• 2019-04-19 04:30:14
  • ប្រដាល់

ចាន់ រតនា​ ​កត់​ចំណាំ​​ក្បាច់​​ពិសេស​​របស់ Rudy Agutian មុនជួបគ្នាដើមខែក្រោយ​​

  • 2019-04-19 04:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ ចាន់ រតនា​ បាន​កត់​ចំណាំ​ចំណុច​ពិសេស​មួយ​​ចំនួន​អំពី​ ​គូ​​បដិបក្ខ​​​​កីឡាករ​ម្ចាស់​ផ្ទះ​​ Rudy Agutian ដែល​ត្រូវ​ជួប​គ្នា​នៅ​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។

ចាន់ រតនា​ ​​លើក​ឡើងពី​ចំណុច​ពិសេស​​គូ​ប្រជែង​​បែប​​​​នេះ ៖«ខ្ញុំ​បាន​​តាម​ដាន​វីដេអូ​ Rudy Agutian ​ជា​ច្រើន ​ហើយ​យល់​ឃើញ​ថា​ គាត់​មាន​កម្លាំង​​ខ្លាំង​ណាស់​ រួម​ទាំង​វីដេអូ​ កាច់​ផ្ដួល​ ខុន ស៊ីចាន់ ​ត្រឹម​ ​​១ ទឹក​ប៉ុណ្ណោះ។ ​ក្រៅ​ពី​កម្លាំង​​ ឬ ​ស៊ុហ្វ​ របស់​គាត់​ខ្លាំង​ ខ្ញុំ​មិន​ញញើត​ចំពោះ​បច្ចេកទេស​របស់​គាត់​ទេ។ ​ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ​គាត់​មាន​ពិសោធន៍​​វ៉ៃ​​នៅ​សង្វៀន​ One Championship ចំនួន ៣ ដង​​ចុង​ក្រោយ​មិន​ដែល​ចាញ់​ទេ។ ​ហើយ​​​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​​កីឡាករ​កម្ពុជា​ ខុន ស៊ីចាន់ ​គេ​ក៏​ឈ្នះ​ដែរ​នៅ​ សិង្ហបុរី ​កាល​​ខែ កុម្ភៈ។ ​​​ខ្ញុំ​ផ្ដោត​លើ​ការ​ការពារ​​កម្លាំង​បុក​របស់​គាត់​ជា​ជាង​​​ក្បាច់​របស់​​គាត់»។

កីឡាករ ចាន់ រតនា

​​​​​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​កំពុង​​ដុតដៃដុតជើង​ ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​រយៈ​ពេល​​ជាង​ ១​ ខែ​មក​នេះ​ជា​ប្រចាំ​ ដើម្បី​ត្រៀម​ប្រកួត​​ទល់​នឹង​ជើង​ខ្លាំង​របស់​ ឥណ្ឌូណេស៊ី។​ ​រតនា ​មិន​បាន​នាំ​គ្រួសារ​ទៅ​ដើរ​លេង​នៅ​ទីណា​ទេ ជា​ពិសេស​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ ក៏​ត្រូវ​សំងំ​ហ្វឹកហាត់​ស៊ុហ្វ​ដែរ​ ​ពោល​​គឺ​​​ខ្លាច​ចាញ់​កម្លាំង​ Rudy ដែល​ភាគ​ច្រើន​គេ​ផ្ដួល​គូ​ប្រកួត​ដោយ​ប្រើ​​ក្បាច់​គាប​ និង​​ឃ្លេ​​ខ្លាំង​មហាសាល។ ​ ទោះ​ជា​បែប​ណា​ក្ដី ​​​ម្ចាស់​ក្លឹប​ប្រដាល់​សិល្បៈ​​មិន​ហ៊ាន​កំណត់​ថា​​ ​ប្រើ​ក្បាច់​បែប​ណា​ដើម្បី​​ស៊ី​ Rudy ​​ក្នុង​គោល​ដៅ​​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​ ខុន ស៊ីចាន់ ​ទេ ​ប៉ុន្តែ​​​ផ្ដោត​លើ​​ក្បាច់​ណា​អាច​យក​ឈ្នះ​បាន​​ ​​និង​ មើល​តាម​កាលៈទេសៈ​ ​នៅ​លើ​សង្វៀន​រួម​នឹង​បច្ចេកទេស​វ៉ៃ​ព្រម​គ្នា។​ ​​ ​គ្រូ​បង្វឹក​ប្រ​ចាំ​​ក្លិប​សិល្បៈ​ ​សង្កត់​ធ្ងន់​​ថា ៖«​រឿង​សំខាន់​ គឺ​ ចេះ​ការពារ​ដើម្បី​កុំ​​ឲ្យ​ចូល​ក្បាច់​ឃ្លេ និង​ កម្លាំង​គាប​​ខ្លាំង​របស់​គេ។»   ទោះ​​​ជា​​ការ​ប្រកួត​​​លំ​ដាប់​អន្តរជាតិ​​កាន់​តែ​ខិត​ជិត​មក​ដល់​ ​​អ្នក​លេង​​​ក្បាច់​គុន​​យុទ្ធ​ក្រម​ខម និង គុន​ខ្មែរ​​ដដែល​នេះ​មិន​បាន​ចេញ​ទៅ​​ហ្វឹកហាត់​នៅ​​បរទេស​​ដូច​ជា ថៃ ឬ មីយ៉ាន់ម៉ា​ ​នោះ​ឡើយ​ពោល​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ​ និង​ ឆ្លៀត​​ឱកាស​មើល​​ថែ​ក្លិប​ប្រដាល់​របស់​ខ្លួន​ផង។​ ប្រសិន​បើ​មាន​ការ​ប្រកួត​លើក​ក្រោយ​ និង ​ពេល​វេលា​សមរម្យ​ណា​មួយ​នោះ​ ​​​​កីឡាករ​ជួរ​មុខ​​ក្បាច់​គុន​ចម្រុះ​រូប​នេះ​ អាច​នឹង​ទៅ​​បង្កើន​​សមត្ថភាព​ក្បាច់​គុន​នៅ​ក្រៅ​ប្រទេស​ពេល​ទទួល​បាន​​ឱកាស​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​​លើក​ក្រោយៗ​ទៀត។

កីឡាករ Rudy Agutian (រូបតត៖ONE)

​គួរ​​ដឹង​ថា​ ​ចាន់ រតនា​ មាន​កំណត់​ត្រ​ប្រកួត​លើ​សង្វៀន​​ MMA ចំនួន ​​៨ ដង​ ដែល​ក្នុង​​នោះ​ ឈ្នះ ​៥ ដង​ និង​ចាញ់​ ៣ ដង។ ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​សង្វៀន​ One Championship នៅ​ប្រទេស​ ហ្វីលីពីន​ កាល​ខែ ​ធ្នូ ឆ្នាំ​ ​២០១៨​ រតនា ​ឈ្នះ Abrou Fernandes ​ដោយ​វ៉ៃ​ឲ្យ​គូ​ប្រជែង​ចុះ​ចាញ់​ត្រឹម​ ទឹក​ទី២​ ប៉ុណ្ណោះ។ ​មិន​ត្រឹម​ជា​កីឡាករ​ប្រចាំ​សង្វៀន​​កម្រិត​ពិភព​លោក​ One Championship ​​អ្នក​លេង​​ MMA ប្រចាំ​ក្លិប​ ប្រដាល់​សិល្បៈ​រូប​នេះ​ក៏ មាន​ប្រវត្តិ​ប្រកួត​ប្រដាល់​សេរី​នៅ​កម្ពុជា​ និង​ ឡើង​​សង្វៀន​តាម​ទូរទស្សន៍​ច្រើន​ដង​ដែរ។

នៅ​ថ្ងៃ​ទី​ ៣ ឧសភា ខាង​មុខ​​នា​ប្រទេស​ ឥណ្ឌូណេស៊ី​ ​ក្រៅ​ពី​ ចាន់ រតនា ​ដែល​តំណាង​ឲ្យ​កម្ពុជា​ តតាំង​នឹង​កីឡាករ​ម្ចាស់​ផ្ទះ ​ Rudy Agutian នៅ​សង្វៀន​ ONE: FOR HONOR ​ក៏​មាន​កីឡាការិនី​ឆ្នើម​ជម្រើស​ជាតិ​​ នៅ ស្រីពៅ ​ជួប​កីឡាការិនី​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​ដែរ៕ ​

អត្ថបទ៖ ស៊ីធី

មតិយោបល់