• 2019-05-04 06:01:05
  • កីឡា​ផ្សេង​ៗ

គ្រូ​ហែល​ទឹក​សិង្ហបុរី​ សរសើរ​សិក្ខាកាម​ខ្មែរ​ខិតខំ​រៀន​សូត្រ​ និង​យក​ចិត្ត​ទុកដាក់​

  • 2019-05-04 06:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជំនាញ​មក​ពី​សិង្ហបុរី​ និង​ជា​គ្រូ​ឧបទេស​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​កីឡា​ហែល​ទឹក​ថ្នាក់​ជាតិ​រយៈ​៤​ថ្ងៃ​នេះ​ សរសើរ​សិក្ខាកាម​កម្ពុជា​ដែល​ចូលរួម​មាន​ការខិតខំ​រៀន​សូត្រ​ យក​ចិត្ត​ទុកដាក់។​

លោក ហែម​ គីរី​ អគ្គលេខាសហព័ន្ធ

លោក​ Ang Peng Wee ​គ្រូ​ឧបទេស​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​កីឡា​ហែល​ទឹក​ថ្នាក់​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ សូម​ថ្លែង​អំណរគុណ​ដល់​សិក្ខាកាម​ មន្ត្រី​បច្ចេកទេស​ទាំង​អស់​របស់​សហព័ន្ធ ​ដែល​ចំណាយ​ពេល​សិក្សា​ និង​សម្រួច​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់​តែ​រីកចម្រើន​ជាង​នេះទៅ​ទៀត។​ នេះ​ជា​ការ​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​មន្ត្រី​បច្ចេកទេស ​ដើម្បី​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី៤៣​ ខាង​មុខ​នេះ​ រួម​ទាំង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ថែម​ទៀត​ផង។​

លោក​ Ang Peng Wee(ស្ដាំ) ទទួល​វត្ថុ​អនុស្សាវរីយ៍

អ្នក​ជំនាញ​វ័យ​៥៥ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​បាន​មក​ជួយ​បង្ហាត់​បង្រៀន​ក៏​ដូច​ជា​ចែក​រំលែក​បទ​ពិសោធ​ដល់​សិក្ខាកាម​កម្ពុជា​ឲ្យ​រឹតតែ​មាន​សមត្ថភាព​ខ្ពស់​ជាង​នេះ។​ លោក​មើល​ឃើញ​ថា​វគ្គ​សិក្សា​នេះ​ គឺ​រៀបចំ​បាន​ល្អ​មែនទែន​ពី​សំណាក់​អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ វា​ខុស​ពី​វគ្គ​សិក្សា​នៅ​ប្រទេស​ផ្សេងៗ​ដោយ​គ្រាន់​តែ​ធ្វើ​បន្តិចបន្តួច​តាម​អាង​ហែល​ទឹក​ប៉ុណ្ណោះ។​

ទិដ្ឋភាពបញ្ចប់វគ្គ

តាម​រយៈ​ការ​សិក្សា​ និង​អនុវត្ត​ផ្ទាល់​ប៉ុន្មាន​ថ្ងៃ​នេះ​ លោក​ជឿជាក់​ថា​សិក្ខាកាម​ចូលរួម​ទាំង​អស់​នេះ​មាន​សមត្ថភាព និង​អាច​ធ្វើ​ការ​រៀបចំ​ការ​ប្រកួត​បាន​ហើយ ​ព្រោះ​ជាក់ស្ដែង​ឃើញ​ថា​អាច​ចាប់​កំហុស​ឆ្គង​របស់​កីឡាករ​បាន​ច្រើន។​ សិក្ខាកាម​ចេះ​កែប្រែ​រាល់​កំហុស​របស់​ខ្លួន​អនុវត្ត​ខុស​ យ៉ាង​រីករាយ​ និង​យក​ចិត្ត​ទុកដាក់​បន្ទាប់​ពី​លោក​បាន​ប្រាប់​ ឬ​កែប្រែ​នៅ​ពេល​សិក្សា​កន្លង​ទៅ​នេះ។​

ទិដ្ឋភាពបញ្ចប់វគ្គ

រំលឹក​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​កីឡា​ហែល​ទឹក​ថ្នាក់​ជាតិ​នេះ​ធ្វើ​ឡើង​រយៈពេល​៤ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ពុធ​ ទី១​ ដល់​ទី៤​ ខែ​ឧសភា​ ២០១៩។​ សម្រាប់​គ្រូ​ឧបទេស​វិញ​គឺ​លោក​ Ang Peng Wee​ មក​ពី​ប្រទេស​សិង្ហបុរី​ និង​ជា​អ្នក​ជំនាញ​តំណាង​មក​ពីសហព័ន្ធ​ហែល​ទឹក​អាស៊ីអាគ្នេយ៍។​ សិក្ខាកាម​ចូលរួម​សរុប​៥៦​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់