• 2019-09-10 12:30:47
  • ព័ត៌មាន

ស៊ុត​បាល់​ប៉េ​មិន​ចូល ផ្ទះ​ប្រធាន​ក្រុម​សេរ៉ាឡេអូន​រង​ការ​វាយ​ប្រហារ

  • 2019-09-10 12:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សេរ៉ាឡេអូន មាន​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ទៅ​នឹង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ Umaru Bangura ក្រោយ​ពេល​ដែល​ខ្សែ​ការពារ​រូប​នេះ​ បរាជ័យ​ក្នុង​ការ​ស៊ុត​បាល់ទាត់​ពិន័យ​ ១១​ម៉ែត្រ ដ៏​សំខាន់​មួយ​ ពេល​ប៉ះ​នឹង​ប្រទេស​លីបេរីយ៉ា។

សេរ៉ាឡេអូន​ ចាញ់​លីបេរីយ៉ា ៣-១ កាល​ពី​ជើង​ទី១ ខណៈ​ជើង​ទី២ ប្រទេស​នេះ​ឈ្នះ ១-០ ដូច្នេះ​ប្រសិន​បើ​ Umaru ស៊ុត​ចូល​នោះ ធ្វើ​ឲ្យ​សេរ៉ាឡេអូន​ឆ្លង​ទៅ​វគ្គ​បន្ទាប់​នៃ​ជម្រុះ World Cup 2022 កូតា​អាហ្វ្រិក។

ក្រោយ​ចប់​ប្រកួត​ភ្លាមៗ​ ឡាន​កាកបាទក្រហម​ត្រូវ​បាន​គេ​គប់​ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត ៤នាក់​រង​របួស ដោយ​ចោទ​ថា ពួក​គេ​បើក​ផ្លូវ​ឲ្យ​ Umaru រត់​ចេញ​ពី​ហ្វូង​អ្នក​គាំទ្រ នេះ​បើ​តាម​អ្នក​យក​ព័ត៌មាន BBC។

អ្នក​គាំទ្រ​សេរ៉ាឡេអូន បាន​គប់​ដុំ​ថ្ម​ទៅ​កាន់​ផ្ទះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​នៃ​ទ្វីប​អាហ្វ្រិក​រូប​នេះ ដែល​ធ្វើ​ឲ្យ​បែក​កញ្ចក់ និង​ទ្វារ​។ កីឡាករ​លេង​នៅ​ក្លឹប​ស្វីស Zurich រូប​នេះ​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​អ្នក​គាំទ្រ ប៉ុន្តែ​ក៏​ធ្វើ​ការ​សុំទោស​ចំពោះ​កំហុស​របស់​ខ្លួន​ផង​ដែរ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ រដ្ឋមន្ត្រី​ក្រសួង​កីឡា​នៃ​សេរ៉ាឡេអូន បាន​សោកស្ដាយ​នឹង​ទង្វើ​ទាំង​នេះ ហើយ​នឹង​ចាត់​វិធានការ​ចំពោះ​អំពើ​ហិង្សា​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់