• 2019-10-10 09:43:51
  • ប្រដាល់

ខុន ស៊ីចាន់ កំពុងសំងំកែប្រែរាល់ចំណុចខ្សោយ មុនប្រកួតនៅសង្វៀន ONE ជាថ្មី

  • 2019-10-10 09:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១ ខុន ស៊ីចាន់ ដែលកីឡាករប្រដាល់មកពីក្លិបអប់រំកាយខេត្តឧត្តរមានជ័យបានទទួលស្គាល់អំពីភាពកម្សោយខាងក្បាច់ចាប់ , វ៉ៃជំហរដេក និង ឃ្លេ នាពេលកន្លងមកពេលប្រកួតនៅសង្វៀន ONE Championship។ ប៉ុន្តែរូបគេកំពុងសំងំកែប្រែរាល់ចំណុចខ្សោយទាំងនេះឲ្យកាន់តែល្អឡើង និង មានការប្រកួតកាន់តែទាក់ទាញនាពេលខាងមុខ។ ស៊ីចាន់ ដែលកំពុងហ្វឹកហាត់រាល់ថ្ងៃជាមួយគ្រូបង្វឹក Fernando Salvador កម្រិតខ្សែក្រវាត់ខ្មៅ៣ផ្នែកជីជិតស៊ូ ត្រូវប៉ះអ្នកលេងគុនចម្រុះជនជាតិឥណ្ឌា Roshan Mainam នៅសង្វៀន ONE: MASTERS OF FATE នាក្រុងម៉ានីលប្រទេសហ្វីលីពីននៅថ្ងៃ ៨ ខែ វិច្ឆិកា ខាងមុខ។

ខុន ស៊ីចាន់ ដែលចាប់ផ្ដើមប្រឡូកលើសង្វៀនគុនចម្រុះតាំងឆ្នាំ ២០១៣មកនោះបានថ្លែងថា៖«ខ្ញុំត្រូវបំពេញចន្លោះប្រហោងក្បាច់វ៉ៃដេក ព្រោះកាលខ្ញុំចាញ់ Rudy Agustian នាខែ កុម្ភៈ គឺ រើអត់រួចតែម្ដង និងដោះមិនចេញ។ ខ្ញុំបុកហ្វឹកហាត់ក្បាច់ការពារជំហរដេកផង និង ជំហរប្រយុទ្ធផង។ ហើយខ្ញុំអាចវាយបកបញ្ចប់គូប្រកួតក្នុងជំហរដេកបើមានឱកាស។ ខ្ញុំគិតថាការវ៉ៃពីលើរបស់ខ្ញុំល្អជាងមុន ហើយការការពារក៏គ្រាន់បើមិនងាយចូលឃ្លេទៀតទេ»។

ម្ចាស់ខ្សែក្រវាត់គុនចម្រុះឆ្នាំ២០១៣ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមរូបនេះឡើងប្រកួតនៅសង្វៀន ONE Championship បានចំនួន ៣ ដងមិនគិតអំពីការប្រកួតគុនចម្រុះនៅក្នុងស្រុក។ ការប្រកួតដំបូង ស៊ីចាន់ ចាញ់មិត្តរួមជាតិ ស៊ឹម ប៊ុនស៊្រន់ ត្រឹមទឹកទី១ ពេលស្ថាប័ន ONE រៀបចំនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៥, ឈ្នះពិន្ទុកីឡាករឥណ្ឌូណេស៊ី Riski Umar កាលខែ មីនា ឆ្នាំ ២០១៨ និង ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី១ កាលខែ កុម្ភៈ ឆ្នាំ ២០១៩។

ក្រៅពីការហ្វឹកហាត់ត្រៀមខាងក្បាច់គុនចម្រុះដូចជាចូលចាប់ ដោះឃ្លេ និង ឃ្លេបញ្ចប់គូប្រកួត កីឡាករជើងចាស់វ័យ ៣១ ឆ្នាំដដែលនេះ ក៏ហ្វឹកហាត់ប្រដាល់គុនខ្មែររៀងរាល់ព្រឹកនៅក្លិប ក្លិបពុទ្ធសេរីវង្សឯចំការដូងមុនចាប់ផ្ដើមហាត់គុនចម្រុះនាពេលរសៀល។ កីឡាករមកពីស្រុកអន្លង់វែងគូសបញ្ជាក់ថា ៖«ព្រឹកៗខ្ញុំរត់ជាប្រចាំ និង ហាត់គុនខ្មែរជាមួយមិត្តៗ ហើយ ឡាំគ្នាហូរហែនៅក្លិប ក្លិបពុទ្ធសេរីវង្ស ដើម្បីប្រកួតឲ្យល្អពេលប៉ះកីឡាករឥណ្ឌាដែលល្បីថាពូកែចំបាប់»។ កីឡាករដែលជាប់កិច្ចសន្យាប្រកួតនៅសង្វៀនអន្តរជាតិ ONE ជឿជាក់ថា៖«ខ្ញុំនឹងធ្វើបានល្អមិនដូចមុនទេ។ ខ្ញុំបានត្រៀមខ្លួនល្អ ខ្ញុំបានហ្វឹកហាត់គុនខ្មែរផង, ហាត់នៅក្លិប Prodal ដែលមានសម្ភារហ្វឹកហាត់ទំនើប និង ហាត់នៅ The Place Gym ឯ AEON ផង»។

គួរដឹងថា ខុន ស៊ីចាន់ ជាកូនសិស្សរបស់លោក Alan Mccune នៃក្លិប Phnom Penh MMA ។ ដោយសារលោក Alan ទើបជាសះស្បើយពីជំងឺទឹកចូលសួត ប៉ុន្តែ មិនទាន់បង្ហាត់បាន ខុន ស៊ីចាន់ បានមកហ្វឹកហាត់ត្រៀមក្រោមការបង្វឹករបស់លោក Fernando Salvador គ្រូបង្វឹកសញ្ជាតិអាមេរិកជំនាញជីជិតស៊ូ និង គុនចម្រុះជំនួសវិញ។

ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។

អត្ថបទ៖ ស៊ីធី

មតិយោបល់
អត្ថបទពេញនិយម