- 2019-11-25 07:43:30
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុថ្មី លើកពីចំណុចសំខាន់ចំពោះមុខត្រូវដោះស្រាយ
- 2019-11-25 07:43:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុថ្មី លើកពីចំណុចសំខាន់ចំពោះមុខត្រូវដោះស្រាយ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុថ្មី ដែលទើបចូលដាក់តំណែងបង្ហាញចំណុចសំខាន់ៗចំពោះមុខដែលត្រូវធ្វើចាំបាច់ដើម្បីកីឡាករហ្វឹកហាត់នោះមាន តុហាត់រៀន កន្លែងមន្ត្រីសហព័ន្ធធ្វើការ និងកិច្ចការសំខាន់មួយទៀត។
ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប្រធានថ្មីនៃសហព័ន្ធខាងលើនេះ ប្ដេជ្ញានឹងធ្វើឲ្យបានល្អ ដឹកនាំកីឡាមួយនេះឲ្យមានភាពរីកចម្រើន ពង្រឹងសមត្ថភាពឆ្ពោះទៅកាន់ការប្រកួតនៅឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ សម្រាប់ជំហានដំបូង ឯកឧត្ដមគឺរ៉ាប់រងរៀបចំកន្លែងធ្វើការឲ្យសមរម្យ ល្អជាងនេះព្រោះមើលទៅយ៉ាប់ខ្លាំងណាស់ បើមានសមភាពដូចបច្ចុប្បន្ននេះ គ្មាននរណាម្នាក់ចង់មកធ្វើការងារនោះទេ។ ចំណុចទី២ គឺតុប៉េងពុង និងកម្រាលសុទ្ធតែចាស់ៗអស់ហើយ ដូច្នេះនឹងសម្រួលផ្លាស់ប្ដូរថ្មី។ បន្ថែមពីនេះទៀតនោះគឺនឹងធ្វើរបាំងឲ្យខ្ពស់ដាច់ដោយលែកពីប្រភេទកីឡាដែលកំពុងហ្វឹកហាត់នៅក្នុងសាលជាមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់កីឡាករដែលត្រូវហ្វឹកហាត់នាពេលសព្វថ្ងៃ។ ហេតុនេះហើយអគ្គលេខាធិការ និងមន្ត្រីសហព័ន្ធអាចលើកជាសំណើមក ប្រធានខាងលើនេះនឹងពិនិត្យហើយដោះស្រាយ។
ក្បាលម៉ាស៊ីនថ្មីរបស់សហព័ន្ធវាយកូនឃ្លីលើតុនេះបន្តទៀតថា ចំពោះក្រុមថ្នាល និងក្រុមជម្រើសជាតិប៉ុន្មាននាក់បច្ចុប្បន្ននេះ ប្រសិនបើអ្នកទាំងនោះមានការខិតខំប្រឹងប្រែងពិតប្រាកដមែន ឯកឧត្ដមនឹងរកថវិកាខ្លះៗតាមដែលអាចធ្វើទៅបានបន្ថែមជាការលើកទឹកចិត្តនៃការខំប្រឹងនោះ។
រំលឹកដែរថា សហព័ន្ធវាយកូនឃ្លីលើតុ បានធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ២០១៩ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានបោះឆ្នោតជម្រើសរើសប្រធានថ្មីគឺឯកឧត្ដម គៀត ច័ន្ទថារិទ្ធ បន្ទាប់ពីប្រធានចាស់ឧកញ៉ា រ័ត្ន សាខន សុំឈប់។ សមាជិកប្រតិបត្តិរបស់សហព័ន្ធអាណត្តិទី៦ ឆ្នាំ២០១៧-២០២១ គឺមាន១៣នាក់ រួមមានឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ជាប្រធាន លោក ដួង ហេង លោក ពុំ វិត្យា លោក សុខ វិសាល និងលោក លី សេងឃុង ជាអនុប្រធាន។ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ លោក ព្រុំ ឌុចបូរ៉ានឿន អគ្គហេរញ្ញឹក លោក ចាន់ ពិសិដ្ឋ អគ្គលេខាធិការរង និងសមាជិក៤រូប មានលោក អ៊ឹង ប៊ុនឃាង លោក អម សុផាណា លោក រស់ ជាតិ និងលោក ដួង វណ្ណា៕