• 2019-12-02 11:28:53
  • បាល់ទាត់

រដូវ​កាល​បាល់ទាត់​លីគ​នៅ​ឈីលី ត្រូវ​បាន​បញ្ចប់​មុន​កាល​កំណត់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

  • 2019-12-02 11:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​ប្រធាន​ក្លឹប​បាល់ទាត់​អាជីព​ឈីលី បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា គ្រប់​ការ​ប្រកួត​ទាំង​នៅ​លីគ​កំពូល និង​លីគ​លំដាប់​ទី២ ដែល​នៅ​សេសសល់​ក្នុង​រដូវ​កាល ២០១៩​នេះ​ ត្រូវ​បាន​ផ្អាក​ទាំង​អស់។

  • លីគ​កំពូល​បាល់ទាត់​នៅ​ឈីលី​មាន ១៦​ក្រុម ដោយ​រំពឹង​ថា​លេង ៣០​ប្រកួត តែ​គិត​ត្រឹម​ពេល​នេះ​ទើប​តែ​លេង​បាន ២៤​ប្រកួត​ទេ ដោយ ៦ប្រកួត​នឹង​ត្រូវ​រំសាយ​ចោល។

ការ​បញ្ចប់​មុន​រដូវ​កាល​នេះ ធ្វើ​ឡើង​ក្រោម​ហេតុផល​បារម្ភ​ពី​សន្តិសុខ និង​សុវត្ថិភាព​ ក្រោយ​ពី​កើត​មាន​អំពើ​ហិង្សា​រវាង​ក្រុម​ប៉ូលិស និង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អស់​ជាង ៦សប្ដាហ៍​មក​ហើយ។

នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ឈីលី​ហើយ​ ដែល​មាន​ការ​រំសាយ​ការ​ប្រកួត​ទាំង​អស់​ដូច្នេះ ដោយ​សូម្បី​តែ​មាន​រដ្ឋប្រហារ​ឆ្នាំ ១៩៧៣ ដោយ​ឧត្ដមសេនីយ៍ Augusto Pinochet ក៏​ប្រកួត​បាល់ទាត់​នៅ​តែ​បន្ត​ធម្មតា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​មាន​ការ​បង្កើន​ថ្លៃ​សេវា​ដឹកជញ្ជូន​សាធារណៈ។ ក្រោយ​មក​បាតុកម្ម​នេះ ក៏​រាលដាល​ពេញ​ប្រទេស ដែល​បង្កើត​ជា​ចលនា​ប្រឆាំង​នឹង​វិសមភាព តម្លៃ​ថ្លៃ​ពេក​នៃ​សេវា​សុខភាព​ និង​កម្សោយ​ថវិកា​ទៅ​លើ​វិស័យ​អប់រំ។

បាតុកម្ម​នេះ បាន​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​រវាង​ប៉ូលិស និង​ក្រុម​បាតុករ​ ដោយ​គិត​មក​ត្រឹម​ពេល​នេះ​មាន​មនុស្ស​យ៉ាង​តិច ២៦​នាក់​បាត់​បង់​ជីវិត ហើយ​រាប់រយ​នាក់​រង​របួស៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់