• 2019-05-03 23:04:00
  • កីឡា​ផ្សេង​ៗ

មក​ដឹង​រឿង​បុរស​ខ្មែរ​ម្នាក់ ​ជិះ​កង់ឆ្លង ៥ប្រទេស បានជោគជ័យមិនដូចការគិត​

  • 2019-05-03 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ចន ខារីន​ បាន​បង្កើត​កំណត់​ត្រា​ផ្ទាល់​ខ្លួន​មួយ​​ក្នុង​ការ​ជិះ​កង់​ឆ្លង​កាត់​៥​ប្រទេស​​គឺ​កម្ពុជា​ ឡាវ​ ថៃ​ ម៉ាឡេស៊ី​ និង​ចុង​ក្រោយ​សិង្ហបុរី​ដែល​​​ត្រូវ​ពេល​២៥​ថ្ងៃ​ទើប​ឆ្លង​​ផុត​​២២​ដំណាក់​​ចម្ងាយ​៣០០០​គីឡូម៉ែត្រ​ទើប​​សម្រេច​គោល​ដៅ។

លោក ចន ខារីន ផ្តល់​បទ​សម្ភាសន៍

បុរស​វ័យ​៣៧​ឆ្នាំ​​បាន​រៀប​រាប់​ថា​ គម្រោង​​ជិះ​កង់​ឆ្លង​កាត់​៥​ប្រទេស​នេះ​កើត​ចេញ​ពី​គំនិត​ផ្ទាល់​ខ្លួន​​របស់​លោក​ដើម្បី​បង្កើត​កំណត់​ត្រា​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ លោក​មិន​បាន​​សហការ​ជា​​មួយ​អាជ្ញាធរ​​គ្រប់​តំបន់​ឆ្លង​កាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ឡើយ។

ក្រុម​ជិះកង់​ Sun Bike ផ្តល់​ពាន​ជា​កំណត់ត្រា

ដើម្បី​សម្រេច​គោល​ដៅ​នេះ​ លោក​បាន​កំណត់​ផែន​ការ​សំខាន់​ៗ​ដូច​ខាង​ក្រោម៖

ទី១៖ ពេល​វេលា​

  • ពេល​វេលា​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​សម្រេច​ជិះ​កង់​​ផ្លូវ​ឆ្ងាយ។ សួរ​ខ្លួន​ឯង​ថា​ បើ​អ្នក​ចង់​​ជិះ​កង់​ផ្លូវ​ឆ្ងាយ​ ​តើ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​​ធ្វើ​ដំណើរ​តាម​ផែន​ការ​កំណត់​ទេ​? ពេល​វេលា​ជា​តម្រូវ​ការ​ចាំ​បាច់​ទី​១។ តាម​ផែន​ការ​ លោក​ត្រូវ​​​មាន​ពេល​​២៣​ថ្ងៃ​ទើប​ឆ្លង​កាត់​​២២​ដំណាក់​ក្នុង​ចំណោម​៥​ប្រទេស​ ប៉ុន្តែ​ត្រូវ​មាន​ពេល​វេលា​​បន្ថែម​ទៀត​​ដើម្បី​ត្រៀម​​សម្រាប់​កិច្ច​ការ​ចាំ​បាច់​។ ដូច្នេះ​លោក​បាន​ត្រៀម​៣០​ថ្ងៃ​​សម្រាប់​ធ្វើ​ដំណើរ​នេះ​ ហើយ​បាន​ចំណាយ​ពេល​២៥​ថ្ងៃ​បាន​បញ្ចប់​ចម្ងាយ​៣០០០​គីឡូម៉ែត្រ​ដោយ​ជោគជ័យ។

ទី​២៖ យល់​ច្បាស់​ពី​ផែន​ទី​ធ្វើ​ដំណើរ​

  • លោក​បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្ទឹង​ត្រែង​ឆ្លង​ចូល​​ប្រទេស​ឡាវ ឆ្លង​ទៅ​​ប្រទេស​ថៃ​ ហើយ​បន្ត​ទៅ​ប្រទេស​ម៉ាឡេស៊ី​ និង​​បញ្ចប់​គោល​ដៅ​ចុង​ក្រោយ​​ប្រទេស​សិង្ហបុរី។ លោក​បាន​ពិនិត្យ​មើល​ផែន​ទី​​​នៃ​ផ្លូវ​ធ្វើ​ដំណើរ​ពី​​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ដែល​សរុប​ទាំង​អស់​មាន​២២​ដំណាក់​កាល​ស្មើ​នឹង​ចម្ងាយ​៣០០០​គីឡូម៉ែត្រ។ លោក​បាន​ត្រឡប់​ពី​ប្រទេស​សិង្ហបុរី​មក​ខ្មែរ​វិញ​តាម​ជើង​យន្តហោះ។

ទី​៣៖ ឯកសារ​ចាំ​បាច់​

  • ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​បែប​នេះ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ជា​ចាំ​បាច់។ មុន​ពេល​ធ្វើ​ដំណើរ​ត្រូវ​កំណត់​ពេល​វេលា​​​ច្បាស់​លាស់​ថា​​តើ​ ត្រូវ​ប្រើ​​ពេល​ប៉ុន្មាន​ថ្ងៃ​ទើប​ឆ្លង​កាត់​ប្រទេស​​នីមួយ​ៗ​​ស្រប​តាម​ផែន​ទី​ ហើយ​​កំណត់​គោល​ដៅ​ស្នាក់​នៅ​ច្បាស់​លាស់​ដើម្បី​បំពេញ​ឯកសារ​ឆ្លង​ដែន។

ទី​៤​៖ សម្ភារៈ​ជាប់​ខ្លួន​

  • ឧបករណ៍​​សម្រាប់​ជួល​ជុល​កង់​ ប្រសិន​បើ​កង​មាន​បញ្ហា​តាម​ផ្លូវ​ តង់​សម្រាប់​ដេក​ និង​សំលៀកបំពាក់​ដែល​សរុប​​ទាំង​អស់​ទម្ងន់​ប្រហែល​ជា​១០​គីឡូក្រាម​ ព្រម​ទាំង​ប្រាក់​សម្រាប់​ចាយ។ ចាប់​តាំង​ពី​ចេញ​ដំណើរ​រហូត​ដល់​សិង្ហបុរី​ និង​ត្រឡប់​ភ្នំពេញ​វិញ លោក​ចាយ​សន្សំសំចៃ​​​ ដូច្នេះ​អស់​ចន្លោះ​១០០០​ ទៅ​១២០០​ដុល្លារ​អាមេរិក។

សូម​ទស្សនា​វីដេអូ លោក ចន ខារីន រៀបរាប់ពី​ការ​ជិះ

សារ​សំខាន់​​របស់​បុរស​ដើម​កំណើត​ភ្នំពេញ​រូប​នេះ​គឺ​ថា​ ស្ទើរ​គ្រប់​គ្នា​បារម្ភ​រឿង​បញ្ហា​លំបាក​ខ្លាំង​ សូម្បី​តែ​រូប​លោក​ផ្ទាល់​ក៏​បារម្ភ​ដែរ​មុន​ពេល​ចេញ​ដំណើរ​ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​ទើប​​ដឹង​ថា​ ងាយ​ស្រួល​ហួស​ពី​អ្វី​ដែល​គិត។

ផ្លូវ​គ្មាន​អ្វី​ជា​បញ្ហា​ធំ ៖ ផ្លូវ​នៅ​កម្ពុជា​មិន​​មាន​បញ្ហា​ទេ​អាច​​ជិះ​បាន។ ផ្លូវ​នៅ​​ប្រទេស​ឡាវ​ ថៃ​ ធំ​ទូលាយ​ស្រួល​ជិះ​ ប៉ុន្តែ​នៅ​ម៉ាឡេស៊ី​ពិបាក​​​​ជាង​ប្រទេស​ផ្សេង​ៗ​​ដោយ​សារ​មហាវិថី​មិន​​​មាន​គំនូស​​សម្រាប់​កង់​ ដូច្នេះ​​ពេល​ខ្លះ​ត្រូវ​​​ជិះ​ផ្លូវ​ផ្សេង។

ឆ្លង​ដែន​កាន់​តែ​ស្រួល ៖ ពេល​ឆ្លង​ដែន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​កាន់​តែ​ស្រួល។ គ្រាន់​តែ​ប្រាប់​គេ​ថា​ ជិះ​កង់​ទេសចរណ៍​ពី​កម្ពុជា​ សមត្ថកិច្ច​​ព្រំ​ដែន​​បាន​ជួយ​លើក​ទឹក​ចិត្ត​ និង​លើក​មេដាយ​ជា​សញ្ញា​គាំទ្រ។

អាហារ ៖ អាហារ​ក៏​គ្មាន​បញ្ហា​អ្វី​ចោទ​ដែរ​ ប៉ុន្តែ​រឹត​តែ​ល្អ​សម្រាប់​លោក​ដែល​បាន​ទទួល​ទាន​អាហារ​​តាម​តំបន់​ដែល​ឆ្លង​កាត់។ សម្រាប់​ទឹក​ ឬ​ភេសជ្ជៈ​វិញ​គឺ​មាន​តែ​ប្រទេស​ម៉ាឡេស៊ី​មួយ​ប៉ុណ្ណោះ​ដែល​​ពិបាក​ខ្លះ​ៗ​​ ​ដោយ​សារ​ផ្លូវ​​ខ្លះ​មិន​សូវ​មាន Mini Mart ឬ​ស្ថានីយ​ប្រេង​ ប៉ុន្តែ​ប្រទេស​៤​ផ្សេង​​ទៀត​គ្មាន​បញ្ហា​ចោទ​ទេ។

លោក​ ចន ខារីន​សង្កត់​ធ្ងន់​ថា​ បញ្ហា​លំបាក​បំផុត​គឺ​​ពេល​វេលា។ តើ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​ទេ​សម្រាប់​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ច្រើន​ថ្ងៃ​ ឆ្លង​ប្រទេស? ក្រៅ​ពី​​នោះ​គ្មាន​លំបាក​ទេ​ឲ្យ​តែ​មាន​លុយ​សម្រាប់​​ចំណាយ​ និង​តាំង​ចិត្ត​ធ្វើ​ដំណើរ។ អ្វី​ដែល​ជំរុញ​ឲ្យ​​​លោក​សម្រេច​គោល​ដៅ​នេះ​​គឺ​មាន​ពេល​វេលា​គ្រប់​គ្រាប់​ ការ​ប្ដេជ្ញា​ចិត្ត​ខ្លួន​ឯង​ ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្តិ​លើ​ Facebook និង​មន្ត្រី​ព្រំ​ដែន។

សម្រាប់​ការ​ធ្វើ​ដំណើរ​នេះ​ដំបូង​​ឡើយ លោក​មាន​គ្នា​២​នាក់​ ប៉ុន្តែ​ពេល​ទៅ​ដល់​ប្រទេស​ថៃ​ ដៃ​គូ​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​បាន​វិល​ត្រឡប់​មក​ខ្មែរ​វិញ​ ដូច្នេះ​មាន​តែ​លោក​ម្នាក់​ឯង​បន្ត​ដំណើរ​ទៅ​មុខ​រហូត​ដល់​គោល​ដៅ៕

រូបភាព​ខ្លះ​ៗ​ចេញ​ដំណើរ​ពី​កម្ពុជា
រូបភាព​ខ្លះ​នៅ​លើ​ទឹក​ដី​ប្រទេស​ឡាវ
រូបភាព​ខ្លះ​ៗ​នៅ​លើ​ទឹក​ដី​ថៃ
រូបភាព​ខ្លះ​ៗ​​លើ​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី
រូប​ភាព​ខ្លះ​ៗ​នៅ​សិង្ហបុរី និង​ជួប​មន្ត្រី​ទូត​ខ្មែរ​ប្រចាំ​សិង្ហបុរី

រូបថតទាំង​អស់​​​លោក ចន ខារីន ផ្តល់​ឲ្យ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់