• 2019-05-17 04:20:11
  • ប្រដាល់

ស សី​ ចាប់​ផ្តើម​តស៊ូបង្ហាត់ប្រដាល់ដល់កូន និងក្មេងៗក្រោមដំបូលកម្សត់​

  • 2019-05-17 04:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​​គុន​ខ្មែរ​ជើង​ចាស់​ ស​ សី​ ​បាត់​មុខ​​ពី​​សង្វៀន​​ប្រដាល់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨​ ម៉្លេះ​ដោយ​ផ្អែក​លើ​វ័យ​កាន់​តែ​ជ្រេ​ កម្លាំង​ធ្លាក់​ចុះ​ ​និង​​ គ្រួ​សារ​ផ្ទាល់​​ប្រាប់​ថា​ឈប់​វ៉ៃ​ទៅ​​កុំ​ឲ្យ​ខ្មាស​ក្មេងៗ​ ប៉ុន្តែ​ ​កីឡាករ​វ័យ​ ​៣៧​ ឆ្នាំ​រូប​នេះ​​កំពុង​ដុតដៃដុតជើង​​បង្ហាត់​កូន​ប្រុស​របស់​ខ្លួន​ និង​ ក្មេងៗ​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​​​នៅ​ភូមិ​ ស្វាយជ្រុំ ​ឃុំ​ព្រែក​ដំបង​ ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល។​ ​​​​

ស សី និង​កូន

ការ​ងាក​​មក​បណ្ដុះ​​បណ្ដាល​យុវជន​ក្នុង​វិស័យ​គុន​ខ្មែរ​គឺ​ដោយ​សារ​ក្ដី​ស្រលាញ់​ និង រួម​ចំណែក​អភិរក្ស​គុន​ខ្មែរ​​ហើយ​ម្យ៉ាង​​ទៀត​ភាព​​កើន​ឡើង​នៃ​តម្លៃ​​ខ្លួន​ពី​ការ​ឡើង​រេញ​ក៏​ជា​ចំណែក​​មួយ​​សម្រាប់​ការ​ជំរុញ​​ទឹក​ចិត្ត​នេះ​ផង​ដែរ។​ ​​អតីត​កូន​សិស្ស​លោក​ អេ ភូថង​ បញ្ជាក់​​ថា​ ៖«​​ខ្ញុំ​​ចង់​​ឲ្យ​កូន​ខ្ញុំ​​រៀន​ ផង​ និង​ហាត់​ក្បាច់​គុន​ប្រដាល់​​ផង។ ​កូន​ខ្ញុំ​ឈ្មោះ​ សី កុសល់ ​ជា​កូន​ទី២ អាយុ​ ១១ ឆ្នាំ​ រៀន​ថ្នាក់​ទី៣។ ខ្ញុំ​បង្ហាត់​កូន​ខ្ញុំ​ ប្រហែល​ជា​ ៥ ខែ​មក​ហើយ។ គេ​​ឆាប់​ចេះ​ ឆាប់​ចាំ​ ការ​វ៉ៃ​ល្អ​ ប៉ុន្តែ​មិន​ទាន់​ចេះ​ប្រើ​ទម្ងន់​ដៃ​ ​​ដៃ​​គេ​នៅ​​ស្រាល​ ​តែ​វ៉ៃ​ចេញ​បាន​លឿន។ ​​ប្រហែល​មួយ​ ឬ ពីរ​ឆ្នាំ​ទៀត​ បើ​រឹត​តែ​ល្អ​ខ្ញុំ​នឹង​​ស្វែង​រក​សង្វៀន​​ឲ្យ​កូន​ខ្ញុំ​​ប្រកួត។ ​​នេះ​ជា​​ឱកាស​មួយ​ដែល​ខ្ញុំ​បង្ហាត់​កូន​​ខ្ញុំ​ ព្រោះ​ពី​មុន​តម្លៃ​ខ្លួន​តិច​ណាស់​ ​មិន​ដូច​​ឥឡូវ​ទេ​​​ឡើង​រេញ​បាន​​ថ្លៃ​ ហើយ​ បើ​យើង​ខ្លាំង​ នោះ​តម្លៃ​ខ្លួន​នឹង​ឡើង​តាម​ហ្នឹង​ដែរ»។

កូន​ប្រុស​ ស សី

​ ​កីឡាករ​​ដែល​ប្រឡូក​​លើ​​សង្វៀន​​គុន​ចម្រុះ​បាន​ចំនួន​ ៨​ដង​រូប​នេះ​បាន​រៀប​រាប់​ទៀត​ថា​ ​ក្រៅ​ពី​​កូន​របស់​ខ្លួន​ ​លោក​មាន​កូន​សិស្ស​​​វ័យ​ក្មេង​ ​ចំនួន​ ៧ ​នាក់​ផ្សេង​ទៀត​ដែល​កំពុង​​ហាត់​យ៉ាង​សកម្ម។​ ​​ក្នុង​​នោះ​មាន​យុវជន​គុន​ខ្មែរ​ពីរ​រូប​អាយុ​ ១៧ និង​ ១៨​ ឆ្នាំ​​​​ទទួល​បាន​ការ​បង្ហាត់​ខ្លាំងក្លា​ និង​​ត្រៀម​ចាប់​គូ​​ឲ្យ​ឡើង​សង្វៀន​ទៀត​​ផង​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ព្រោះ​ថា​សមត្ថភាព​របស់​ពួក​គេ​អាច​ឡើង​វ៉ៃ​បាន​ហើយ។  

ដ្បិត​ជួប​ការ​លំបាក​ខ្លះៗ​​លើ​ការ​ហ្វឹកហាត់​​ដោយ​សារ​តែ​ខ្វះ​សម្ភារ​ ប៉ុន្តែ​លោក​នៅ​តែ​ក្រាញ​ននាល​​ក្នុង​នាម​ជា​គ្រូ​​បង្វឹក​ដើម្បី​លើក​មុខ​មាត់​នៅ​សហគមន៍​របស់​ខ្លួន​ និង ​ចង់​ទទួល​បាន​ធនធាន​ល្បី​ឈ្មោះ​កើត​ចេញ​ពី​ស្រុក​មុខ​កំពូល​​នៃ​ទឹក​ដី​ខេត្ត​កណ្ដាល។ ​លោក​សង្កត់​ធ្ងន់​​ថា​ ៖«​​ខ្ញុំ​មាន​បាវ​សាក់​មួយ​ខ្ញុំ​ទិញ​ខ្លួន​​ឯង​ ហើយ​សម្ភារៈ​មួយ​ចំនួន​​បាន​​ពី​​លោក​គ្រូ​ ហ៊ុន ច័ន្ទរាជ្យ ​នៃ​ក្លឹប​ Cambodian Top Team ផ្ដល់​ឲ្យ​ ដូច​ជា​​ ស៊ីប​១​គូ ​ហ្គង់​​សម្រាប់​ក្មេងៗ​ ២គូ ​បង់​រុំ​ដៃ​៣គូ ​ឧបករណ៍​ពាក់​ស្នង​ជើង​២​គូ​ និង​កម្រាល​ហ្វឹកហាត់​ជា​ដើម។​ ​ប៉ុន្តែ​​នៅ​ខ្វះ​​សម្ភារ​ហាត់​ជា​ច្រើន​ទៀត​ដូច​ជា​ សម្ភារៈ​សម្រាប់​ធាក់​ក្បាល​ពោះ ​និង​ ស៊ីប​ជា​ដើម។ ​​យ៉ាង​ណា​ក្ដី​ ​យើង​មាន​ប៉ុណ្ណា​ គឺ​ ហាត់​ប៉ុណ្ណឹង​សិន​​ ពេល​ណា​ខ្ញុំ​អាច​លៃ​ទិញ​បាន​ ខ្ញុំ​នឹង​ទិញ​បន្ត​​បន្ទាប់​ទៀត»។

កូន​សិស្ស ស សី

​ទោះ​បែប​ណា​ក៏​​ដោយ​​ កីឡាករ​ដែល​​ទទួល​ចំណាត់​ថ្នាក់​លេខ​​៤​​ក្នុង​កម្មវិធី​​ប្រដាល់​ខ្សែ​ក្រវាត់​នៅ​​សង្វៀន​ស៊ីធីអិន​​កាល​ ​១០​ ឆ្នាំ​មុន​​បាន​ដាក់​គោល​ដៅ​មួយ​​ជា​យូរ​មក​ហើយ​ក្នុង​ការ​បង្កើត​ក្លិប​ប្រដាល់។​ ​ឥឡូវ​​​នេះ​ជិត​ចេញ​រូប​រាង​ ​បន្ទាប់​ពី​ទទួល​លិខិត​អនុញ្ញាត​​ពី​​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ពោល​រង់​ចាំ​តែ​លិខិត​បញ្ជាក់​ពី​ភូមិ​ឃុំ​​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ក្លិប​ប្រដាល់​នេះ​មិន​ទាន់​ដឹង​ថា​ដាក់​ឈ្មោះ​អ្វី​​ឲ្យ​ប្រាកដ​នោះ​ ​​ដោយ​រង់​ចាំ​ការ​ពិភាក្សា​សិន។ ​អតីត​កូន​សិស្ស​របស់​លោក​ ឈិត សារឹម​ បញ្ជាក់​អំពី​ជំហរ​​​នៃ​ការ​បង្កើត​ក្លិប​យ៉ាង​ដូច្នេះ៖«​ខ្ញុំ​ចង់​ឃើញ​កីឡាករ​ល្អ​ៗ​ចេញ​ពី​ភូមិ​​ឃុំ​របស់​ខ្ញុំ​ ហើយ​ ខ្ញុំ​រីករាយ​ពេល​ពួក​ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​ទៅ​ថ្ងៃ​អនាគត​​ព្រោះ​ឥឡូវ​នេះ​ប្រដាល់​មាន​ទីផ្សារ​ ហើយ​មិន​ដូច​ខ្ញុំ​កាល​ពី​​ជំនាន់​ខ្ញុំ​ទេ»។

កូន​សិស្ស ស សី កំពុង​ហាត់

ស សី ​​​មាន​​ស្រុក​កំណើត​នៅ​ឃុំ​ព្រែក​ដំបង​ ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល។ ​ថ្វី​ត្បិត​ចាប់​អាជីព​ជា​​អ្នក​ប្រដាល់​គុន​ខ្មែរ​តាំង​ពី​ថ្នាក់​ទី​ ៥ ​ប៉ុន្តែ​ ​គេ​​​បាន​​ឡើង​​ប្រកួត​នៅ​សង្វៀន​​​គុន​ចម្រុះ​​ចំនួន​ ៨ ​ដង​​​ក្នុង​នោះ​ ឈ្នះ​ ៤ ​ដង ​និង ចាញ់ ​ចំនួន​ ៣ ​ដង​ គិត​ចាប់​​តាំង​​ឆ្នាំ​ ២០១៦​ មក។ ​បុរស​កូន​៤​រូប​នេះ​​​ចាប់​ផ្ដើម​​ហ្វឹកហាត់​ប្រដាល់​ជា​មួយ​គ្រូ​ ណុល នៅ​ស្រុក​មុខ​កំពូល, លោក​​គ្រូ​ សឹង សារិទ្ធ នៅ​ក្លិប​​ទ័ព​ជើង​ទឹក,​គ្រូ​ ​អេ ភូថង នៅ​ក្លិប​អេភូថង​ និង គ្រូ​ ឈិត សារឹម នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ​ ​​​​មុន​ប្រកួត​ក្បាច់​គុន​ចម្រុះ​នៅ​ឆ្នាំ​ ២០១៦​​ ជា​មួយ​គ្រូ​ហ៊ុន ច័ន្ទរាជ្យ និង គ្រូ​​បង្វឹក​សញ្ជាតិ​អាមេរិក​​ Fernando៕

ស សី ពេល​វ៉ៃ​នៅ​សង្វៀន​ ONE
ស សី ពេល​ចេញ​ដំណើរ​ទៅ​ប្រកួត​កន្លង​មក (រូបថត​ផ្តល់​ឲ្យ) ​​​

អត្ថបទ៖ ស៊ីធី

មតិយោបល់