• 2019-07-08 04:54:25
  • ប្រដាល់

ឡុង​ ជិន​ អរគុណ​សម្ដី​បង្អាប់​ ​«បើ​ ឡុង​ ជិន​ ឈ្នះ​ មករា​ កាត់​ស្លឹក​ត្រចៀក​ចោល»​

  • 2019-07-08 04:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ព្រៃវែង​ ឡុង​ ជិន​ អរគុណ​ចំពោះ​សម្ដី​អ្នក​គាំទ្រ​ប្រដាល់​មួយ​ចំនួន​ដែល​តែងតែ​បង្អាប់​ខ្លួន​ ជា​ពិសេស​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ម្សិលមិញ​នេះ​ ដែល​ធ្វើ​ឲ្យ​រូប​គេ​រឹតតែ​ខំប្រឹង​ហាត់​រហូត​ឈ្នះ​បែប​នេះ។​

ឡុង ជិន

ឡុង​ ជិន​ បាន​ឲ្យ​ដឹង​ថា​ អរគុណ​ដល់​អ្នក​គាំទ្រ​ខ្លួន​ទាំង​អស់​ដែល​តែង​តែ​លើក​ទឹក​ឲ្យ​ខំប្រឹង​ប្រែង​ក្នុង​វិស័យ​កីឡា​មួយ​នេះ។​ ទន្ទឹម​និង​នេះ​ដែរ​សិស្ស​គុន​មក​ពី​ក្លឹប​ខ្លារខិន​ ខាង​លើ​នេះ​បញ្ជាក់​ទៀត​ថា​ សម្រាប់​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​បោះ​សម្ដី​ថា ​«បើ​ ឡុង​ ជិន​ ឈ្នះ​ មករា​ កាត់​ស្លឹក​ត្រចៀក​ចោល»​ ពាក្យ​បង្អាប់​ទាំង​នេះ​ហើយ​ ដែល​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​រហូត​ឈ្នះ​ខ្សែក្រវាត់​មួយ​នេះ។​

ឡុង ជិន ពេលឈ្នះ មករា​

ងាក​ទៅ​និយាយ​ពី​ការ​ប្រកួតផ្ដាច់ព្រ័ត្រ​នេះ​វិញ​ ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទី២​របស់​ ISI PALM​ រូប​នេះ​លើក​ឡើង​ថា​ មិន​សូវ​ជា​ពិបាក​ក្នុង​ការ​យក​ឈ្នះ​លើ​ មករា​ នោះ​ឡើយ​ ដោយ​សារ​តែ​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ ខាង​លើ​ហាក់​មាន​ចិត្ត​ខ្លាច​ និង​ញញើត​ខ្លួន​ ដូច្នេះ​វ៉ៃ​មិន​សូវ​ល្អ​ឡើយ។​ ឡុង​ ជិន​ បន្ថែម​ទៀត​ថា​ បើ​មើល​តាម​ការ​ប្រកួត​របស់​ មករា​ មុន​ៗ​គឺ​ល្អ​ ជា​ពិសេស​ការ​ប្រកួត​ជា​មួយ​បរទេស​កន្លង​មក​ ប៉ុន្តែ​ប្រកួត​ជា​មួយ​ខ្លួន​ម្សិលមិញ​នេះ​ មិន​ដឹង​ថា​យ៉ាង​ម៉េច​ ប្រហែល​ខ្លាច​ ឬ​មក​ពី​យ៉ាង​ម៉េច​នោះ​ទេ​ វ៉ៃ​មិន​សូវ​ល្អ ​ពេល​ចាប់​ឡាំ​ក៏​ជ្រាយ​ទៀត​ផង។​

ឡុង ជិន និងខ្សែក្រវាត់ប្រាក់

អ្នក​ប្រដាល់​ ឡុង​ ជិន​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ម្សិលមិញ​នេះ​គឺ​យក​ឈ្នះ​ ធន់​ មករា​ ដោយ​ឯកច្ឆាន​តែ​ម្ដង។​ ជើង​ខ្លាំង​មក​ពី​ក្លឹប​ ខ្លារខិន​ រូប​នេះ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ អធិរាជ​គុន​ខ្មែរ​ ISI​ PALM​ បន្ត​ទៀត។​ ពេល​នេះ​បេក្ខភាព​ខ្សែក្រវាត់​ប្រាក់​របស់​ ISI PALM​ រក​ឃើញ​ពីរ​រូប​ហើយ​គឺ​ ឡៅ​ ចិត្រា​ និង​ ឡុង​ ជិន៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម