• 2019-04-22 04:24:37
  • ព័ត៌មាន

គ្រូ​ EDC ប្រាប់​ហេតុ​ផល​របូត៤គ្រាប់ដោយថ្វីជើងវិសាខា​

  • 2019-04-22 04:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អគ្គិសនី​កម្ពុជា​បាន​​ប្រកួត​ចាញ់​ក្រុម​​វិសាខា​ក្នុង​លទ្ធផល​ ៤​-​០ ​ថ្ងៃសៅរ៍​ ទី​២០ ខែ​មេសា​កន្លង​ទៅ​នេះ​​ដែល​ជា​ការ​ប្រកួត​ក្នុង​សប្តាហ៏ទី៤​នៃ​ពាន​រង្វាន់​​លីគ​​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៩​។

លោក ប្រាក់ វុទ្ធី

ការ​ប្រកួត​​ ក្រុម​ម្ចាស់​​ផ្ទះ​​បាន​ដាក់​សម្ពាធ​​លើ​ក្រុម​​ភ្ញៀវ​​អគ្គិសនី​កម្ពុជា​​ដោយ​បង្កើត​ឧកាស ​និង​បើក​ការ​សម្រុក​យ៉ាង​ខ្លាំងៗ​ ផ្ទួនៗ​តែ​ម្តង។ គិត​ត្រឹម​នាទី​ទី​១២ នៃ​​វគ្គ​ទី​មួយ​​ ​វិសាខា ​បាន​បំបែក​ពង​មាន់​ដោយ​រក​បាន​មួយ​គ្រាប់​នាំ​មុខដោយ​​បាល់ ​Free-kick ធ្វើ​បាន​យ៉ាង​ល្អ​ពី​កីឡាករ​កូរ៉េ​ខាង​ជើង​​លេខ​៩ Pak Song Chol​។​

វិសាខា​​រក​បាន​១​គ្រាប់​ទៀត​ក្នុង​ដើម​វគ្គ​​ទី​២​ ដោយ​បាល់​ Free-kick ជា​លើក​ទី២​ដោយ​កីឡាករ​ជើង​ចាស់​​ ទិត្យ ឌីណា និង​គ្រាប់​បន្ត​បន្ទាប់​នៅ​នាទី​ទី៦៦ ដោយ​កីឡា​ករ​សញ្ជាតិ​ក្រិក​ Evangelos Skraparas និង​គ្រាប់​ចុង​ក្រោយ​ដែល​ជា​គ្រាប់​សរុប​លទ្ធផល​នោះ​គឺ​នៅ​នា​ទី​៧២​ដោយ​កីឡា​ករMasaaki Ideguchi។

លោក ប្រាក់​ វុទ្ធី​ គ្រូ​បង្វឹក​​អគ្គិសនី​កម្ពុជា​បាន​ថ្លែង​ថា ៖«ក្រោយ​ពី​ចូល​​ឆ្នាំ​រួច​កីឡាករ​យើង​៣​នាក់​បាត់​បង់​ការ​វឹក​ហាត់​ដូច​ជា ​​​សុ​ជា ​វី​ឡា​ កែ វណ្ណះ​ ឈុត​ សេង​ទៀង​​ដែល​​យើង​មិន​បាន​ចុះ​បញ្ជី​ក្នុង​ការ​ប្រ​កួត​។ បាត់​បង់​៣​នាក់​នេះ​យើង​បាត់​បង់​កម្លាំង​ជា​ច្រើន​ធ្វើ​​ឲ្យ​យើង​ខ្វះ​ក្នុង​តំបន់​ប្រយុទ្ធ​។ ​ដូច្នេះ​យើង​ដាក់​គោល​ដៅ​ថា​ ធ្វើ​យ៉ាង​​មិច​​សុំ​ត្រឹម​ស្មើ​ ឬ​រក្សា​គ្រាប់​បាល់​​ឲ្យ​បាន​តិច​ ប៉ុន្តែ​យើង​មិន​អាច​រក្សា​បាន​។​ ទោះបី​ជា​លទ្ធផល​​៤​-០ ក៏​យើង​សប្បាយ​ចិត្ត​​ដោយ​សារ​តែ​យើង​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ជា​មួយ​ក្រុមខ្លាំង»។

លោក ហុក សុជីវន្ត

ចំណែក​ លោក ហុក​ សុជីវន្ត​ ពេញ​ចិត្ត​នឹង​លទ្ធផល​នេះ។ លោក​ថា​ ៖«ដូច​ខ្ញុំ​បាន​និយាយ​ពី​មុន​អ៊ីចឹង​ ​សម្រាប់​ការ​ប្រ​កួត​ចូល​ឆ្នាំ​ហើយ​ បន្ទាប់​ពី​ត្រ​ឡប់​មក​វិញ​នេះ​គឺ​ថា​ស្ថិត​លើ​ក្រុម​ណា​ដែល​ថែ​រក្សា​កម្លាំង​បាន​ល្អ​ជាង​គឺ​ក្រុម​នោះ​មាន​លទ្ធភាព​ជាង»។

លោក​បន្ត​​ថា​ ​ផល​ពិបាក​​នោះ​គឺ​ក្រុម​ EDC​ លេង​​ក្បួន​​ការពារ​ហើយ​ទុក​តែ​ម្នាក់​តែ​ប៉ុណ្ណេះ​សម្រាប់​វាយ​បក​​នៅ​តំបន់​ប្រយុទ្ធ​ដែល​ធ្វើ​​​ឲ្យ​​មាន​ការ​ពិបាក​​សម្រាប់ក្រុម​របស់​លោក ប៉ុន្តែ​យ៉ាង​ណា​ វិសាខា​នៅ​តែ​ធ្វើ​បាន​ល្អ​ក្នុង​វគ្គ​​ទី​២ ដោយ​ទទួល​បាន​លទ្ធផល​ឈ្នះ ៤-០។ ការ​ប្រកួត​ដែល​ទទួល​បាន​ជ័យជម្នះ​សប្តាហ៍​នេះ​មិន​អាច​ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​ប្រកួត​មុន​ៗ​បាន​ទេ​ ពី​ព្រោះ​ការ​ប្រកួត​ដែល​ជួប​ក្រុម​គ្មាន​កីឡាករ​បរទេស​ងាយ​ស្រួល​ជាង។

ប្រកួត​បន្ទាប់​ក្នុង​សប្តាហ៍​ទី​៥​ អគ្គិសនី​កម្ពុជា​ត្រូវ​ប៉ះ​ព្រះ​ខ័នរាជ​ស្វាយរៀង ហើយ​ វិសាខា​ត្រូវ​ប៉ះអង្គរថាយហ្គឺ​រក្នុង​ទឹកដី​ខេត្ត​សៀម​រាប។

លទ្ធផល​​ថ្ងៃ​សៅរ៍​ ទី​២០ មេសា​ ២០១៩​

  • ​អាស៊ី​អឺរ៉ុប​ ២-១ គីរី​វង់​សុខ​សែន​ជ័យ​ ម៉ោង​៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​ស្ពត​ផាក​
  • យុវជន​១៨​ឆ្នាំ​បាទី​ ០-៦ អង្គរថាយហ្គឺរ​ ម៉ោង​៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​បាទី​
  • វិសាខា​ ៤-០ អគ្គិសនី​កម្ពុជា​ ម៉ោង​៦​ល្ងាច​ នៅ​ទី​លាន​វិសាខា​

លទ្ធផល​ថ្ងៃ​អាទិត្យ​​ ទី​២១ មេសា​ ២០១៩​

  • ខេត្ត​កំពង់ចាម ០​-៧ ​បឹងកេត ម៉ោង ៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់​
  • ប៉ូលិស​ ២-៤ ​ក្រសួង​ការពារ​ជាតិ​ ម៉ោង​ ៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​អគ្គិសនី​កម្ពុជា​
  • សូលទីឡូអង្គរ​ ០-១ ​ណាហ្គាវើល​ ម៉ោង​ ៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​ខេត្ត​សៀមរាប​
  • ព្រះ​ខ័នរាជ​ស្វាយរៀង​ ៥-១ ​ភ្នំពេញ​ក្រោន​ ម៉ោង​ ៦​ល្ងាច​ នៅ​ទី​លាន​ខេត្ត​ស្វាយរៀង​ ​

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់