• 2019-08-05 07:04:52
  • ប្រដាល់

ខ្សែក្រវាត់​ប្រាក់​ទី៣​ អធិរាជ​គុន​ខ្មែរ​ ISI​ PALM​ នៅ​តែ​ជា​របស់​កីឡាករ​កម្ពុជា​

  • 2019-08-05 07:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អធិរាជ្យ​គុន​ខ្មែរ​ ISI​ PALM ​ខ្សែក្រវាត់​ប្រាក់​ទី៣​ ទម្ងន់​ ៦០​គីឡូក្រាម​ បាន​រក​ឃើញ​ម្ចាស់​ហើយ​គឺ​អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បន្ទាប់​ពី​ជើង​ខ្លាំង​រូប​នេះ​យក​ឈ្នះ​កីឡាករ​ថៃ​ Chamuakpetch Pran 26​ ដោយ​ពិន្ទុ​ម្សិលមិញ​នេះ។​

រូបភាពផ្ដល់ជូនពី ISI

វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ អធិរាជ្យ​គុន​ខ្មែរ​ ISI​ គឺ​ពិត​ជា​កក្រើក​ និង​ជក់ចិត្ត​សម្រាប់​អ្នក​និយម​តាមដាន​ប្រដាល់​តែ​ម្ដង​ ដោយ​សារ​តែ​ជា​វគ្គ​សំខាន់​ ទាំង​កីឡាករ​ខ្មែរ​ និង​ថៃ​ ប្រកួត​ប្ដូរ​ទៅ​ប្ដូរ​មក​គ្មាន​សល់​នាទី​នោះ​ទេ។​

លន​ បញ្ញា​ បង្ហាញ​ទម្រង់​វ៉ៃ​បាន​ល្អ​មែនទែន​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ខាង​លើ​នេះ​ ពោល​តាំង​តែ​ពី​ទឹក​ទី១​ទៅ​ បើក​ការ​ប្រយុទ្ធ​គ្មាន​ស្រាកស្រាន្ត​ បើ​ទោះ​ជា​ត្រូវ​និង​កណ្ដាប់ដៃ​ធ្ងន់​ៗ​ និង​ការ​ទាត់​ជើង​ក្រោម​យ៉ាង​ណា​ក្ដី​ពី​សំណាក់​កីឡាករ​ថៃ។​ កូន​សិស្ស​លោក​ ធន់​ សុភា​ ម្នាក់​នេះ​ធន់​និង​ស្នៀត​របស់​ថៃ​ មិន​ថយ​ក្រោយ​នោះ​ឡើយ​ កាន់​តែ​ត្រូវ​កាន់​តែ​ដើរ​ចូល​ ហើយ​ចាប់​វ៉ៃ​ជង្គង់​រហូត​ Chamuakpetch Pran 26​ គាំងម្ដង​ៗ​ទៅ​ហើយ​ក្នុង​ទឹក​ខ្លះ។​

រូបភាពហ្វេសបុក លន បញ្ញា

ការ​ព្យាយាម​វ៉ៃ​ចេញ​ និង​ការ​ចាប់​វ៉ៃ​ជង្គង់​យ៉ាង​ច្រើន​របស់​ លន​ បញ្ញា​ ជា​លទ្ធផល​បញ្ចប់​ការ​ប្រកួត​ទាំង​៥ទឺក​នោះ​ គឺ​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​ជើង​ខ្លាំង​គុន​ខ្មែរ​រូប​ឈ្នះ​ពិន្ទុ​ គ្រង​ខ្សែក្រវាត់​ប្រាក់​ទី៣​នេះ​តែ​ម្ដង​ទៅ។​ បញ្ញា​ ជា​បេក្ខភាព​ម្នាក់​ទៀត​ហើយ​ដែល​បាន​ឡើង​ទៅ​វគ្គ​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ របស់​កម្មវិធី​ អធិរាជ្យ​គុន​ខ្មែរ​ ISI​ PALM​ ជា​មួយ​ ឡៅ​ ចិត្រា​ ឡុង​ ជិន​ នឹង​រង់ចាំ​បេក្ខភាព​ម្នាក់​ទៀត​ដែល​ជម្រុះ​រួច​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។​

រូបភាពហ្វេសបុក លន បញ្ញា

សម្រាប់​ការ​ប្រកួត​ប្រដាល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ កម្មវិធី​ អធិរាជ្យ​គុន​ខ្មែរ​ ISI​ PALM​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៤​ ខែ​សីហា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ គឺ​ លន​ បញ្ញា​ ឈ្នះ​ពិន្ទុ​ Chamuakpetch Pran 26​ សុខ​ រិទ្ធ​ ឈ្នះ​ពិន្ទុ​ Prakaifah​ ខណៈ​ ធន់​ វិស្ណុ​ ស្មើ​ពិន្ទុ​ថៃ​ Yodkadanhu៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់