• 2020-01-08 11:27:45
  • បាល់ទាត់

ជើងខ្លាំង​អេស្ប៉ាញ ៤ក្រុម​លេង​ពាន Super Cup តែ​ម៉េច​ក៏​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត?

  • 2020-01-08 11:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Top 4 របស់​លីគ​កំពូល​អេស្ប៉ាញ​នា​រដូវ​កាល​មុន​ ដែល​រួម​មាន Barcelona ក្លឹប​ Real Madrid ក្លឹប​Atletico Madrid និង​ក្លឹប​ Valencia នឹង​ត្រូវ​ជួប​គ្នា​នៅ​ក្នុង​ពាន Super Cup អេស្ប៉ាញ​ ក្រោម​រូបភាព​កែ​ទម្រង់​ប្រព័ន្ធ​ថ្មី។

  • Real Madrid vs Valencia យប់​ថ្ងៃ​ទី០៨ ខែ​មករា ម៉ោង​២រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា)

  • Barcelona vs Atletico Madrid យប់​ថ្ងៃ​ទី០៩ ខែ​មករា ម៉ោង២រំលង​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)

ក្នុង​ប្រព័ន្ធ​ថ្មី​នេះ​ ក្លឹប​ជើង​ខ្លាំង​ចំនួន ៤នៅ​ក្នុង​លីគ​កំពូល​នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ពាន​ Super Cup នៅ​ក្នុង​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត នៅ​ខែ​មករា។ ប្រព័ន្ធ​នេះ​នឹង​ប្រើប្រាស់​យ៉ាង​តិច​ក៏​ ៣ឆ្នាំ​ដែរ ដោយសារ​តែ​ខាង​ស្ថាប័ន​បាល់ទាត់​អេស្ប៉ាញ និង​អគ្គ​អាជ្ញាធរ​កីឡា​របស់​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចុះ​កិច្ច​ព្រមព្រៀង​ ៣ឆ្នាំ​កាល​ពី​ឆ្នាំ​ទៅ។

ការ​លេង​នៅ​ប្រទេស​ទី៣ ហាក់​បង្ក​ការ​ងឿង​ឆ្ងល់​ទៅ​ដល់​ប្រិយមិត្ត​មួយ​ចំនួន ដោយសារ​តែ​មិនមាន​ការ​ផ្ដល់​ហេតុផល​ច្បាស់​លាស់​ពី​ខាង​ភាគី​អេស្ប៉ាញ។ យ៉ាងណាមិញ បើ​យោង​តាម​សារព័ត៌មាន BBC ខាង​សហព័ន្ធ​ភូមិន្ទ​អេស្ប៉ាញ​អាច​នឹង​រក​បាន​ប្រាក់​ចំណូល​ពី​ការ​ប្រកួត​នេះ​កាន់​តែ​ច្រើន ដោយ​ទាក់ទាញ​ទស្សនិកជន​មក​ពី​រាជាណាចក្រ​នៃ​មជ្ឈិមបូព៌ា​មួយ​នេះ។

ចំណែក​សម្រាប់​ខាង​ភាគី​ម្ចាស់​ផ្ទះ​វិញ បាន​ប្រកាស​ជា​ច្រើន​ដង​លើ​ទំព័រ​សារព័ត៌មាន​ថា​ ព្រះរាជាណាចក្រ​កំពុង​ខ្នះខ្នែង​ស្វែងរក​ជម្រើស​ថ្មី​សម្រាប់​ចំណូល​សេដ្ឋកិច្ច ដោយ​មិន​ចង់​ពឹងផ្អែក​លើ​ការ​លក់​ប្រេង​ពេក​ ពេល​នេះ​កំពុង​តែ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ប្រកាស​ធ្វើ​ជា​មជ្ឈមណ្ឌល​អន្តរជាតិ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា។

កន្លង​មក មាន​ព្រឹត្តិការណ៍​កីឡា​នានា ដែល​រៀបចំ​នៅ​ប្រទេស​នេះ ដោយ​មាន​ដូច​ជា​ប្រដាល់​ល្បីៗ និង​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ល្បីៗ​ជា​ដើម។

ចំពោះ​ព្រឹត្តិការណ៍ Super Cup អេស្ប៉ាញ​វិញ ធ្វើ​នៅ​រដូវ​រងា​នេះ ដើម្បី​កុំ​ឲ្យ​ជាន់​កាលវិភាគ​ជាមួយ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​នៅ​រដូវ​ក្ដៅ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់