• 2019-07-13 02:00:00
  • បាល់ទាត់

អតីត​ខ្សែប្រយុទ្ធ​​ក្លឹប Brighton ម្នាក់​ក្លាយ​ជា​មេធាវី ព្រោះ​អាជីព​បាល់ទាត់​មិន​ជោគជ័យ

  • 2019-07-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​គ្រាប់​បាល់​ស៊ុត​ចូល​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Maheta Molango ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ​ដែរ។

Maheta Molango គឺ​ជា​កីឡាករ​រក​គ្រាប់​បាន​លឿន​បំផុត​លំដាប់​ទី២ ដោយ​ចំណាយ​ពេល​ត្រឹម ១២​វិនាទី ស៊ុត​ឲ្យ​ក្រុម Brighton ទល់​នឹង​ Reading កាល​ពី​ឆ្នាំ ២០០៤។

Molango បាន​ចុះ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ Brighton & Hove Albion ពី​ឆ្នាំ ២០០៤-០៧។ កាលណោះ Brighton លេង​នៅ​លីគ​លំដាប់​ទី២​របស់​អង់គ្លេស​នៅ​ឡើយ។ ប៉ុន្តែ​អតីត​យុវជន Atletico Madrid លេង​ឲ្យ​ Brighton បាន​តែ​១​រដូវកាល​ប៉ុណ្ណោះ ក៏​ត្រូវ​ក្លឹប​ដាក់​ឲ្យ​ខ្ចី​ជើង​រយៈពេល​វែង​រហូត​ដល់​ចប់​កុងត្រា។

​Molango ​ផ្តើម​ទៅ​លេង​ទៅ​ក្លឹប​នានា​​នៅ​លីគ League Two និង Tercera Division សុទ្ធសឹង​ជា​លីគ​លំដាប់​ទាប​កម្រិត​ទី​៤ របស់​អង់គ្លេស និង អេស្ប៉ាញ ដូចជា៖ ទៅ​លេង​ឲ្យ​ក្លឹប Lincoln City (២០០៥-០៦) ក្លឹប UB Conquense នៅ​អេស្ប៉ាញ (២០០៦) និង ចុងក្រោយ​ត្រលប់​ទៅ​លេង​នៅ​ក្លឹប Grays Athletic នៅ​អង់គ្លេស​វិញ មុន​ពេល​ដែល​លោក​ផ្អាក​ការងារ​ពី​វិស័យ​បាល់ទាត់​ទៅ​ប្រឡូក​ក្នុង​វិស័យ​ច្បាប់​វិញ​ម្តង។

អតីត​ខ្សែ​ប្រយុទ្ធ​ Brighton រូប​នេះ​ចូល​លេង​បាន ៣៣ ប្រកួត​ និង ទាត់​ចូល​តែ ៣​គ្រាប់​ប៉ុណ្ណោះ​គិត​ចាប់តាំង​ពី​ឆ្នាំ ២០០៤-០៧។

ពី​កីឡាករ​បាល់ទាត់​ ក្លាយ​ទៅ​ជា​មេធាវី​

ដោយMolango មាន​បរិញ្ញាបត្រ​២ គឺ​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ និង បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ Charles III ពី​ទីក្រុង​ម៉ាឌ្រីដ​ ក្រោយ​លោក​ចាកចេញ​ពី​ក្លឹប​បាល់ទាត់ លោក​បាន​ទៅ​ធ្វើ​ការ​នៅ​ការិយាល័យ​មេធាវី​មួយ​កន្លែង​នៅ​ប្រទេស​អេស្ប៉ាញ​ក្នុង​ឆ្នាំ​២០០៧។

នៅ​ឆ្នាំ ២០០៨ អតីត​កីឡាករ​នៅ​លីគ​អង់គ្លេស​រូប​នេះ​បាន​បន្ត​​យក​អនុបណ្ឌិត​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។

បន្ទាប់​ពី​ចប់​ការ​សិក្សា​​ លោក​បាន​​ត្រលប់​មក​អេស្ប៉ាញ​វិញ​​ធ្វើ​ការ​នៅ​ការិយាល័យ​មេធាវី​ដដែល​ ប៉ុន្តែ​​លោក​ឆ្លៀត​​ធ្វើ​​ជា​កីឡាករ​បាល់ទាត់​ក្រៅ​ម៉ោង​ឲ្យ​ក្លឹប FC Villanueva del Pardillo រវាង​ឆ្នាំ ២០១០។

បច្ចុប្បន្ន Molango គឺ​ជា​នាយក​ប្រតិបត្តិ​របស់ Segunda Division ដែល​ជា​​លីគ​លំដាប់​ទី​២​នៅ​អេស្ប៉ាញ។ ក្រៅ​ពី​តួនាទី​ជា​ប្រធាន​គ្រប់គ្រង​លីគ លោក​ក៏​ជា​​នាយក​ប្រតិបត្តិ​របស់​ក្លឹប​បាល់ទាត់ Real Club Deportivo Malloca ស្ថិត​នៅ​លីគ​លំដាប់​ទី​២​របស់​អេស្ប៉ាញ​ផងដែរ៕

អាន៖ អតីត​ប្រធាន​ក្រុម Derby County៖ ខ្ញុំ​ឈប់​រាប់ បន្ទាប់​ពី​ធ្លាក់​ការងារ​​៤២​កន្លែង

ប្រភព៖ theguardian ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់