• 2019-06-16 04:49:00
  • បាល់ទាត់

ការ​លំបាក​ដែល​ Divock Origi ហែល​ឆ្លង​ដើម្បី​ក្លាយ​ជា​វីរបុរស​នៅ​ Liverpool

  • 2019-06-16 04:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​បាល់ទាត់​គឺ​និយាយ​អំពី៖ ពេល​អ្នក​ល្បី អត្តចរិត ភាព​អត់ធ្មត់ និង ការ​បន្ត​បោះ​ជំហាន​ទៅ​មុខ។

ចំណុច​​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កីឡាករ​​មាន​ទេពកោសល្យ​ខ្លះ​មិន​ងាយ​​ឈាន​ទៅដល់​ចំណុច​កំពូល។ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់​ក្លាយ​ទៅ​ជា​វីរបុរស​ក្នុង​ក្លឹប​មួយ​ដែរ ហើយ​នេះ​ជា​អ្វី​ដែល​កើត​ឡើង​ចំពោះ Divock Origi នៅ Liverpool ។

កីឡាករ​បែលហ្ស៊ិក​រូប​នេះ​បាន​មក​ដល់ Anfield ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​វ័យក្មេង​ មាន​រូប​រាង​ស្គមស្គាំង និង លេង​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ​ពេញ​មួយ​រដូវ​កាល ក្រោយ​ Liverpool បាន​ចុះ​កុងត្រា​ក្នុង​តម្លៃ ១០ លាន​ផោន (១២,៥ លាន​ដុល្លារ) និង ក្រោយ​មក​បាន​ដាក់​ឲ្យ​ក្លឹប​លីល (Lille) ខ្ចី​ជើង។

ការ​លំបាក​មួយ​ចំនួន​ដែល Origi ត្រូវ​ជម្នះ​ក្នុង​អាជីព​នៅ Liverpool

Origi ជាប់​ជា​ខ្សែ​ប្រយុទ្ធ​អន់​បំផុត​ប្រចាំ​រដូវ​កាល ​​​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លឹប​លីល​​ក្របខ័ណ្ឌ Ligue 1​ ដោយ​រក​បាន​ត្រឹម​៨​គ្រាប់​ក្នុង​ចំណោម​៣៣​ប្រកួត​កាល​ពី​​រដូវ​កាល ២០១៣-១៤។

បន្ទាប់​មក លីល​ក៏​បញ្ជូន​ Origi ទៅ​ក្លឹប​ដើម​នៅ​អង់គ្លេស​វិញ។ រស់​នៅ​ទ្រនំ​ហង្ស​ក្រហម​អស់​៣​រដូវ​កាល​ កីឡាករ​វ័យ​២៤​ឆ្នាំ​ស៊ុត​បាន​ត្រឹម ១២​គ្រាប់​នៅ Premier League ហើយ​កាល​ពី​រដូវ​កាល​ ២០១៧-១៨ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ត្រឹម​តែ​១​ប្រកួត​ប៉ុណ្ណោះ​ពេញ​១​រដូវ​កាល​ឲ្យ Liverpool មុន​ពេល​ដែល​​ក្លឹប​ម្ចាស់​ពាន Champions League ៦​ដង ដាក់ Origi ឲ្យ Wolfsburg ​ខ្ចី​ជើង​បន្ត​ទៀត។

ជីវិត​​ការងារ Origi ​ត្រដែត​បាន​មួយ​ភ្លែត ក៏​លេច​បាត់​វិញ​នៅ​ទឹកដី​អាឡឺម៉ង់

កីឡាករ​បែលហ្ស៊ិក​ត្រូវ​បាន​ហង្ស​ក្រហម​បញ្ជូន​ឲ្យ​ Wolfsburg ខ្ចី​ជើង​នា​រដូវ​ក្តៅ​ឆ្នាំ ២០១៧។ Origi ចាប់​ផ្តើម​រដូវ​កាល​របស់​ខ្លួន​យ៉ាង​ល្អ ស៊ុត​បាន​៤​គ្រាប់​ក្នុង​ចំណោម​៩​ប្រកួត​នៅ Bundesliga។

ប៉ុន្តែ​បន្ទាប់​ពី​គ្រូ​បង្វឹក Martin Schmidt បាន​ជំនួស​លោក Andries Jonker, Origi ក៏​ត្រូវ​បាន​ប្តូរ​ពី​ខ្សែ​ប្រយុទ្ធ​កណ្តាល​ទៅ​លេខ​ស្លាប​ស្ដាំ។ ភាព​ត្រចះត្រចង់​របស់​កីឡាករ Liverpool ក៏​ត្រូវ​កប់​បាត់​ទៅ​វិញ ដោយ​ស៊ុត​បាន​១​គ្រាប់​ក្នុង​ចំណោម​១៧​ប្រកួត។

​​​​​​អវត្តមាន​ Firmino និង Salah ចំ​ប្រកួត​សំខាន់ ​វីរបុរស​ពិតប្រាកដ​បង្ហាញ​ខ្លួន​ នោះ​គឺ Origi

ក្រុម​ហង្ស​ក្រហម​ប្រហែល​ជា​មិន​អាច​បន្ថែម​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​លើក​ទី​៦​ទេ ប្រសិន​បើ​មាន​ក្លឹប​ណា​មួយ​​ឲ្យ​តម្លៃ​សមរម្យ​ដល់​ Liverpool ដើម្បី​ទិញ Origi។

Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​លក់ Origi ប៉ុន្តែ​មិន​មាន​ក្លឹប​ណា​ចាប់​អារម្មណ៍​សោះ ដូច្នោះ កីឡាករ​វ័យ​២៤​ឆ្នាំ បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ ទាំង​ក្នុង​លីគ​និង​ពាន​ទ្វីប​អឺរ៉ុប​ដើម្បី​​រង់ចាំ​មើល​ Jurgen Klopp បក់​ដៃ​អាល​នឹង​មាន​ឱកាស​ប្តូរ​សំលៀក​បំពាក់​ចូល​ទីលាន។

កីឡាករ​មិន​សូវ​ល្បី Origi នឹង​ត្រូវ​បាន​ហង្ស​ក្រហម​ចារឹក​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ ក្រោយ​ស៊ុត​​ម្នាក់​២​គ្រាប់​ជាមួយ Georginio Wijnaldum វាយ​បក​យក​ឈ្នះ Barcelona ៤-០ ត្រួសត្រាយ​ផ្លូវ​ Liverpool បន្ថែម​ពាន Champions League រដូវ​កាល​ ២០១៨-១៩៕

អាន៖ Klopp សារភាព​ថា​លោក​នឹង​ត្រូវ​បាន​គេ​វាយតម្លៃ​តាមរយៈ​ពាន​រង្វាន់

អាន៖ Carragher ចង់​ឲ្យ​​​យក Coutinho មក​វិញ​ព្រោះ Liverpool គ្មាន​​​កម្រិត​ខ្សែបម្រើ​ដែល Man City មាន

ប្រភព៖ Football Fancast ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់