• 2019-08-30 08:01:13
  • ប្រដាល់

ចាន់ រតនា ប្ដូរទីតាំងក្លឹបថ្មី សង្ឃឹមថាកូនសិស្សនៅតែទាក់ទងហ្វឹកហាត់ផុលផុសដូចដើម

  • 2019-08-30 08:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប «សិល្បៈ» ដែលជាកម្មសិទ្ធិរបស់ អ្នកលេងគុនចម្រុះល្បីឈ្មោះ ចាន់ រតនា នោះបានប្ដូរទៅកាន់ទីតាំងថ្មីផ្ទះលេខ១០៩ ផ្លូវ ១៣ BT សង្កាត់បឹងទំពន់១ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ទល់មុខនឹង Phnom Penh Sports Club ផ្លូវ២៧១)។ ទីតាំងក្លិបចាស់ដែលស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះបានផុតកិច្ចសន្យាត្រឹមខែ សីហា នេះ បន្ទាប់ពីហ្វឹកហាត់ និង រស់នៅរយៈពេល ៣ ឆ្នាំ។ ការផ្លាស់ទៅកន្លែងថ្មីនេះដោយសារម្ចាស់ទីតាំងយកទៅលក់ឲ្យអ្នកថ្មី។

ចាន់ រតនា បានថ្លែងថា៖«ខ្ញុំគិតថាទីតាំងនេះមិនឆ្ងាយប៉ុន្មានទេ ហើយក្បែរក្លិបហាត់កីឡាទៀត នៅម្ដុំផ្លូវ ២៧១។ ខ្ញុំជឿជាក់ថាកូនសិស្សនៅតែមកហាត់ច្រើនដូចដើម។ នៅក្លិបចាស់ខ្ញុំមានកូនសិស្សប្រហែលជាង ៥០ នាក់។ តាមពិតគោលដៅរបស់ខ្ញុំ ...ចង់ជួលនៅម្ដុំទួលទំពូងព្រោះសម្បូរដោយកូនសិស្សបរទេសច្រើន ប៉ុន្តែរកអត់បាន។ ដូច្នេះទីតាំងថ្មីក៏មើលទៅល្អដែរ និង មិនឆ្ងាយទេ»។

ទីតាំងថ្មីខាងលើនេះមានទំហំទទឹងប្រហែល១៦ ម៉ែត្រ និងបណ្ដោយ ប្រហែល ៣០ ម៉ែត្រ។ ទីតាំងនេះតូចជាងទីតាំងចាស់នៅម្ដុំគុកទួលស្លែងបន្តិចប៉ុន្តែ មើលទៅកន្លែងរៀបចំហ្វឹកហាត់ប្រសើរដែរ។ សម្ភារ និង ឧបករណ៍ហ្វឹកហាត់ត្រូវបានដឹកជញ្ជូនរួចរាល់ពីក្លិបចាស់ ហើយ រតនា រំពឹងថាក្លិបនឹងដំណើរការហ្វឹកហាត់នាដើមខែ កញ្ញា នេះ។ ជើងខ្លាំងគុនចម្រុះវ័យ ៣៣ ឆ្នាំសង្កត់ធ្ងន់ថា៖«តម្លៃជួលទីតាំងថ្មីនេះមួយខែ ជាង៦០០ ដុល្លារអាមេរិក ដែលថោកជាងក្លិបចាស់ជាង ២០០ ដុល្លារ។ យើងជួលពីរឆ្នាំសិន បើយ៉ាងម៉េចយ៉ាងម៉ាយើងអាចបន្តទៀត»។ ក្លិប «សិល្បៈ» នៅទីតាំងថ្មី ក៏ដូចក្លិបចាស់ដែរ មិនត្រឹមតែបង្ហាត់កីឡាករអាជីពទេ ប៉ុន្តែ មានទទួលម៉ោងហ្វឹកហាត់ដើម្បីសុខភាពផងដែរ។ នាពេលកន្លងទៅ មានជនបរទេស ចូលរួមហ្វឹកហាត់ប្រមាណ ៣០ នាក់ដែលពួកគេចង់ចេះគុនខ្មែរ ឬ សុខភាពមាំទាំ និង អ្នកខ្លះហ្វឹកហាត់ដើម្បីចង់ឡើងប្រកួតទៅថ្ងៃអនាគត។ ការហ្វឹកហាត់ត្រូវបែងចែកជា ៣ វេន ពោលវេនព្រឹក ថ្ងៃរសៀល និង ល្ងាច។

ចាន់ រតនា ជាកីឡាករមានក្បាច់បាតពេលហ្វឹកហាត់យុទ្ធគុនខមជាមួយឳពុក ចាន់ ប៊ុនធឿន និង គុនខ្មែរជាហូរហែ មុនពេលចាប់អាជីពជាអ្នកលេងក្បាច់គុនចម្រុះ។ រតនា ជាកីឡាករលេចធ្លោបំផុតតំណាងឲ្យកម្ពុជាក្នុងការប្រកួតក្បាច់គុនចម្រុះ នៅសង្វៀន ONE Championship ជាពិសេស ជ័យជម្នះ ៣ ប្រកួតចុងក្រោយមិនធ្លាប់មាននៅសង្វៀនលំដាប់ពិភពលោកត្រូវបានចារក្នុងប្រវត្តិសាស្ត្រ។

បើសរុបកំណត់ប្រកួត ចាន់ រតនា ឈ្នះ ៧ ដង និង ចាញ់ ៣ ដងបន្ទាប់ពីប្រកួតលើសង្វៀនគុនចម្រុះតាំងឆ្នាំ ២០១៥មក។ ក្នុង៣លើកចុងក្រោយ ម្ចាស់ក្លិប «សិល្បៈ» វាយកីឡាករឥណ្ឌូណេស៊ី ពីររូប ABRO Fernandez និង Rudy Agustian ត្រឹមទឹកទី២ មុនពេលឈ្នះពិន្ទុ ជើងខ្លាំងគុយបា Gustavo Balart នាពាក់កណ្ដាលខែ សីហា កន្លងទៅ។ អ្នកស្រលាញ់សុខភាពឬ ក្បាច់គុនអាចទាក់ទងហ្វឹកហាត់បានតាមរយៈលេខទូរសព្ទ រតនា៖ ០៩២ ៣៤៥ ៤៣៩។

អត្ថបទ៖ ស៊ីធី

មតិយោបល់