• 2019-07-30 11:21:33
  • បាល់ទាត់

លីគ​កំពូល​កូរ៉េ ថ្កោល​ទោស​ Juventus រឿង​មិន​ដាក់ Ronaldo ចូល​លេង

  • 2019-07-30 11:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន K-League នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ផ្ញើ​សំបុត្រ​ទៅ​កាន់​ក្លឹប Juventus បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត ក្រោយ​ពេល​ដែល​ក្លឹប​អ៊ីតាលី​មួយ​នេះ មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ចូល​លេង​ក្នុង​ប្រកួត​មិត្តភាព​ កាល​ពី​ថ្ងៃ​សុក្រ។

ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ Yonhap បាន​ចុះ​ផ្សាយ​ថា សំបុត្រ​របស់​ស្ថាប័ន​លីគ​កំពូល​ប្រទេស​នេះ​បាន​បង្ហាញ​ពី អំពើ​ដែល​ក្លឹប Juventus មិន​គោរព​តាម​កុងត្រា​របស់​ខ្លួន ព្រម​ទាំង​ថ្កោលទោស​ក្លឹប​អ៊ីតាលី​ថា មាន​ភាព​ក្រអឺតក្រទម និង​ខ្វះ​ទំនួលខុសត្រូវ។

ក្នុង​កុងត្រា​នោះ​បាន​បញ្ជាក់​ថា Ronaldo ត្រូវ​តែ​លេង​យ៉ាង​តិច​ ៤៥​នាទី ហើយ​អាច​អង្គុយ​លើ​បង់​បាន លុះត្រា​តែ មាន​របួស​ក្នុង​ពេល​កម្ដៅ​សាច់ដុំ ឬ ក្នុង​ពេល​ប្រកួត។

ខាង​លីគ​កូរ៉េ​ បាន​សម្ដែង​ការ​សុំទោស ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ខកចិត្ត​នឹង​ អវត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ ៧​មួយ​នេះ។ ចំណែក​ឯ​ខាង​ Juventus បាន​បកស្រាយ​ថា Ronaldo មាន​បញ្ហា​កាយ​សម្បទា​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ក្លឹប​ Juventus បាន​លេង​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ក្រុម​តារា​បាល់ទាត់​នៃ​លីគ​កំពូល​កូរ៉េ​ខាង​ត្បូង ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ៣-៣៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់