• 2019-11-25 03:34:04
  • បាល់ទាត់

​រក​ឃើញ​ជើង​ឯក​ MLBB World Championship 2019 ​ហើយ​

  • 2019-11-25 03:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជើងឯក​ពិភពលោក​ MLBB World Championship 2019 ដែល​ហៅ​កាត់​ថា ​M1 ​បាន​បញ្ចប់​ហើយ​ដែល​ក្រុម​ EVOS Legends​ គ្រង​ជើងឯក​ដែល​មាន​ពាន​រង្វាន់​ និង​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។​ ព្រឹត្តិការណ៍​ជើង​ឯក​ពិភពលោកវិញ្ញាសា ​Mobile Legends: Bang Bang (MLBB) រៀប​ចំ​ដោយ​ក្រុមហ៊ុន​ Shanghai Moonton Technology លើក​ដំបូង​នៅ​ប្រទេស​ម៉ាឡេស៊ីកាល​ពី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា ​ឆ្នាំ២០១៩​កន្លង​ទៅ។

ការប្រកួត​ M1 ដែល​មាន​ប្រាក់​រង្វាន់​សរុប​ ២៥០ ០០០ ​ដុល្លារ​អាមេរិក ​(ម្ភៃ​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក) ប្រជុំ​ដោយ​ជើងខ្លាំង៨ក្រុមដែលជាក្រុមកំពូលមកពី Mobile Legends: Bang Bang Professional League (MPL)មាន​សិទ្ធិ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ និង​៨ក្រុម​ផ្សេង​ទៀត​ប្រកួត​ជម្រុះ​ជុំវិញ​ពិភពលោក​ដែល​សរុប​ទាំងអស់​មាន​១៦ក្រុមប្រកួត។

បន្ទាប់ពី​ការប្រកួត​ដ៏រន្ធត់ ​និងស្វិតស្វាញ​នៅក្នុងពូលនីមួយៗ​ ចន្លោះថ្ងៃទី១ ​ដល់ ​១៤ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លងមក​ ក្រុម​ជើង​ខ្លាំង​ចំនួន​៨​ត្រូវបានស្វែងរកឃើញដើម្បីប្រកួតវគ្គខ្វែងដែលមានន័យថា ក្រុម​ណា​ឈ្នះឡើងវគ្គបន្ត ខណៈក្រុមចាញ់ធ្លាក់ដែលការប្រកួតថ្ងៃទី១៥-១៦-១៧ ខែ​វិច្ឆិកា នៅ​សមរ​ភូមិ​ទីលាន Axiata Arena ​ទីក្រុងកូឡាឡាំពួរ ​ប្រទេសម៉ាឡេស៊ី។ ចំពោះ​ក្រុម​កម្ពុជា​ក៏​បាន​ចូលរួម​ប្រកួត​ក្នុងព្រឹត្តិការណ៍នេះ​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​ល្អ​ទេ​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល។

ក្រុម​ខ្លំាង​ទាំង៨​ដែល​ឆ្លង​ផុត​ពី​វគ្គក្នុង​ពូល​ឡើង​ទៅវគ្គ​ខ្វែង​មានក្រុម ​Rex Regum Qeon (RRQ) (ប្រទេស​ឥណ្ឌូណេស៊ី), ​ក្រុម EVOS Legends (ប្រទេសឥណ្ឌូណេស៊ី), ក្រុម VEC Fantasy Main (វៀតតណាម), ​ក្រុម Burmese Ghouls (មីយ៉ាន់ម៉ា), ក្រុម Axis Esports (ម៉ាឡេស៊ី), ក្រុម Todak (ម៉ាឡេស៊ី), ក្រុម Sunsparks (ហ្វីលីពីន) និងក្រុម 10second Gaming (ជប៉ុន)។

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ជើងខ្លាំង​របស់​ប្រទេស​ឥណ្ឌូណស៊ី​ទាំងពីរ​គឺ ​RRQ និង EVOS​ Legends​។ ទីបំផុត​ EVOS Legends​ បាន​ក្លាយជា​ជើងឯកប្រចាំ​ឆ្នាំ២០១៩​ដែល​ក្តោប​បាន​ទឹក​ប្រាក់​រង្វាន់​ ៨០ ០០០ ដុល្លារ​អាមេរិក​ (ប្រាំបីម៉ឺនដុល្លារអាមេរិក) ​និង​មេដាយ ​ពានរង្វាន់​ បន្ទាប់​ពី​យក​ឈ្នះ​មិត្ត​រួម​ជាតិ​ RRQ ​ដោយ​លទ្ធផល​ ៤-៣៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់