• 2019-11-24 06:58:04
  • បាល់ទាត់

សហព័ន្ធបាល់ទាត់​ប្រទេស​​ណា​ មាន​អាយុ​ចំណាស់​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍?

  • 2019-11-24 06:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ FIFA សមាគម​បាល់ទាត់​សិង្ហបុរី​មាន​អាយុ​ចំណាស់​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​ដី​កោះ​នេះ បាន​បង្កើត​សមាគម​បាល់ទាត់​តាំង​ពី​ឆ្នាំ​ ១៨៩២ ពោល​គឺ​នៅ​ពេល​ដែល​ដែនដី​នេះ​ក្រោម​អាណានិគម​របស់​ចក្រភព​អង់គ្លេស។

តាម​ពី​ក្រោយ​សិង្ហបុរី​គឺ សហព័ន្ធ​បាល់ទាត់​ហ្វីលីពីន​។ ស្រដៀង​គ្នា​នឹង​សិង្ហបុរី​ដែរ ប្រទេស​នេះ​បង្កើត​សហព័ន្ធ​បាល់ទាត់​ កំឡុង​ពេល​ដែល​ខ្លួន​នៅ​ក្រោម​អាណានិគម​អាមេរិក​ ពោល​គឺ​ឆ្នាំ ១៩០៧។ បន្ត​ពី​ហ្វីលីពីន​គឺ ថៃ។ ថៃ​មាន​សមាគម​បាល់ទាត់​របស់​ខ្លួន​នៅ​ឆ្នាំ ១៩១៦។

លុះ​ដល់​ទសវត្ស​ឆ្នាំ១៩៣០ មាន​ប្រទេស​ចំនួន ៣ ដែល​បង្កើត​សមាគម ឬ សហព័ន្ធ​បាល់ទាត់​របស់​ខ្លួន។ ឥណ្ឌូណេស៊ី​ បង្កើត​សមាគម​បាល់ទាត់​នៅ​ឆ្នាំ១៩៣០ ពេល​ក្រោម​អាណានិគម​ហុល្លង់។ យ៉ាងណាមិញ ប្រទេស​នេះ​មាន​ឱកាស​ទៅ​លេង​នៅ​ World Cup នៅ​ឆ្នាំ១៩៣៨។ ម៉ាឡេស៊ី និង​កម្ពុជា បាន​បង្កើត​សមាគម និង​សហព័ន្ធ​បាល់ទាត់​នៅ​ឆ្នាំ​១៩៣៣។

បន្ត​មក​ទៀត​គឺ មីយ៉ាន់ម៉ា។ មុន​ពេល​បាន​ឯករាជ្យ​មួយ​ឆ្នាំ ពោល​គឺ​ឆ្នាំ១៩៤៧ ប្រទេស​នេះ​ក៏​បាន​បង្កើត​សហព័ន្ធ​បាល់ទាត់​របស់​ខ្លួន។ នៅ​ឆ្នាំ១៩៥១ ឡាវ​ក៏​បាន​បង្កើត​សហព័ន្ធ​បាល់ទាត់​របស់​ខ្លួន​ដែរ។ ៨ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ១៩៥៩ ប្រ៊ុយណេ​បាន​បង្កើត​សមាគម​បាល់ទាត់​។

ចំណែក​ឯ​វៀតណាម​វិញ ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​បែងចែក​ជា ២ សហព័ន្ធ​បាល់ទាត់​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ​ នៅ​ឆ្នាំ១៩៦០ ទាំង​នៅ​វៀតណាម​ខាង​ជើង​ និង​វៀតណាម​ខាង​ត្បូង​។

នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ដែល​បង្កើត​សហព័ន្ធ​បាល់ទាត់​ក្រោយ​គេ​គឺ ទីម័រខាងកើត ដោយ​បង្កើត​នៅ​ឆ្នាំ២០០២ ជា​ពេល​ដែល​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ជា​ផ្លូវការ៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់