• 2019-04-20 01:49:34
  • បាល់ទាត់

រាប់​ពី Torres, Falcao, Morata តើ​ Higuain ស្ថិត​នៅ​ចំណាត់​ថ្នាក់ណា​​របស់​ Chelsea?

  • 2019-04-20 01:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gonzalo Higuain ខ្ចី​ជើង​ពី AC Milan កាល​ពី​ខែ​មករា​មក​ជំនួស​ Alvaro Morata ដែល​ធ្វើ​មិន​បាន​ល្អ​ហើយ​បាន​ចាកចេញ​ពី Chelsea ទៅ​កាន់ Atletico Madrid ។

កីឡាករ​អាហ្សង់ទីន​រូប​នេះ​នឹង​ស្នង​ Morata ខណៈ​ដែល​អាវ​លេខ​៩​ប្រៀប​បី​ដូចជា​បណ្ដាសា​នៅ​ក្លឹប​តោ​ខៀវ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

Fernando Torres, Radamel Falcao និង Morata សុទ្ធ​តែ​​គ្មាន​រាសី​ទាល់​តែ​សោះ ហើយ​ Higuain ហាក់​ដូច​ជា​កំពុង​ដើរ​តាម​គន្លង​របស់​ពួកគេ​​ផង​ដែរ។

Higuain ជា​ខ្សែប្រយុទ្ធ​គ្មាន​អ្នកណា​អាច​បញ្ឍប់​បាន​កាល​នៅ Napoli ដោយ​ស៊ុត​បញ្ចូល​ទី ៤៣ គ្រាប់​ក្នុង​១​រដូវកាល​មុន​ពេល​ទៅ​កាន់​ Juventus ក្នុង​ឆ្នាំ ២០១៦។

ប៉ុន្តែ​តារា​ឆ្នើម​វ័យ ៣១ ឆ្នាំ​បាន​ស៊ុត​បញ្ចូល​ទី​ត្រឹម​តែ ៣ គ្រាប់​ចាប់តាំង​ពី​មក​ដល់​ Chelseaនៅ​ខែ​មករា ហើយ​រក​គ្រាប់​បាន​ពេល​លេង​ប៉ះ​ Fulham និង Huddersfield ដែល​ក្លឹប​ទាំង​២​នេះ​ត្រូវ​បាន​កាត់​ចេញ​ពី​ក្របខ័ណ្ឌ Premier League បាត់​ទៅ​ហើយ។

ខាង​ក្រោម​នេះ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​អាវ​លេខ​៩​នៅ​តោ​ខៀវ​ជិត​១​ទសវត្ស​ចុងក្រោយ ដែល​លេខ​នេះ​​ហាក់​បីដូច​ជា​លេខ​បណ្ដាសា​សម្រាប់​ក្លឹប​តោ​ខៀវ៖​

១ Fernando Torres ៖ ៦៥ លាន​ដុល្លារ ២០១១-១៥

​​​​​ក្រោយ​ពី​កីឡាករ​អេស្ប៉ាញ​បាន​ផ្ទេរ​ពី​ក្រុម​ហង្ស​ក្រហម​ទៅ​កាន់​តោ​ខៀវ​​កាល​ពី​ខែ​មករា​ឆ្នាំ​២០១១ Torres ក៏​បាន​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​មាន​តម្លៃ​​​ខ្លួន​ថ្លៃ​បំផុត​នៅ Premier Leauge។

ធ្លាប់​ជា​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​ទ្វីប​អឺរ៉ុប​ក្នុង​អំឡុង​ពេល​​លេង​ឲ្យ Liverpool អតីត​កីឡាករ​ពាក់​អាវ​លេខ​៩​របស់ Chelsea រក​បាន​តែ​១១​គ្រាប់​ប៉ុណ្ណោះ​ពេញ​១​រដូវ​កាល​នៅ​​ទឹកដី​ Stamford Bridge។

២ Radamel Falcao ៖ ខ្ចី​ជើង ២០១៥-១៦

Radamel Falcao ដែល​ត្រូវ​បាន​ Man Utd ខ្ចី​ជើង​ពី Monaco ហើយ​បង្ហាញ​ទម្រង់​លេង​យ៉ាប់​បំផុត​ដោយ​​ស៊ុត​បញ្ចូល​ទី​ឲ្យ​បិសាច​ក្រហម​តែ​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២៦​លើក មិន​អាច​បញ្ឍប់​ Chelsea ក្នុង​ការ​ឆក់​យក​ Falcao បន្ត​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​​បាន​ឡើយ។

ប៉ុន្តែ​កីឡាករ​ពាក់​អាវ​លេខ​៩​ថ្មី​របស់ Chelsea ក៏​លេង​កាន់​តែ​យ៉ាប់​​ពេល​មក​ដល់​​ទឹកដី Stamford Bridge ស៊ុត​បាន​តែ​១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១២​ប្រកួត ហើយ​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​កៅអី​បម្រុង​ដោយ​​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នៅ Atletico Madrid គឺ Diego Costa គឺ​​ជា​អ្នក​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន មុន​ពេល​ដែល​ Falcao ត្រលប់​ទៅ Monaco វិញ។

៣ Alvaro Morata ៖ ៧៨ លាន​ដុល្លារ ចាប់​ពី​ឆ្នាំ ២០១៧

បង្ហាញ​ខ្លួន​ដំបូង​បន្ទាប់​ពី Chelsea ទិញ​មក​ក្នុង​តម្លៃ៧៨ លាន​ដុល្លារ ​ថ្លៃ​គួរសម​ពី Real Madrid កីឡាករ Alvaro Morata ហាក់​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ស៊ុត​បញ្ចូល​ទី​៨​គ្រាប់ និង បញ្ជូន​ឲ្យ​គេ​ស៊ុត​បាន​៤​គ្រាប់​ក្នុង​ចំណោម ១១​ប្រកួត​ដំបូង​នៅ Premier League។

ក្រោយ​មក​ទម្រង់​លេង​របស់​​​កីឡាករ​វ័យ​២៦​ឆ្នាំ​ធ្លាក់​ទៅៗ រហូត​​​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ប្តូរ​អាវ​​ពី​លេខ​៩ ទៅ ២៩ ដោយ​សង្ឃឹម​ថា​នឹង​មាន​ហុងស៊ុយ​ ប៉ុន្តែ​នៅ​តែ​ដដែល។

ក្រោយ​មក​កីឡាករ​អេស្ប៉ាញ​ត្រូវ​បាន​ដាក់​ឲ្យ​​ខ្ចី​ជើង​​ទៅ​លេង​រយៈ​ពេល​១៨​ខែ​ជាមួយ​ Atletico Madridជា​អតីត​ក្លឹប​ចាស់​របស់ Morata ក្រោយ​កីឡាករ​រូប​នេះ​ចាក​ចេញ​ពី​ក្លឹប​ចាស់​របស់​ខ្លួន​អស់​រយៈ​ពេល ១២ ឆ្នាំ៕

អាន៖ Spurs ពិចារណា​លក់​កីឡាករ​១២​នាក់ រួម​នឹង Trippier ផង​ដែរ

អាន៖ ​Offside ​មាន​ប្រវត្តិ​​តាំង​ពី​ជាង​១៥០​ឆ្នាំ​មុន ព្រោះ​ខ្សែ​ប្រយុទ្ធ​ម្ខាងៗ​មាន​រហូត​ដល់ ​៨​នាក់​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់