• 2019-09-20 23:30:00
  • បាល់ទាត់

Klopp ៖ Abraham និង Mount ម្នាក់ៗ​មាន​តម្លៃ​ខ្លួន​ជាង​៧០​លាន​ដុល្លារ​រួច​ស្រេច​ទៅ​ហើយ

  • 2019-09-20 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ជឿជាក់​ថា​កីឡាករ​វ័យ​ក្មេង​របស់​តោខៀវ Chelsea គឺ Tammy Abraham និង Mason Mount អាច​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ ៦០​លាន​ផោន (៧៥ លាន​ដុល្លារ) រួច​ស្រេច​ទៅ​ហើយ។

ថ្លែង​នៅ​មុន​ប្រកួត​ជា​មួយ Chelsea លោក Klopp បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​លោក​ទទួល​ស្គាល់​នូវ​គុណភាព​របស់​កីឡាករ​វ័យ​ក្មេង​ក្លឹប​តោ​ខៀវ ហើយ​នេះ​ក៏​រំលឹក​លោក​ដល់​អតីត​ក្លឹប Borussia Dortmund ដែល​លោក​ធ្លាប់​បាន​ដឹកនាំ​​​​លើក​ពាន Bundesliga ជាមួយ​កីឡាករ​ក្មេងៗ​របស់​លោក។

"វា​ពិតជា​ក្រុម​ដ៏​រំភើបមួយ។ វា​បាន​រំលឹក​ខ្ញុំ​ពី​ក្រុម​របស់​ខ្ញុំជាមួយ Dortmund កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ នៅ​ពេល​ដែល​ពួកគេ​នៅក្មេង សឹង​តែ​ក្មេង​ជាង​ក្រុម​Chelsea ឥឡូវ​នេះ​ផង" ។

"មនុស្ស​ជា​ច្រើន​និយាយ​ថា​ ពួកគេ​នៅ​ក្មេង ប៉ុន្ដែ​នេះ​មិន​សំខាន់​ទេ ពីព្រោះ​ពួកគេ​ល្អ​រួច​ស្រេច​ទៅ​​ហើយ​។ ពួកគេ​បាន​នាំយក Christian Pulisic នៅ​រដូវ​ក្តៅ​ក្នុង​តម្លៃ ៥០ ឬ ៦០ លាន ហើយ​កីឡាករ​ទាំងអស់​​ដែល​មាន​វ័យ​ស្របាល​គាត់​សុទ្ធ​តែ​មាន​តម្លៃ​ប្រហាក់​ប្រហែល​ហ្នឹង។ Tammy Abraham ឥឡូវ​នេះ​ជា​កីឡាករ​ដែល​​មាន​តម្លៃ​ខ្លួន ៦០​លាន​ផោន Mason Mount ប្រាកដ​ជា ៦០ លាន​ផោន បើ​មិន​ដូច្នេះ​ទេ [Callum] Hudson-Odoi ក៏​មាន​តម្លៃ​នេះ​រួច​ស្រេច​ទៅ​ហើយ” ។

"ប្រសិន​បើ​មាន​ក្លឹប​មួយ​នៅ​លើ​ពិភពលោក ការ​ជាប់​បម្រាម​មិន​ធ្វើ​ឲ្យ​ពួកគេ​​ចុះ​ខ្សោយ នោះ​ប្រាកដ​ជា​ក្លឹប Chelsea ពីព្រោះ​ Chelsea ជាប់​បម្រាម ប៉ុន្តែ​ កីឡាករ​គុណភាព​កម្រិត​ខ្ពស់​ទាំងអស់​របស់​ពួកគេ​ ត្រូវ​បាន​ដាក់​ឲ្យ​ខ្ចី​ជើង​អស់​ទៅ​ហើយ”។

Liverpool ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Frank Lampard នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ឯ Stamford Bridge ជា​ទី​ដែល Lampard ដាក់​ឲ្យ​កីឡាករ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ក្មេងៗ ដើម្បី​តតាំង​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក Champions League យ៉ាងណាក្តី Liverpool ឈ្នះ​តែ​១​ប្រកួត​​ប៉ុណ្ណោះ​ក្នុង​ចំណោម​១២​ប្រកួត​ក្រៅ​ដី​ពេល​ប៉ះ​ក្រុម​ធំៗ​ទាំង​៦​នៅ Premier League៕

ប្រភព៖ Besoccer ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់