- 2019-07-28 02:17:00
- ប្រវត្តិ
Liverpool កើតចេញពី Everton និងយក Anfield អតីតទឹកដី Everton ធ្វើជារបស់ខ្លួន
- 2019-07-28 02:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool កើតចេញពី Everton និងយក Anfield អតីតទឹកដី Everton ធ្វើជារបស់ខ្លួន
ចន្លោះមិនឃើញ
Liverpool ដែលបានកើតចេញពី Everton ដោយសារតែទំនាស់ដ៏ស្រួចស្រាវកាលពីជាង១សតវត្សមុន ហើយទីបំផុតហង្សក្រហមបានក្លាយទៅជាក្លឹបដ៏ជោគជ័យបំផុតមួយនៅអង់គ្លេស។
ប៉ុន្តែឆាកប្រយុទ្ធរវាងក្រុមទាំង២នេះ គឺជាការប្រកួត derby (ក្រុម២ក្នុងទីក្រុងតែមួយ) ដ៏ឈឺចាប់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។
សម្រាប់អ្នកគាំទ្រ Everton នៅពេលឈានជើងចូលកីឡដ្ឋាន Anfield ពួកគេនឹងមានអារម្មណ៍ថាស្រណោះ ព្រោះជាអតីតទឹកដីរបស់ខ្លួន និង មិនសមណា Liverpool ដែលបំបែកខ្លួន ព្រមទាំងបានដណ្ដើមទីតាំងឈរជើងរបស់ខ្លួន ហើយទីបំផុតត្រូវមកហែកហួរសាច់ឯង ប្រៀបដូចសង្គ្រាមរវាងម្ដាយនិងកូន។
ប៉ុន្តែសម្រាប់អ្នកគាំទ្រហង្សក្រហម Everton គ្រាន់តែជាក្លឹបដែលមកជួលដីពួកគេហើយគ្មានលទ្ធភាពបង់ថ្លៃជួល ទើបត្រូវម្ចាស់ដីរឹបអូសយកវិញប៉ុណ្ណោះ។
តើរឿងរ៉ាវ Everton Liverpool ចាប់ផ្ដើមយ៉ាងដូចម្តេច? ហើយទំនាស់ដ៏ស្រួចស្រាវឈានដល់ការបង្កើតក្លឹប Liverpool ចេញពីក្លឹបដើម Everton ចាប់ផ្តើមនៅពេលណា? ដោយសារអ្វី?
និយាយជារួម ទំនាស់ចម្បងបំផុតដែលបានកើតឡើងគ្មានអ្វីក្រៅពី "លុយ" នោះទេ។
Everton គឺជាក្លឹបបាល់ទាត់ដ៏ចំណាស់បំផុតមួយ បង្កើតឡើងក្នុងឆ្នាំ ១៨៧៨។ ក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុង Liverpool មួយនេះបានប្រើប្រាស់កីឡដ្ឋាន Anfield ពីឆ្នាំ ១៨៨៤ រហូតដល់ឆ្នាំ ១៨៩២ នៅពេលដែល Liverpool ត្រូវបានបង្កើតឡើងនិងបានយកកីឡដ្ឋាន Anfield ធ្វើជាផ្ទះរហូតដល់បច្ចុប្បន្ន។
មុនពេល Everton មកបោះមូលដ្ឋាននៅ Anfield នៅឆ្នាំ១៨៨៤ ពួកគេមានកីឡដ្ឋានPriory Road ប៉ុន្តែដោយសារកីឡដ្ឋានដែលមានទំហំប៉ុនហ្គារ៉ាសសាំងនោះចង្អៀតពេក នៅពេលក្លឹបមានអ្នកគាំទ្រកាន់តែច្រើន។
ចន ហូលឌីង (John Houlding) ជាអ្នកជំនួញម្ចាស់ហាងស្រា និង ជាម្ចាស់ដីជួល ដែលបានជួលដីឲ្យ Everton សង់កីឡដ្ឋាន Anfield ហើយក៏ជាប្រធានក្រុមប្រឹក្សារបស់ក្លឹប Everton ផងដែរ។
ប៉ុន្តែពេលនោះ Everton ជួបបញ្ហាធំដោយសារការចំណាយខ្ពស់សម្រាប់សង់កីឡដ្ឋានថ្មី។ សមាជិក២នាក់នៃគណៈកម្មាធិការគ្រប់គ្រងរបស់ Everton គឺលោក William Barclay និង W Jackson បានទៅជួបលោក Houlding ដែលជាអ្នកជំនួញ និង ជាអ្នកស្នេហាវិស័យកីឡា ហើយបានស្នើសុំឱ្យគាត់ទិញក្លឹបមួយនេះ។
ថ្លៃចំណាយសាងសង់កីឡដ្ឋានថ្មីគឺ ៦,០០០ ផោន សម័យនោះ នៅពេលដែលលុយ ១,០០០ ផោនអាចបើកប្រាក់ខែកីឡាករ និង បុគ្គលិកបានពេញ១ឆ្នាំ។
ម្ចាស់ដីទារឡើងថ្លៃជួល កីឡដ្ឋាន Anfield
បន្ទាប់ពីកីឡដ្ឋាន Anfield របស់ Everton សាងសង់រួច Everton តែងបើកទ្វារស្វាគមន៍អ្នកទស្សនានៅ Anfield ចន្លោះពី ១៤,០០០ នាក់ ទៅ ១៥,០០០ នាក់។ ចំណូលរបស់ក្លឹបកើនឡើងមួយរំពេច ក៏ប៉ុន្តែលោក Houlding ដែលមានដី និង សង់កីឡដ្ឋាន Anfield សម្រាប់ជួលបានថ្លៃជួលតែ ២៥០ ផោន (សម័យនោះ) ប៉ុណ្ណោះក្នុង១ឆ្នាំ។
Houlding ទារឡើងថ្លៃជួល ប៉ុន្តែសមាជិកក្រុមប្រឹក្សាក្លឹប Everton មិនព្រម។ ទីបំផុត លោក John Houlding ឈប់ជួលដី និង កីឡដ្ឋាន Anfield ឲ្យ Everton ហើយលោកបានបង្កើតក្លឹបថ្មីឈ្មោះថា Liverpool នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៩២ ដោយប្រើប្រាស់ Anfield ជាទឹកដី។
Everton ក៏បានដើរចេញពីអតីតទឹកដីខ្លួនឯង ហើយទៅសាងសង់កីឡដ្ឋាន Goodison Park នៅឆ្នាំ ១៨៩២ ដែលមិនឆ្ងាយប៉ុន្មានពី Anfield ឡើយហើយបានប្រើប្រាស់វាមកដល់សព្វថ្ងៃ។
ប្រវត្តិសាស្ត្រក៏បានចាប់ផ្តើមកែប្រែតាំងពីពេលនោះ។ Everton Liverpool ក៏បានក្លាយទៅជាសត្រូវសាច់ឈាមឯង។ ក្នុងចំណោមប្រវត្តិប្រកួតគ្នា ២៨៤ លើក (គិតត្រឹមខែមីនា ២០១៩) Everton ឈ្នះ Liverpool ៨២ដង ស្មើ ៨៣ដង និង ចាញ់ ១១៩ដង។
ទីបំផុត Liverpool បានក្លាយទៅជាក្លឹបដ៏ជោគជ័យបំផុតមួយនៅលើផែនដី ដោយបានកើបពានទាំងក្នុងស្រុកនិងពានអន្តរជាតិសរុប៤២៕