• 2019-06-05 23:30:00
  • ប្រដាល់

ក្បាច់​រញ៉េរញ៉ៃ​របស់​ ពុទ្ធ​ ឆាយរិទ្ធី​ ធ្វើ​ឲ្យ​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​មិន​អាច​មើល​ស្រាល​បាន​

  • 2019-06-05 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​ល្បី​ថា​មាន​ស្នៀត​ប្រយុទ្ធ​រញ៉េរញ៉ៃ​ ពុទ្ធ​ ឆាយរិទ្ធី​ កំពុង​ធ្វើ​ឲ្យ​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ខារាប៉ាវ​ទម្ងន់​ ៦៧​គីឡូក្រាម​ ប៉ុន្មាន​នាក់​ដែល​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បារម្ភ​ និង​មិន​អាច​មើល​ស្រាល​បាន។​

ពុទ្ធ ឆាយរិទ្ធី ពេលប៉ះ​ ក្រៀងក្រៃ

ជើង​ខ្លាំង​ខាង​លើ​នេះ​ គឺ​មាន​ស្នៀត​ចម្រុះ​តែ​ម្ដង​ ជា​ពិសេស​ថែម​ទៀត​នោះ​មាន​កម្លាំង​ខ្លាំង​ អាច​កំដរ​ដៃគូ​បាន​៥​ទឹក​តែ​ម្ដង​ មិន​ថា​ការ​ប្រកួត​មិត្តភាព​ ឬ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​អ្វី​នោះ​ឡើយ។​ ចំណុច​ល្អ​របស់​អ្នក​ប្រដាល់​រូប​នេះ​ គឺ​ស្នៀត​ចេញ​បាន​គ្រប់​កាលៈទេសៈ​ អាវុធ​អាច​ចេញ​បាន​ទាំង​អស់​ ដូច​ជា​ទាត់​គេ​ផុត​ហើយ​ គ្មាន​ជំហរ​ធ្វើ​អ្វី​ទៀត​ទេ​ ប៉ុន្តែ​នៅ​សល់​កែង​ដោយ​មិន​បាន​ព្រាង​ទុក​អាច​ចេញ​បាន​ទៀត។​ មួយ​វិញ​ទៀត​ ពុទ្ធ​ ឆាយរិទ្ធី​ ជា​កីឡាករ​មិន​ខ្ចិល​វ៉ៃចេញ​ ពី​ទឹក​១​ដល់​ទឹក​៥​ គឺ​ព្យាយាម​វ៉ៃ​ចេញ​រហូត​ មិនថាក្បាច់​ដៃ​ ជើង​ កែង​ ជា​ពិសេស​ម៉ាត់នោះទេ។​ បើ​និយាយ​ជា​រួម​ទៅ​ កីឡាករ​រូប​នេះ​មិន​មាន​ស្នៀត​ណា​មួយ​ឲ្យ​ច្បាស់​ ឬ​ខ្លាំង​ឲ្យ​ប្រាកដ​នោះឡើយ។​

ពុទ្ធ ឆាយរិទ្ធី ពេលឈ្នះ ក្រៀងក្រៃ

ឡៅ​ ចន្រ្ទា​ ក៏​ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ពេល​ប៉ះ​គ្នា​នៅ​សង្វៀន​ CNC​ ជា​មួយ​ ពុទ្ធ​ ឆាយរិទ្ធី​ ពី​មុន​ថា​ កីឡាករ​រូប​នេះ​វ៉ៃ​ក្បាច់​ចម្រុះ​ ឬ​ក្បាច់​រញ៉េរញ៉ៃ​ ពិបាកវ៉ៃជាមួយណាស់ ដូច្នេះ​មិន​ចេះ​តែ​ចូល​ទៅ​វ៉ៃ​នោះ​ទេ​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​របស់​កីឡាកររូបនេះ​ហើយ​ ព្រោះ​មិន​ដឹង​ថា​ចេញ​អ្វីឲ្យច្បាស់​នោះ​ទេ។​ ចំណែក​កីឡាករ​ថៃ​ ក្រៀងក្រៃ​ ក៏​ក្រវី​ក្បាល​ជា​មួយ​ ពុទ្ធ​ ឆាយរិទ្ធី​ ផង​ដែរ​ពេល​ប៉ះ​គ្នា​កន្លងទៅ។​ ចំណុច​ល្អ​របស់​កូន​សិស្ស​លោក​គ្រូ​ ណង​ រិទ្ធ​ ខាងលើនេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ដៃគូ​ហាក់​ញញើត​ផង​ដែរ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ឬ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ​មិន​អាច​ធ្វេសប្រហែស​បាន។​

ពុទ្ធ ឆាយរិទ្ធី ពេលប៉ះចាញ់ ឡៅ ចន្រ្ទា

រំលឹក​ដែរ​ថា​ កីឡាករ​ ពុទ្ធ​ ឆាយរិទ្ធី​ ចូល​ប្រឡូក​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​យូរ​ណាស់​មក​ហើយ​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ពុទ្ធសេរីវង្ស។​ បច្ចុប្បន្ន​នេះ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​ទម្ងន់​៦៧​គីឡូក្រាម​របស់​សង្វៀន​បាយ័នហើយ។ ពុទ្ធ ឆាយរិទ្ធី ប៉ះ ក្លាឃុនសឺត និង​ ឡៅ ចន្រ្ទា​ ប៉ះ ក្រៀងក្រៃ៕​ ​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់