ្ជាក់​មូល​ហេតុ​រៀបចំ ​Siem Reap Super Asia Cup 2020

  • 2020-01-13 08:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់ ​សៀមរាបយូណាយធីត ​សហការ​ជាមួយ​ Bolabros និង Karki Jersi​ នឹង​រៀបចំការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ​ Siem Reap Super Asia Cup 2020​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៦ ​ខែ​មករា ​នៅ​កីឡដ្ឋាន​ SRU ​ខេត្ត​សៀមរាប​ ដោយ​មាន​ការ​ចូល​រួម​​ពី​ក្លឹប​អង្គរថាយហ្គឺរ,​ វិសាខា​, Bhayangkara FC ​ពី​ឥណ្ឌូនេស៊ី​ និង​ក្លឹប​ម៉ាឡេស៊ី ​Petaling Jaya City FC។

ជា​លទ្ធផល​ពី​ការ​ចាប់​គូ​កាល​ពី​រសៀលថ្ងៃសុក្រ ​ទី១០ ​ខែ​មករា ​អង្គរថាយហ្គឺរ ត្រូវ​ជួប​ជាមួយ​ Petaling Jaya City FC ​ថ្ងៃ​ព្រហស្បតិ៍ ​ទី២៣​ ខែមករា​ និង វិសាខា ប៉ះ Bhayangkara FC ​នៅ​ថ្ងៃ​សុក្រ​ ទី​២៤ ​ខែ​មករា។​ ក្រុមឈ្នះ​នឹងឡើងប៉ះ​គ្នាយក​ជើងឯក​នៅថ្ងៃអាទិត្យ ​ទី២៦ ​ខែមករា​ និង​ក្រុម​ចាញ់​ជួបគ្នា​យក​លេខ​៣​នៅ​ថ្ងៃសៅរ៍​ទី២៥ ខែមករា។

លោក ប៊ួយ ដារី​ អ្នកចាត់ការទូទៅក្លឹប​ពាក់កណ្ដាល​អាជីព​សៀមរាបយូណាយធីត ​និង​កីឡដ្ឋាន​ SRU ឲ្យ​ដឹង​ថា​ Siem Reap Super Asia Cup ​បង្កើត​ឡើង​ដើម្បី​សាកល្បង​ទីលាន​ និង​ការ​រៀបចំ​របស់​ខ្លួន​ក្នុងព្រឹត្តិការណ៍​ធំបែបនេះ។​ លោកសង្ឃឹមថា​ នឹងមានអ្នកគាំទ្រច្រើន​ ព្រោះ​មាន​ការចូលរួម​ពី​ក្លឹប​សម្បូរ​ប្រជាប្រិយ​នានា ជា​ពិសេស​អង្គរថាយហ្គឺរ​ដែលមាន​ប្រិយមិត្ត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅខេត្ត​សៀមរាប។

គួរដឹង​ដែរថា​ ការ​ប្រកួត​ទាំងអស់​នឹង​ប្រព្រឹត្ត​ទៅ​នៅកីឡដ្ឋាន ​SRU វេលា​ម៉ោង៤​ល្ងាច​ដូចគ្នា។ ​សំបុត្រ​ចូលរួម​ទស្សនា​មាន​តម្លៃ ៤០០០ រៀល សម្រាប់​កន្លែង​គ្មាន​ដំបូល​ ហើយ​ប្រសិន​​បើទិញ​សរុប​សម្រាប់​៤ប្រកួត​តែ​ម្ដង ​លោក​អ្នក​នឹង​ចំណាយ​ត្រឹម​១២០០០​រៀល​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់​កន្លែង​មាន​ដំបូល​វិញ តម្លៃ​ ១០០០០ រៀល ​ ហើយ​ក្នុងករណីទិញ​ទុកទាំង៤ប្រកួត​នឹងចំណាយ​ត្រឹម​៣០០០០ រៀល ប៉ុណ្ណោះ៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់