• 2019-05-21 03:00:41
  • ប្រវត្តិ​​

បាត់មុខ​យូរ​​ ផៃ​ ប៊ុនជឿ​ តាមពិតទៅធ្វើការនៅថៃ តែចង់ធ្វើការប្រដាល់ដែរ​

  • 2019-05-21 03:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ ផៃ​ ប៊ុនជឿ ​ត្រូវ​បាន​អ្នក​គាំទ្រ​កីឡា​ប្រដាល់​សម័យ​មុន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ និង​ស្ថិត​នៅ​ក្នុង​ចិត្ត​​អ្នក​គាំទ្រ​​ប្រដាល់​រហូត​​អំពី​សមត្ថភាព​កម្រិត​ខ្ពស់​របស់​គាត់។ អតីត​កីឡាករ​ប្រដាល់​រូប​នេះ​​ពូកែ​ទាត់​បំផុត​ដែល​ពេល​ខ្លះ​គេ​ហៅ​ថា​ អ្នក​លេង​រន្ទៈ​ជើង​គុន​ខ្មែរ។

ផៃ ប៊ុនជឿ ពេល​ធ្វើ​កម្មករ​នៅ​ថៃ (រូបថត៖ ប៊ុនជឿ)

យ៉ាង​ណា​ ក្រោយ​ពេល​ឈប់​ពី​ប្រដាល់​​ប្រហែល​ជា​១០​ឆ្នាំ​កន្លង​ទៅ​នេះ​ អ្នក​គាំទ្រ​បាត់​ដំណឹង​សូន្យ​អំពី​​​ខ្សែ​ជីវិត​របស់​​លោក​ ផៃ​ ប៊ុនជឿ។ គេ​មិន​ដឹង​ថា​ លោក​កំពុង​ធ្វើ​ការ​អ្វី? រស់​នៅ​កន្លែង​ណា​ ហើយ​មិច​មិន​ឃើញ​ចូល​រួម​ក្នុង​សកម្មភាព​កីឡា​ប្រដាល់?

Sabay បាន​សាក​សួរ​តាម​រយៈ​ Facebook ព្រឹក​​​ថ្ងៃ​​ទី​២១​ ខែ​ឧសភា​នេះ​ អតីត​ជើង​ខ្លាំង​ ផៃ​ ប៊ុនជឿ​​បាន​ឆ្លើយ​តប​ថា​ លោក​សុខ​សប្បាយ​ធម្មតា​ទេ។ លោក​​កំពុង​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​មិន​មាន​ការងារ​អ្វី​ធំ​ដុំ​ឡើយ។ ភាគ​ច្រើន​លោក​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ។

លោក​បាន​បន្ត​ថា​ តាម​ពិត​លោក​ក៏​ចង់​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​កីឡា​ប្រដាល់​ដែរ​ ប៉ុន្តែ​មិន​ដឹង​រក​វិធី​ណា​​ដើម្បី​បាន​​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​ប្រដាល់។ ពេល​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​លោក​មិន​បើក​ក្លឹប​បង្ហាត់​ប្រដាល់​ដល់​ក្មេង​ៗ? លោក​បាន​ឆ្លើយ​ថា ​លោក​ក៏​ចង់​​បើក​ក្លឹប​ជួយ​បង្ហាត់​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែរ​ ប៉ុន្តែ​លោក​គ្មាន​លុយ​ឡើយ។

ផៃ ប៊ុនជឿ ពេល​ធ្វើ​កម្មករ​នៅ​ថៃ (រូបថត៖ ប៊ុនជឿ)

លោក​ មាស​ សុខគ្រី បង្វឹក​ប្រដាល់​បាន​ឲ្យ​ដឹង​ថា ​ផៃ ប៊ុនជឿ​ បាន​ហ្វឹកហាត់​ជា​មួយ​លោក​នៅ​ក្លឹប​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ។ ភាគ​ច្រើន​​​គាត់​ហ្វឹកហាត់​ជា​មួយ​ គ្រាក់ សម្ពស្ស​​ដែល​អ្នក​ទាំង​ពីរ​ជា​កីឡាករ​ពូកែ​ទាត់​ដូច​គ្នា។

ផៃ​ ប៊ុនជឿ​ មាន​ដៃ​គូ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​ ឡឹក វិបុល​ ដែល​ភាគ​ច្រើន​ប្រកួត​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥។ អ្នក​ទាំង​ពីរ​នេះ​វ៉ៃ​គ្នា​ច្រើន​ដង​ ហើយ​មាន​ឈ្នះ​ មាន​ចាញ់​​ដូច​គ្នា។ ចំណែក​ ឡៅ ស៊ីណាត​ ដែល​ជា​អាជ្ញា​កណ្តាល​បច្ចុប្បន្ន​ក៏​​ធ្លាប់​សន្លប់​ក្រោម​កណ្តាប់​ដៃ​របស់​ ប៊ុនជឿ​ ដែរ​ដែល​ពេល​នោះ ស៊ីណាត​ អាយុ​មិន​ទាន់​២០​ឆ្នាំ​ផង​ ខណៈ​ប៊ុនជឿ​ជា​រៀម​ច្បង​ល្បី​ឈ្មោះ​រួច​ទៅ​ហើយ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់