• 2019-04-30 06:54:39
  • កីឡា​ផ្សេង​ៗ

អង្គរក្ស Alan Mccune ជាគ្រូបង្វឹកមួយរូបដែលផ្ដល់ក្ដីស្រលាញ់ដល់គុនចម្រុះនៅកម្ពុជា

  • 2019-04-30 06:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គេ​និយាយ​អំពី​​​​គុន​ចម្រុះ​​ នោះ​​​គេ​​ត្រូវ​​នឹក​ឃើញ​ដល់​លោក​ Alan Mccune ដែល​បាន​បង្ហាត់​កូន​សិស្ស​ជិត​​ ១០០ នាក់​​​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​នៅ​ពេល​​ស្ថានីយ​​​​ទូរទស្សន៍​ល្បី​ក្នុង​ស្រុក​ ស៊ីធីអិន និង​ MyTV ​រៀប​ចំ​​ការ​ប្រកួត​ជើង​ឯក​គុន​ចម្រុះ​​ហៅ​ថា​ Khmer Warrior Challenges ​តាំង​ពី​ឆ្នាំ​​ ​២០១៣​ មក​។ ​គ្រា​​នោះ​ការ​ប្រកួត​ជើង​ឯក​បាន​កើត​ឡើង​ក្រោម​ ការ​ផ្ដួច​ផ្ដើម​របស់​​សព​លោក​ ម៉ា សេរី ​អតីត​ប្រធាន​ផ្នែក​កីឡា​ស្ថានីយ​​​ទូរទស្សន៍​ ស៊ីធីអិន ​និង​ បាន​អញ្ជើញ​​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន​ Alan ទៅ​បង្ហាត់​ជុំ​គ្នា​ដើម្បី​ប្រកួត​ជើង​ឯក។

លោក Alan Mccune

​កាល​​នោះ​​មាន​​កូន​សិស្ស​​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​​ធ្លាប់​ហ្វឹកហាត់​ជា​មួយ​​លោក​ដូចជា​ ចាន់ សំអាត, រិន សារ័ត្ន, មាស ម៉ើ និង ខុន ស៊ីចាន់ ជា​ដើម។​ លោក Alan ដែល​​បង្វឹក​ MMA តាំង​ពី​ឆ្នាំ​ ១៩៩៦ ​បាន​​ថ្លែង​ថា៖«​​ឆ្នាំ​ ២០១៣​ ជា​ឱកាស​ដំបូង​ដែល​ខ្ញុំ​បាន​បង្វឹក​​ក្បាច់​គុន​ MMA ដល់​កូន​សិស្ស​​នៅ​កម្ពុជា​​​ក្នុង​វិធី​ Khmer Warrior Challenges ដែល​រៀប​ចំ​​​ដោយ ស៊ីធីអិន និង MyTV ដែល​មាន​រយៈ​ពេល​​ ៣ ​រដូវ​កាល។ MMA ​ខុស​​ពី​គុន​ខ្មែរ​ ដោយ​សារ​តែ​មាន​ក្បាច់​ច្រើន ​ត្រូវ​ការ​ពេល​យូរ​ និង ​ត្រូវ​​ការ​ហាត់​បច្ចេកទេស​ជា​ប្រចាំ។ ​ហើយ​ខ្ញុំ​​​ក៏​រីករាយ​​ ដែល​បាន​​រួម​ចំណែក​ចូល​រួម​ធ្វើ​ឲ្យ​ MMA ​កម្ពុជា​មាន​មុខ​មាន​មាត់​ និង ​សប្បាយ​ចិត្ត​​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​រយៈ​​ពេល​ ៧ ឆ្នាំ​មក​នេះ»។ ​មិន​ត្រឹម​តែ​បង្ហាត់​គុន​ចម្រុះ​​នៅ​​ក្លឹប​ Phnom Penh MMA ​​​លោក​​ជា​​​អ្នក​គ្រប់គ្រង​​នៅ​ក្រុម​ហ៊ុន​សន្តិសុខ​អន្តរជាតិ​ (International Security Company) ប្រចាំ​នៅ​​ភ្នំពេញ​ សៀមរាប និង ​បាត់​ដំបង​ ដែល​មាន​បុគ្គលិក​​ប្រមាណ​ ១០០០ នាក់។

លោក Alan Mccune (ខាង​ឆ្វេង)

គ្រូ​បង្វឹក​វ័យ​ ៥១ ​រូប​នេះ​​សង្កត់​ធ្ងន់​ថា ​៖«​កីឡាករ​ MMA ត្រូវ​តែ​​ស្វែង​រក​គ្រូ​បង្វឹក​ត្រឹម​ត្រូវ ​ និង​យល់​ដឹង​អំពី​ក្បាច់​គុន​នេះ​ មិន​មែន​ចេះ​តែ​​យក​លុយ​ទិញ​បាន​ទេ។ ​​ខ្ញុំ​យល់​ថា​ ​កីឡាករ​​​ត្រូវ​ប្រកួត​ដើម្បី​លុយ​ ប៉ុន្តែ​គេ​ត្រូវ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ និង ត្រឹម​ត្រូវ​ដើម្បី​ទទួល​ជ័យជម្នះ​​អម​ដោយ​ប្រាក់​រង្វាន់»។​

​ទោះ​រវល់​​នឹង​ការងារ​​ក្រុម​ហ៊ុន​យ៉ាង​​ក្ដី​ លោក​មិន​បោះ​បង់​​ការ​សាបព្រួស​​ក្បាច់​គុន​ MMA ​ដល់​​កូន​សិស្ស​ឡើយ ពោល​នៅ​​​តែ​​ឆ្លៀត​​ពេល​ខ្លះ​ដើម្បី​បង្ហាត់​នៅ​ក្លឹប​ Phnom Penh MMA។ ​កូន​សិស្ស​ដែល​ហ្វឹកហាត់​ជាប់​លាប់​ជា​មួយ​លោក​ គឺ ខុន ស៊ីចាន់។ ​ក្រោយ​ផ្អាក​ឡើង​សង្វៀន​មួយ​រយៈ​ ​​​កីឡាករ​ជើង​ឯក​ Khmer Warrior Challenges ​រូប​នេះ​​បាន​លេច​មុខ​​លើ​សង្វៀន​វិញ​ជា​ពិសេស​បាន​បង្ហាញ​មុខ​លើ​​រេញ​លំដាប់​ពិភព​លោក ONE Championship ពេល​ជួប​ Rudy Agustianកាល​ខែ​ កុម្ភៈ​​​នៅ​ប្រទេស​សិង្ហបុរី។ ​

កីឡាករ ខុន ស៊ីចាន់

គួរ​ដឹង​ថា​​ ​លោក​ Alan Mccune ​​មក​រស់​នៅ​កម្ពុជា​​​រយៈ​ ៧ ឆ្នាំ​មក​ហើយ​ និង​បាន​រៀប​ការ​ជា​មួយ​ភរិយា​ជនជាតិ​ខ្មែរ​ទៀត​ផង។ ​​​ ​នៅ​កម្ពុជា​​ លោក​បង្ហាត់​​គុន​ចម្រុះ​ដំបូង​នៅ​ឆ្នាំ​ ២០១៣ ​ពេល​​ស្ថានីយ​​​ទូរទស្សន៍​ល្បី​ក្នុង​ស្រុក​ ស៊ីធីអិន និង MyTV រៀប​ចំ​​​ជើង​ឯក​គុន​ចម្រុះ​លើក​ដំបូង​​មាន​ឈ្មោះ​ថា​ Khmer Warrior Challenges។​ ​​​​​​​ចាប់​​តាំង​ពី​ឆ្នាំ​ ១៩៩៦ ​មក ​លោក​មិន​ត្រឹម​តែ​បង្ហាត់​ គុន​ចម្រុះ​ប៉ុណ្ណោះ​ទេ​ថែម​​​ទាំង​ ​​បង្ហាត់​ជីជិតស៊ូ​ , Kickboxing, Jeet Kune Do , ​និង Philipino Kali ទៀត​ផង៕ ​​ ​

អត្ថបទ៖ ស៊ីធី

មតិយោបល់