• 2019-09-09 08:00:09
  • ប្រដាល់

ទិត្យ​ សុវណ្ណគិរី​ ឡើង​ទៅ​ជុំ​ទី២​ ចាញ់​ឈ្នះ​ដោយ​មិន​អស់​ចិត្ត​

  • 2019-09-09 08:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ ទិត្យ​ សុវណ្ណគិរី​ បាន​ឱកាស​បន្ត​ទៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ ប៉ុន្តែ​ការ​ចាញ់​ឈ្នះ​ហាក់​មិន​សូវ​អស់​ចិត្ត​ដូច​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៧​ ខែ​កញ្ញា​ ២០១៩។​

ទិត្យ សុវណ្ណគិរី និង​ ពិល រ័ត្ន(រូបភាពផ្ដល់ជូន)

ការ​ប្រកួត​រវាង​ ទិត្យ​ សុវណ្ណគិរី​ និង​ ពិល​ រ័ត្ន​ នេះ​ធ្វើ​ដំណើរ​បាន​តែ​២ទឹក​នោះ​ទេ​ ត្រូវ​មាន​ម្នាក់​ត្រូវ​សន្លប់​ទៅ​ហើយ។​ អ្នក​ទាំង​ពីរ​នាក់ខាង​លើ​នេះ​ វ៉ៃ​ហាក់​នៅ​ញញើត​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ឆ្មក់​ទាត់​ និង​ឆ្មក់​កណ្ដាប់ដៃ​មួយ​ៗ​ប៉ុណ្ណោះ​ក្នុង​ទឹក​ទី១។​

ទិត្យ សុវណ្ណគិរី(រូបភាពផ្ដល់ជូន)

ចូល​ដល់​ទឹក​ទី២​ ពួកគេ​ក៏​នៅ​មិន​សូវ​ជា​ហ៊ាន​ប្ដូរ​ខ្លាំង​នោះ​ដែរ​ ប៉ុន្តែ​ឃើញ​ ពិល​ រ័ត្ន​ ព្យាយាម​ចេញ​អាវុធ​ច្រើន​ ទោះ​ត្រូវ​ខ្លះ​ខុស​ខ្លះ​ក៏​ដោយ។​ ចុង​ទឹក​ទី២​ សល់​ត្រឹម​៥០​វិនាទី​ចុង​ក្រោយ​ ទិត្យ​ សុវណ្ណគិរី​ បោះ​ជង្គង់​ពី​ចម្ងាយ​លើ​ ពិល​ រ័ត្ន​ ហើយ​ប៉ើង​ទៅ​ក្បែរ​ខ្សែ​សង្វៀន​ រួច​ក៏​បែរ​គូថ​ដាក់​កូន​សិស្ស​លោក​ អេ​ ភូថង​ ខណៈ​ពេល​នោះ​សិស្ស​គុន​រូប​នោះ​បក់​កែង​បញ្ឆិត​ពី​ក្រោយ​ធ្វើ​ឲ្យ​ដៃគូ​ដួល​ឈឺ​រនាល​លើ​កម្រាល​មិន​បន្ត​ការ​ប្រកួត​ទៀត​ឡើយ។​

ពិល​ រ័ត្ន​ អាច​និង​គិត​ថា​ដៃគូ​របស់​ខ្លួន​វ៉ៃ​ខុស​បច្ចេកទេស​ ប៉ុន្តែ​ចុង​ក្រោយ​ចៅក្រម​ អាជ្ញាកណ្ដាល​បាន​ពិភាក្សា​គ្នា​ហើយ​ក៏​សម្រេច​ឲ្យ​ ទិត្យ​ សុវណ្ណគិរី​ ជា​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​ទី២​ ពេល​នោះ​តែ​ម្ដង​ទៅ។​

ទិត្យ សុវណ្ណគិរី(រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ សប្ដាហ៍​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី៧​ ខែ​កញ្ញា​ ២០១៩​ កន្លង​ទៅ​នេះ​គឺ​ ទិត្យ​ សុវណ្ណគិរី​ ឈ្នះ​ ពិល​ រ័ត្ន​ ខណៈ​ ទូច​ ដេវីត​ ឈ្នះ​ កុយ​ ចាន់តូ។​ ពួកគេ​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ជុំ២​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់