• 2019-09-04 07:35:45
  • ប្រដាល់

កីឡាករខ្មែរ​ ៣រូប ដែល​​បាន​ឈាន​ជើង​ចូល ONE Championship មុនគេ

  • 2019-09-04 07:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE Championship ដែល​ដំបូង​ឡើយ​មានឈ្មោះថា ONE FC បាន​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ប្រកួត​លើកដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន នាខែ​កញ្ញា ឆ្នាំ២០១១ នៅ​ប្រទេស​សិង្ហបុរី។ ​ចូលឆ្នាំ ២០១២ ទើប​ព្រឹត្តិការណ៍​ទី២ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ខែ​កុម្ភៈ​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ពេញ​មួយឆ្នាំ ២០១២ ស្ថាប័ន​ធំបំផុត​នៅ​អាស៊ី​មួយនេះ រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាន ៥ ដង ប៉ុន្តែ​មិន​ទាន់​មាន​កីឡាករ​កម្ពុជា​រូបណា មាន​ឈ្មោះ​ប្រកួត​នៅឡើយទេ។

ឈាន​ដល់​ឆ្នាំ ២០១៣ ថ្ងៃទី១៣ ខែកញ្ញា ក្នុង​ព្រឹត្តិការណ៍​ទី១០ ដែល​មាន​ឈ្មោះថា ONE FC: Champions & Warriors ឬ ONE FC 10 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ទើប​មាន​កីឡាករ​កម្ពុជា​មួយ​រូប បង្ហាញ​ខ្លួន​ជា​លើក​ដំបូង គឺ កីឡាករ​គុនខ្មែរ ឡុង សុភី​។ អ្នក​ដែល​នាំ​ឡុង សុភី ទៅប្រកួត​ គឺ​លោក ហ៊ុន ច័ន្ទរាជ្យ ប្រធាន​ក្លឹប Cambodian Top Team នា​ពេល​បច្ចុប្បន្ន។

ឡុង សុភី ជា​គូទី២ ក្នុង​ចំណោម​ការប្រកួត ១០គូ ក្នុង​ព្រឹត្តិការណ៍​នោះ ដោយ​ត្រូវ​ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី Max Metino។ ជាលទ្ធផល សុភី បាន​ចាញ់​ក្នុង​ទឹកទី២ ដោយសារ​ក្បាច់​ក្លេ​កាច់ដៃ។

ឡុង សុភី មុន​ចាប់​ផ្ដើម​ប្រកួត​

១ខែក្រោយមក ONE បាន​រៀបចំ​ព្រឹត្តិការណ៍​មួយទៀត ដែល​មាន​ឈ្មោះ​ ONE FC: Total Domination ឬ ONE FC 11 ធ្វើ​ឡើង​នៅ​ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ នៅ​សិង្ហបុរី ដោយ​មាន​កីឡាករ​កម្ពុជា​មួយរូបទៀត​ គឺ ឃីម ឌីម៉ា​។

ឃីម ឌីម៉ា ត្រូវ​អាជ្ញាកណ្ដាល​លើក​ដៃ​ឲ្យ​ឈ្នះ បន្ទាប់​ពី​វាយ​កីឡាករ​ហ្វីលីពីន Rene Catalan សន្លប់​ក្នុង​ទឹកទី២ ប៉ុន្តែ​ក្រោយ​មក លទ្ធផល​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ (no contest) ដោយសារ​ឃីម ឌីម៉ា វាយ​ខុស​លក្ខន្តិកៈ (វាយក្បាល​ផ្នែក​ខាងក្រោយ)។

ឃីម ឌីម៉ា ដើរ​ចូល​សង្វៀនប្រកួត

រំលង​បាន​១ខែទៀត ពោល​គឺ​ក្នុង​ព្រឹត្តិការណ៍​ទី១២ ដែល​មានឈ្មោះថា ONE FC: Warrior Spirit ឬ ONE FC 12 នា​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​ប្រទេសម៉ាឡេស៊ី កីឡាករ​កម្ពុជា​ទី៣ បាន​បង្ហាញ​ខ្លួន គឺ តក់ សោភ័ណ្ឌ​។

ជាលទ្ធផល​នៅ​ពេល​នោះ គឺ តក់ សោភ័ណ្ឌ បាន​ចាញ់​​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Saiful Merican ដោយ​ពិន្ទុ ក្រោយ​តតាំង​គ្នា ៣ទឹក​ពេញ។

តក់ សោភ័ណ្ឌ (ឆ្វេង) និង​កីឡាករ​ Saiful Merican

បន្តបន្ទាប់​ពីនោះមក កីឡាករ​កម្ពុជា​ជាច្រើនរូប បាន​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ស្ថាប័នធំបំផុត​នៅ​អាស៊ី​មួយនេះ ដែល​មាន​ទាំង​វិញ្ញាសា MMA, ប្រដាល់​សេរី និង​ប្រដាល់ Kickboxing៕

វីដេអូ​ការប្រកួត​រវាង ឡុង សុភី និង​កីឡាករ​ឥណ្ឌូណេស៊ី Max Metino ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣៖

វីដេអូការប្រកួតរវាង ឃីម ឌីម៉ា និងកីឡាករ​ហ្វីលីពីន Rene Catalan ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣៖

វីដេអូ​ការប្រកួត​រវាង តក់ សោភ័ណ្ឌ និង​កីឡាករ​ម៉ាឡេស៊ី Saiful Merican ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់