• 2019-07-10 04:08:39
  • ប្រដាល់

សុខ​ ធី​ ពិបាក​បន្តិច​ដែរ​កាល​ពី​ថ្ងៃ​សៅរ៍​ ពេលប៉ះអ្នក​វ៉ៃ​ស្ដាយ​ដូច​គ្នា​បែប​នេះ​

  • 2019-07-10 04:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ ថា​ការ​ប្រកួត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​សង្វៀន​បាយ័ន​ថ្មីៗ​នេះ​ ពិបាក​ខ្លះៗ​ដែរ​ព្រោះ​ប៉ះ​កីឡាករ​ថៃ​វ៉ៃ​ស្ដាយ​ដូច​ខ្លួន​ពេក​ ប៉ុន្តែ​យ៉ាង​សប្បាយ​ចិត្ត​ដែល​យក​ជ័យជម្នះ​បាន។​

កីឡាករ សុខ ធី

សុខ​ ធី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​របួស​ជង្គង់​ដែល​ចាញ់​លើ​សង្វៀន​ ONE​ នៅ​ឯ​ប្រទេស​ថៃ​កន្លង​ទៅ​ប៉ុន្មាន​ខែ​មុន​នេះ​ ឥលូវ​ជា​ធម្មតា​វិញ​ហើយ​ អាច​ប្រកួត​បាន​ដូច​ឃើញ​ជាក់ស្ដែង​ស្រាប់​ប៉ុន្មាន​ថ្ងៃ​នេះ​អញ្ចឹង។​ បើ​និយាយ​ពី​ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​នេះ​ដែរ​ កូន​សិស្ស​លោក​គ្រូ​ សាន​ សៅយ៉ាន់​ រូប​នេះ​ប្រាប់​ថា​ ដំបូងៗ​បែប​នេះ​រាងកាយ​មិន​ទាន់​រហ័សរហួន​ដូច​មុន​ឡើយ​ ចេញ​ស្នៀត​នៅ​ស្ពឹក​ៗ​បន្តិច​ បើ​ឡើង​ប្រកួត​បាន​ ១-២​ដង​ប្រហែល​ដូច​ដើម​វិញ​ហើយ។​

សុខ ធី ប្រកួតកន្លងទៅ

ចំពោះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​ខាង​លើ ​បន្ថែម​ទៀត​ថា​ កីឡាករ​ថៃ​ Dokmydeng​ គេ​ក៏​ជា​ជើង​ខ្លាំង​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ម្នាក់​នៅ​សង្វៀន​ស្រុក​ថៃ​ ដូច្នេះ​សមត្ថភាព​មិន​ធម្មតា​ឡើយ។​ រៀង​ពិបាក​បន្តិច​សម្រាប់​ប្រកួត​នេះ​ ព្រោះ​ទម្រង់​វ៉ៃ​គឺ​ដូច​គ្នា​តែ​ម្ដង​ ពោល​ម៉ាត់​ហើយ​ទាត់​ និង​ថែម​ទាំង​មាន​ទាត់​លើ​ទៀត​ផង។​ សុខ​ ធី​ ក៏​សរសើរ​អ្នក​លេង​គុន​ថៃ​រូប​នេះ​ដែរ​ ទោះ​ឈឺ​ជើង​ប៉ុណ្ណឹង​ហើយ​នៅ​ទ្រាំ​តស៊ូ​បន្ត​ទៀត​បាន​ ខណៈ​ខ្លួន​ខំ​ទាត់​ឲ្យ​ខូច​ជើង​បោះបង់​ការ​ប្រកួត​ ប៉ុន្តែ​បែរ​ជា​សន្លប់​ដោយ​សារ​កែង​ទៅ​វិញ។​

សុខ ធី កាលវ៉ៃនៅថៃ កម្មវិធី ONE

សុខ​ ធី​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ ​បន្ទាប់​ពី​កីឡាករ​រូប​នេះ​ចាញ់​ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី២​ លើ​សង្វៀន​ ONE​ ជា​មួយ​អ្នក​ប្រដាល់​លំដាប់​ទី១ ​របស់​ប្រទេស​ថៃ​ Rodtang​ កាល​ពី​ខែ​ឧសភា​ ២០១៩។​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៦ ​កក្កដា​ ២០១៩​ នេះ​ សុខ​ ធី​ ផ្ដួល​អ្នក​លេង​គុន​ថៃ​ Dokmydeng​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៤​ នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់