• 2019-07-16 08:25:51
  • ព័ត៌មាន

មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​ មក​ដឹង​ប្រវត្តិ​ពាន​ Africa Cup of Nations

  • 2019-07-16 08:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ជើង​ឯក​ទ្វីប​អាហ្វ្រិក​ ឬ​ Africa Cup of Nations នឹង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ហើយ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​ និង​អាល់ហ្សេរី​។

ឆ្នាំ​២០១៩​គឺ​ជា​ការ​ប្រកួត​ពាន​ទ្វីប​អាហ្វ្រិក​លើក​ទី​៣២​ហើយ​ ដោយ​កម្មវិធី​នេះ​ធ្វើ​ឡើង​២​ឆ្នាំ​ម្ដង​ ចាប់​តាំង​ពី​ឆ្នាំ​១៩៥៧​មក។​ មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​មក​ដល់​យើង​មក​ដឹង​ប្រវត្តិ​ពាន​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ទ្វីប​អាហ្វ្រិក​នេះ​ទាំង​អស់​គ្នា៖​

ចាប់​តាំង​ពី​កម្មវិធី​បង្កើត​មក ​ពាន​ African Cup of Nations បាន​ផ្លាស់​ប្ដូរ​រូបរាង​៣​លើក​មក​ហើយ។​ ពាន​ដំបូង​បំផុត​ធ្វើ​ពី​ប្រាក់​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Abdelaziz Abdallah Salem យក​ទៅ​តាម​ឈ្មោះ​លោក Abdelaziz Abdallah Salemដែល​ជា​ប្រមុខ​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក​ទី​មួយ។​

ប្រទេស​ហ្គាណា​មាន​សិទ្ធ​ទុក​ពាន​ខាង​លើ​ជា​អចិន្ត្រៃយ៍​ក្រោយ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​៣​ដង ក្នុង​ឆ្នាំ​ ១៩៦៣, ៦៥ និង​៧៨។​ ពាន​ទី​ពីរ​ត្រូវ​បាន​ប្រើ​ចាប់​ពី​ឆ្នាំ​១៩៨០​ ដល់​ឆ្នាំ​២០០០ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Trophy of African Unity ឬ​ក៏​ African Unity Cup។ ប្រទេស​កាមេរូន បាន​រក្សា​ពាន​ដើម​ (Original) ជា​អចិន្ត្រៃយ៍​ក្រោយ​ឈ្នះ​៣​ដង​ក្នុង​ឆ្នាំ​ ១៩៨៤, ៨៨ និង​ ២០០០។​​

នៅ​ក្នុង​ឆ្នាំ​២០០១​ពាន​ទី​៣​ ដែល​គេ​ប្រើ​ដល់​បច្ចុប្បន្ន​ ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​ពណ៌​មាស​សុទ្ធ​ មាន​រូប​ផែន​ដី​ និង​បាល់​តូច​ៗ​ព័ទ្ធ​ជុំវិញ រចនា​ដោយ​ជាង​មក​ពី​ប្រទេស​អ៊ីតាលី​​។​ កាមេរូន គឺ​ជា​ប្រទេស​ដំបូង​ដែល​ឈ្នះ​ពាន​នេះ​ក្រោយ​ក្លាយ​ជា​ជើង​ឯក​ក្នុង​ឆ្នាំ​២០០២។​ អេហ្ស៊ីប​បាន​ឈ្នះ​ពាន​៣​ដង​ក្នុង​ឆ្នាំ​ ២០០៦, ០៨ និង​១០ ប៉ុន្តែ​ប្រទេស​នេះ​មិន​បាន​ទុក​ពាន​ដើម​ ជា​អចិន្ត្រៃយ៍​ដូច​ប្រទេស​មុន​​ៗ​នោះ​ទេ​ គឺ​បាន​ត្រឹម​រក្សា​ពាន​ចម្លង​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail | Sky Sports ប្រែសម្រួល៖ រ័ត្ន

មតិយោបល់