• 2019-12-17 09:21:45
  • ប្រដាល់

ចាន់ រតនា បង្ហើបគម្រោងពីរនៅឆ្នាំ ២០២០

  • 2019-12-17 09:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករកំពូលគុនចម្រុះលេចធ្លោកម្ពុជា ចាន់ រតនា ដែលឈ្នះនៅសង្វៀន ONE Championship បីលើកជាប់គ្នាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា បានបង្ហើបអំពីគម្រោងការចំនួន ២ នៅឆ្នាំ ២០២០។ ផែនការទី១ ចង់ទទួលការប្រកួតបានច្រើនជាងឆ្នាំ ២០១៩ នៅសង្វៀន ONE Championship និងទី២ ពង្រឹងគុណភាពដល់ការបង្វឹកសម្រាប់កូនសិស្សឲ្យបានខ្លាំងក្លា។

១-ផែនការទៅប្រកួតបានច្រើននៅឆ្នាំ ២០២០៖

ចាន់ រតនា បានដាក់គោលដៅចង់ប្រកួត៤លើកនៅសង្វៀន ONE Championship តាមតែអាចធ្វើទៅបាន ព្រោះថាឆ្នាំ ២០១៩ កន្លងទៅរូបគេប្រកួតបានតែ ២ លើកប៉ុណ្ណោះ។ ម្ចាស់ក្លិបសិល្បៈបានថ្លែងថា៖«អ្វីដែលខ្ញុំចង់បង្ហាញ គឺ ដាក់គោលដៅប្រកួតឲ្យបាន ៤ដងនៅឆ្នាំ ២០២០។ នេះជាការគិត របស់ខ្ញុំបើសិនមិនមានបញ្ហារាំងស្ទះនោះទេ។

ប៉ុន្តែបំណងទាំងនេះត្រូវរង់ចាំចម្លើយអំពីអ្នកចាត់ការរបស់ខ្ញុំ ឬ អ្នកផ្គូផ្គងរបស់ខ្ញុំដែរ»។ បន្ទាប់ពីរូបគេ ឈ្នះកីឡាករជើងខ្លាំងចំបាប់របស់គុយបា Gustavo Balart កាលពាក់កណ្ដាលខែ សីហា មក អ្នកលេងគុនចម្រុះតំណាងឲ្យកម្ពុជាខកខានឡើងសង្វៀនលំដាប់ពិភពលោកនេះរយៈពេលជាង ៤ ខែមកហើយ។

កូនប្រុសរបស់លោក ចាន់ ប៊ុនធឿន រំពឹងថា រូបគេអាចនឹងឡើងសង្វៀនដដែលនេះជាថ្មីនៅដើមឆ្នាំ ២០២០ ខាងមុខ។ បច្ចុប្បន្ននេះ រតនា បានដាក់ចិត្តដាក់កាយខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងមុន ដោយតែអាចប្រឈមនឹងគូប្រជែងខ្លាំងៗទៅថ្ងៃអនាគត និងអាចជាបេក្ខភាពមួយដណ្ដើមខ្សែក្រវាត់ទៀតផង។

គួរដឹងថា ចាន់ រតនា ប្រឡូកលើសង្វៀនគុនចម្រុះចំនួន ១០ លើកក្នុងនោះ ឈ្នះ ៧ ដង និង ចាញ់ ៣ ដងបន្ទាប់ពីកីឡាករជំនាញយុទ្ធគុនខមរូបនេះប្រឡូកលើសង្វៀនគុនចម្រុះតាំងឆ្នាំ២០១៥មក។ ក្នុងកំណត់ត្រាដ៏អស្ចារ្យមិនធ្លាប់មាន ម្ចាស់ក្លិប «សិល្បៈ» ឈ្នះ៣លើកជាប់គ្នានៅសង្វៀន ONE ដោយវាយកីឡាករឥណ្ឌូណេស៊ី ពីររូប Abro Fernandez និង Rudy Agustian ត្រឹមទឹកទី២ មុនពេលឈ្នះពិន្ទុ ជើងខ្លាំងជំនាញចំបាប់គុយបា Gustavo Balart នាពាក់កណ្ដាលខែ សីហា កន្លងទៅនៅកម្មវិធី ONE:DREAMS OF GOLD នៅប្រទេសថៃ។

២-ដាក់ផែនការពង្រឹងគុណភាពនៅក្លិប៖

ក្រៅពីហ្វឹកហាត់ខ្លួនឯងត្រៀមប្រកួត ចាន់ រតនា បានយកពេលប្រចាំថ្ងៃដើម្បីពង្រឹងក្លិបរបស់ខ្លួនទៀតផង និង បន្តបេសកកម្មនេះឲ្យបានល្អថែមទៀតនៅឆ្នាំ ២០២០ ខាងមុខ។

ក្លិប«សិល្បៈ» គឺជាកម្មសិទ្ធិរបស់ អ្នកលេងគុនចម្រុះល្បីឈ្មោះ ចាន់ រតនា ដែលបានប្ដូរទៅកាន់ទីតាំងថ្មីផ្ទះលេខ១០៩ ផ្លូវ ១៣ BT សង្កាត់បឹងទំពន់១ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ទល់មុខនឹង Phnom Penh Sports Club ផ្លូវ២៧១)កាលដើមខែ កញ្ញាកន្លងទៅ។

ចំណែកទីតាំងជួលក្លិបចាស់ស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះបានផុតកិច្ចសន្យាត្រឹមខែ សីហា បន្ទាប់ពីដំណើរការឲ្យហ្វឹកហាត់និងរស់នៅរយៈពេល ៣ ឆ្នាំ។ ការផ្លាស់ប្ដូរទៅទីតាំងថ្មីនេះត្រូវបាន រតនា បង្ហើបថា កូនសិស្សមិនថមថយនោះទេពោល នៅថេរត្រឹមចន្លោះពី ៤០ ទៅ ៥០នាក់ជាប្រចាំថ្ងៃ។ កូនសិស្សភាគច្រើនជាអ្នកមកហ្វឹកហាត់ដើម្បីសុខភាព។

កីឡាករវ័យ៣៣ឆ្នាំ និងជាម្ចាស់ក្លិបរូបនេះបញ្ជាក់ថា៖«ខ្ញុំផ្ដោតលើគុណភាពបន្ថែមទៀតដល់កូនសិស្សដើម្បីឲ្យពួកគាត់ពេញចិត្តសេវាកម្មរបស់ពួកខ្ញុំ។ ខ្ញុំគិតថាយុវវ័យឥឡូវយល់ដឹងអំពីសុខភាពច្រើន។ ហើយក្លិបរបស់ខ្ញុំក៏មិនធ្វើឲ្យបងប្អូនខកបំណងដែរបើសិនចង់មកទទួលការហ្វឹកហាត់គុនខ្មែរ។ បងប្អូនអាចយល់ដឹងអំពីគុនខ្មែរផងនិងទទួលបានសុខភាពផង។ ហើយបង្ហាត់ដោយគ្រូជំនាញៗចំនួន ៤នាក់»៕

អត្ថបទ៖ ស៊ីធី

មតិយោបល់