• 2019-08-12 08:25:04
  • ប្រដាល់

រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ៣ លើសង្វៀន ONE នៅប្រទេសថៃសប្ដាហ៍នេះ

  • 2019-08-12 08:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដ៏អស្ចារ្យនៅសង្វៀន ONE :DREAMS OF GOLD ដែលរៀបចំនៅថ្ងៃសុក្រទី ១៦ ខែសីហា ឆ្នាំ ២០១៩ នៅក្រុងបាងកក ប្រទេសថៃ កាន់តែខិតជិតមកដល់ហើយ។ ក្នុងនោះមាន ៣ ចំណុចគួរឲ្យចាប់អារម្មណ៍ ដែលអ្នកគាំទ្រនៅកម្ពុជាត្រូវតែទស្សនា។

ទី១ រឿងដែលអ្នកគាំទ្រចង់ដឹងតាមដានខ្លាំង គឺ ចាន់ រតនា តំណាងឲ្យកម្ពុជា ត្រូវជួបអ្នកលេងក្បាច់គុនជំនាញចំបាប់សញ្ជាតិគុយបា Gustavo Balart។

ទី២ Petchdam Petchyindee Academy ឡើងការពារខ្សែក្រវាត់ Flyweight Kickboxing World Championship របស់ខ្លួនទល់នឹងជើងខ្លាំងហុល្លង់ Ilias Ennahachi។

ទី៣ Smokin' Jo Nattawut របស់ថៃត្រូវជួបជើងខ្លាំងកណ្ដាប់ដៃ Giorgio Petrosyan មកពីអ៊ីតាលី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Featherweight Kickboxing World Grand Prix ដើម្បីដណ្ដើមកៅអីទៅឈ្នះប្រាក់រង្វាន់ ១ លានដុល្លារអាមេរិក ស្របពេលជើងខ្លាំងមកពីបារាំង Samy Sana ប៉ះ Dzhabar Askerov មកពីរុស្សីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

១- ចាន់ រតនា vs Gustavo Balart

រតនា វាយ​មុខ​កីឡាករ Rudy Agustian (រូបភាព៖ ONE Championship)

ចាន់ រតនា ត្រូវជួបជើងខ្លាំង Gustavo Balart មកពីគុយបា។ ម្ចាស់ក្លិប «សិល្បៈ» បានបង្ហើបថា ត្រៀមខ្លួនយ៉ាងល្អក្នុងជំនួបនេះទាំងក្បាច់ដោះឃ្លេ ការពារ កម្លាំងស៊ុហ្វ និង វាយបកយកឈ្នះជើងខ្លាំងវ័យ ៣២ ឆ្នាំដែលជាម្ចាស់មេដាយមាស Pan American Games ឆ្នាំ ២០១១។ ជាមួយគ្នានោះគ្រូបង្វឹក Lorenzo បានបង្ហើបថា ៖«ខ្ញុំជឿជាក់ថា ចាន់ រតនា អាចឈ្នះ Balart ត្រឹមទឹកទី២»។

តើ ចាន់ រតនា អាចបង្កើតកំណត់ត្រាល្អឯកទេនៅថ្ងៃសុក្រសប្ដាហ៍ក្រោយនោះទេ? នេះជាលីងវីដេអូប្រកួតចុងក្រោយរវាង Balart និង Wada:

ចាន់ រតនា កំពុងប្រឹងប្រែងខ្លាំងក្នុងដំណើរឆ្ពោះទៅរកការប្រកួតប្រជែងខ្សែក្រវាត់លំដាប់ពិភពលោកនៅសង្វៀន ONE។

មុនឆ្ពោះទៅការប្រកួតដណ្ដើមខ្សែក្រវាត់ រតនា នឹងអាចបង្កើតកំណត់ត្រាថ្មីនៅសង្វៀនលំដាប់ពិភពលោក ONE បើសិនអាចឈ្នះ Balart។ ជ័យជម្នះនាថ្ងៃទី ១៦ ខែ សីហា ខាងមុខនឹងក្លាយជាកីឡាករខ្មែរដំបូងដែលមានសមត្ថភាពឈ្នះ ៣ លើកជាប់គ្នានៅសង្វៀនលំដាប់ពិភពលោក ONEបន្ទាប់ពីឈ្នះ ២ លើកជាប់គ្នាពេលកន្លងមក។

២- Petchdam Petchyindee Academy ត្រូវការពារខ្សែក្រវាត់ទល់នឹងជើងខ្លាំងហុល្លង់ Ilias Ennahachi

Petchdam ក្រោយឈ្នះខ្សែក្រវាត់ (រូបភាព៖ ONE Championship)

តើម្ចាស់ខ្សែក្រវាត់ Flyweight Kickboxing World Championship កីឡាករ Petchdam Petchyindee Academy អាចការពារខ្សែក្រវាត់លំដាប់ពិភពលោករបស់ខ្លួនបានដែរឬយ៉ាងណា? ស្ថិតក្នុងវ័យ ២៣ ឆ្នាំ Ilias បានចុះកិច្ចសន្យា ២ ឆ្នាំប្រកួតឲ្យ សង្វៀន ONE កាលខែ មិថុនាឆ្នាំ ២០១៩ កន្លងទៅ។

កូនកាត់ហុល្លង់-ម៉ារ៉ុក ជាម្ចាស់ខ្សែក្រវាត់ World Fighting League 2018 និង មានកំណត់ប្រកួតដ៏អស្ចារ្យ។ ក្នុងកំណត់ត្រាប្រកួត Kickboxing ម្ចាស់ខ្សែក្រវាត់មកពីហុល្លង់ ចាញ់ត្រឹមតែ ២ ប៉ុណ្ណោះក្នុងការប្រកួត ៣១ ដង។ តើIlias អាចឈ្នះកីឡាករថៃវ័យ ២១ ឆ្នាំដែលមានរហស្សនាមថា «The Baby Shark» បាន ឬ យ៉ាងណា?

៣-សុទ្ធតែអ្នកត្រូវការកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ

Petrosyan ពេល​ឈ្នះ Nattawut នា​ពេល​កន្លងមក (រូបភាព៖ ONE Championship)

ដោយ Smokin' Jo Nattawut ប៉ះ Giorgio Petrosyan ខណៈដែល Samy Sana ប៉ះ Dzhabar Askerov មកពីរុស្សី ប្រជែងកៅអីទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Featherweight Kickboxing World Grand Prix ដូចគ្នា Smokin' Jo Nattawut ធ្លាប់ចាញ់ Giorgio Petrosyan ម្ដងរួចហើយកាលខែ មេសា ឆ្នាំ ២០១៨។ ដូច្នេះ Petrosyan រំពឹងថាអាចបង្កើតកំណត់ត្រាល្អដើម្បីឈានទៅដណ្ដើមទឹកប្រាក់ ១ លានដុល្លារ។

Petrosyan អះអាងថា៖ «អ្វីៗអាចកើតឡើងគ្រប់ពេលលើសង្វៀន ដូច្នេះអ្នកសង្ឃឹមឈ្នះមិនប្រាកដថាឈ្នះនោះឡើយ ជាក់ស្ដែងដូចបានឃើញស្រាប់ Yodsanklai ចាញ់ Sana ជាដើម។ ខ្ញុំផ្ដោតលើការប្រកួតជាជាងផ្ដោតលើទឹកប្រាក់ ១ លានដុល្លារ។ គេច្បាស់ជាមានការផ្លាស់ប្ដូរដោយសារទើបឈ្នះ ៤ ប្រកួតចុងក្រោយបន្ទាប់ពីចាញ់ខ្ញុំ។ តែខ្ញុំនឹងរៀបចំក្បាច់ប្រយុទ្ធខុសប្លែកពី។ វាជាសង្គ្រាមលើសង្វៀនដ៏រំភើប»។

ចំណែក Sana បញ្ចេញឆន្ទៈបែបនេះ ៖ «យើងមិនមែនវ៉ៃដើម្បីលុយមួយមុខទេ។ យើងវ៉ៃព្រោះជាក្ដីស្រលាញ់របស់យើង ព្រោះឈាមជ័ររបស់យើងជាអ្នកប្រដាល់ ដូច្នេះត្រូវតែប្រកួត»។ ទឹកប្រាក់ ១ លានដុល្លារពិតជាច្រើនសម្បើមណាស់ ដូច្នេះ «AK47» ត្រូវតែធ្វើឲ្យភ្ញាក់ផ្អើល និង កើតឡើងពេលជួប Askerov។ តើកីឡាករពីររូបណាអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ?

វីដេអូការប្រកួតរវាង Giorgio Petrosyan និង Jo Nattawut កាលពី​ឆ្នាំមុន៖

សូមទស្សនាការផ្សាយផ្ទាល់ពីសង្វៀន ONE: DREAMS OF GOLD ពីប្រទេសថៃល្ងាច ថ្ងៃទី ១៦ សីហា ចាប់ពីម៉ោង ៥ កន្លះ ល្ងាចតទៅ។

អត្ថបទ៖ ស៊ីធី

មតិយោបល់