• 2019-07-14 00:02:00
  • បាល់ទាត់

ស្វែងយល់​ពី​ក្លឹប​បាល់ទាត់​ដ៏​អន់​បំផុត​នៅ​ចក្រភពអង់គ្លេស​ នៅ​តែ​អាច​រក្សា​ក្រុម​របស់​ពួកគេ​ឱ្យ​នៅ​រស់

  • 2019-07-14 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Fort William មិន​ដែល​ឈ្នះ​ការ​ប្រកួត​​ក្របខ័ណ្ឌ Highland League សូម្បី​ម្តង​ជាង​២​ឆ្នាំ​​មក​ហើយ។ Highland League ជា​ក្របខ័ណ្ឌ part-timeស្ថិត​នៅ​លីគ​លំដាប់​ទី​៥​របស់​ប្រទេស​ស្កុតឡែន ចក្រភព​អង់គ្លេស។

កាល​ពី​រដូវ​កាល​មុន Fort William បញ្ចប់​នៅ​បាត​តារាង​ដោយ​មាន​ពិន្ទុ (-៧) ជំពាក់​គ្រាប់​បាល់​គេ (-២២៤) គ្រាប់ ប៉ុន្តែ​ការ​តស៊ូ​របស់​ពួកគេ​បាន​នាំ​ឲ្យ​មាន​អ្នកគាំទ្រ​ថ្មី​បន្ថែម កាមេរ៉ា Sky Sports ទៅ​ថត​ទិដ្ឋភាព​ពី​ការ​ប្រកួត ហើយ​និង​ស្មារតី​នៅ​កីឡដ្ឋាន Claggan Park ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន ៤,០០០ នាក់​របស់​ពួកគេ​នៅ​តែ​បន្ត។

រដូវ​កាល​មុន​ពួកគេ​ស្មើ​២ ក្នុង​ចំណោម​៣៤​​ប្រកួត ស៊ុត​ចូល​គេ​២១​គ្រាប់ និង ត្រូវ​គេ​ស៊ុត​ចូល​វិញ​ ២៤៥​គ្រាប់។ ពួកគេ​ត្រូវ​ជាប់​​ពិន័យ (-៩) ពិន្ទុ ដោយសារ​តែ​បញ្ចូល​កីឡាករ​មិន​គ្រប់​លក្ខខ័ណ្ឌ​ឲ្យ​ចូលលេង​ ដូចនេះ​មាន​ន័យ​ថា​ពួកគេ​​មាន​ពិន្ទុ​ក្រោម​សូន្យ​ទៅ​ទៀត​គឺ (-៧)។

Fort William ដែល​កាល​ពី​រដូវ​កាល​មុន ចាញ់​៣២​ដង ក្នុង​ចំណោម​៣៤​ប្រកួត ហើយ​ប្រកួត​នីមួយៗ​ត្រូវ​គេ​ស៊ុត​ចូល​ចាប់​ពី​១០​គ្រាប់​ឡើង​ទៅ។

នៅ​ដើម​រដូវ​កាល ​​ពួកគេ​ដាក់​កីឡាករ​ពេញវ័យ ក្រោយ​មក​ពួកគេ​យក​ក្មេង​ជំទង់​ដាក់​ឲ្យ​ចូលលេង​ដើម្បី​រក្សា​ក្រុម​របស់​ពួកគេ​ឱ្យ​នៅ​រស់ សម្រាប់​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​ស្កុតឡែន​មួយ​នេះ។

ស្ថិតិ​​ចាញ់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ Fort William បាន​ធ្វើ​ឲ្យ​​សារព័ត៌មាន​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកសារព័ត៌មាន​ស្វែងយល់​អំពី​រឿងរ៉ាវ​របស់​ពួកគេ និង បាន​ពញ្ញាក់​ស្មារតី​​របស់​​អ្នកគាំទ្រ​នៅ​ស្រុក​កំណើត​ឲ្យ​ដុះដាល​ឡើង​វិញ។ ​

Peter Murphy ប្រធាន​ក្លឹប និង ជា​អតីត​កីឡាករ​​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​ក្នុង​ស្រុក​កំណើត​របស់​គាត់​នេះ​អស់​ជាង​១៥​ឆ្នាំ​បាន​និយាយ​ថា "ជោគជ័យ​របស់​យើង​គឺ​សាមញ្ញ​បំផុត គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ក្លឹប​មួយ​នេះ​នៅ​តែ​អាច​រស់​រៀន"។

ក្រោយ Sky Sports ធ្វើ​ឲ្យ​ក្លឹប​អន់​បំផុត​នេះ​ល្បី អ្នក​ស្រុក​របស់​ក្លឹប​នេះ​បាន​មូលនិធិ​បាន​ជាង ៦,០០០ ដុល្លារ​ដើម្បី​ជួយ​ទ្រទ្រង់​ពួកគេ​បន្ថែម។ ​

នៅ​ចម្ងាយ​ប្រមាណ ១០៦ គីឡូម៉ែត្រ​ពី Fort William មាន​ក្លឹប​បាល់ទាត់​ក្នុង​តំបន់​មួយ​ទៀត​ឈ្មោះ Clachnacuddin ហើយ​បច្ចុប្បន្ន​មាន​ក្មេងៗ​ជាង ២០០ នាក់​លេង​នៅ​ក្នុង​ក្រុម​យុវជន​​នៅ​តំបន់​នេះ។

​​​Scott Hunter ដែល​ជា​ស្ថាបត្យករ និង តែង​លេង​ចុង​សប្ដាហ៍​ឲ្យ​ក្លឹប Fort William អស់​ជាង​១​ទសវត្ស​មក​ហើយ​បាន​និយាយ​ថា​លោក​ចង់​ឲ្យ​យុវជន​ចាប់​យក​កីឡា​នេះ​ជា​អាជីព ប្រសិន​បើ​ពួកគេ​​ចូលចិត្ត​​បាល់ទាត់​ពិត​ប្រាកដ។

"ក្មួយ​ប្រុស​របស់​ខ្ញុំ​លេង​ក្នុង​ក្រុម​យុវជន។ សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ ខ្ញុំ​អាច​ប្រាប់​គាត់​ថា​ខ្ញុំ​ធ្វើ​រឿង​ទាំង​នេះ​មិន​អត់​ប្រយោជន៍​នោះ​ទេ"។ Hunter បាន​និយាយ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់